អន្តរជាតិ
COVID-19៖ ខេត្ត​ហ៊ូ​ប៉ី ហាម​ប្រជាជន​ចេញពីផ្ទះ​, បិទ​ការរកស៊ី និង​រឹតត្បិត​ចរាចរណ៍​
17, Feb 2020 , 9:51 am        
រូបភាព
ទិដ្ឋភាពផ្លូវស្ងាត់ជ្រងំក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី។ រូបភាព AFP
ទិដ្ឋភាពផ្លូវស្ងាត់ជ្រងំក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី។ រូបភាព AFP
​អាជ្ញាធរខេត្ត​ហ៊ូ​ប៉ី នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ បាន​ដាក់ចេញ​វិធានការ​តឹងរ៉ឹង​ថែមទៀត​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ (COVID-19) ដែល​សម្លាប់​មនុស្ស​ជាង​១៧០០​ទៅហើយ​។ ករណី​ឆ្លង​វីរុស​ថ្មីៗ បន្ត​កើន​ឡើងជា​លំដាប់​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ពិសេស​ទីក្រុង​វូ​ហាន​ជាទី​ដែល​វីរុស​ផ្ទុះ​ចេញ​ដំបូង​គេ​។ ក្រោម​វិធានការ​ថ្មីៗ ប្រជាជន​ទាំងអស់ ត្រូវ​ហាម​ចេញពីផ្ទះ​បើ​គ្មាន​ករណី​ចាំបាច់​បំផុត ឡាន​ឯកជន​ក៏ត្រូវ​ហាមឃាត់​ធ្វើ​ចរាចរណ៍ ឯ​ការរកស៊ី​នានា​ត្រូវ​ផ្អាក​សិន​។​

 
​ហ៊ូ​ប៉ី ដែលជា​ខេត្ត​ភាគ​កណ្ដាល​របស់​ចិន និង​មាន​ប្រជាជន​ប្រមាណ​៦០​លាន​នាក់ រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយ​ការផ្ទុះ​ឡើង​កូ​រ៉ូ​ណាវី​រុស​នៅ​ទីក្រុង​វូ​ហាន ដែលជា​ទីក្រុង​សំខាន់​ជាងគេ​របស់​ខេត្ត​។ ក្នុង​មួយថ្ងៃ ករណី​ស្លាប់​ដោយ​ជំងឺ COVID-19 នៅក្នុង​ខេត្ត​នេះ កើន​ឡើងជា​លំដាប់​ដោយ​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែកុម្ភៈ​នេះ​មាន​អ្នកស្លាប់​១០០​នាក់​បន្ថែមទៀត​។ ការរាយការណ៍​ពី​ករណី​ឆ្លង​ថ្មីៗ​ក្នុង​ខេត្ត​ក៏មាន​ចំនួន​ច្រើន​ដែរ បើទោះជា​ករណី​ឆ្លង​ថ្មី​នៅ​តំបន់​ដទៃទៀត​របស់​ចិន បាន​ធ្លាក់ចុះ​ក្ដី​។ 
 
​ដើម្បី​ទប់ស្កាត់​ការ​រាលដាល អាជ្ញាធរខេត្ត​ហ៊ូ​ប៉ី ក៏បាន​ប្រកាស​ពី​ចំណាត់ការ​ថែមទៀត​។ ក្រោម​បទបញ្ជា​ថ្មី​ដែល​ប្រកាស​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ រាល់​ការរកស៊ី​ទាំងអស់ នឹងត្រូវ​បិទ​សិន ហើយ​ប្រជាជន​ទាំងអស់​ក្នុង​ខេត្ត មិន​ថា​ទីក្រុង ឬ​ជនបទ​ឡើយ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចេញពីផ្ទះ ឬ​ភូមិ​របស់​ពួកគេ​ឡើយ​។ ចំណែកឯ​រថយន្ត​ដែល​ចេញចូល​ភូមិ ឬ​សហគមន៍​រស់នៅ​នានា និង​អ្នក​សួរសុខទុក្ខ​ដែល​មិនចាំបាច់ ក៏ត្រូវ​មិនបាន​អនុញ្ញាត​ដែរ​។​
 
​ជាមួយគ្នានេះ អាជ្ញាធរ ក៏​ហាម​រាល់​យានជំនិះ​ទាំង​អស់ពី​ការធ្វើ​ចរាចរណ៍​លើផ្លូវ​។ ករណី​លើកលែង នឹងត្រូវ​អនុវត្ត​លើ​ឡាន​ប៉ូលិស ឡាន​សង្គ្រោះបន្ទាន់ ឡាន​ដឹកទំនិញ​ចាំបាច់ និង​ឡាន​ដែលមាន​ការអនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​។ រដ្ឋាភិបាល​ខេត្ត​ហ៊ូ​ប៉ី ក៏​ចេញ​បញ្ញត្តិ​កំណត់​ចំនួន​មនុស្ស​នៅតាម​ហាង​ទំនិញ​នានា​។ មនុស្ស​មួយចំនួន​ប៉ុណ្ណោះ នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ដើរហើរ​ចេញពីផ្ទះ​ពួកគេ​ដើម្បី​ទិញ​សម្ភារ និង​អាហារ​ចាំបាច់​សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​។​
 
«​ការគ្រប់គ្រង​ជំងឺឆ្លង​ក្នុង​ខេត្ត បាន​ចូលដល់​ដំណាក់​សំខាន់ និង​លំបាក​។​» រដ្ឋាភិបាល​ខេត្ត​ហ៊ូ​ប៉ី​និយាយ​បែបនេះ​ក្នុងការ​ប្រកាស​បម្រាមរ​បស់​ខ្លួន​។ បន្ថែម​ពីលើ​នេះ ខេត្ត​ហ៊ូ​ប៉ី ក៏​ស្នើ​ឲ្យ​ហាង​ទំនិញ​ដែល​មិនចាំបាច់​បិទ​ដំណើរ​អាជីវកម្ម​របស់​ខ្លួន​សិន ហើយ​ព្រឹ​ត្ត​ការណ៍​សាធារណៈ​ទាំងអស់ គួរតែ​លុបចោល​ផងដែរ​អំឡុង​ពេលនេះ​។ ម្យ៉ាងទៀត ឱសថដ្ឋាន​នានា ក៏ត្រូវ​កត់ត្រា​ព័ត៌មាន​អ្នកជំងឺ​ដូចជា​ឈ្មោះ អាសយដ្ឋាន លេខ​ទូរ​សព្ទ ស្ថានភាព​កំដៅ ដើម្បី​ងាយស្រួល​តាមដាន​ផងដែរ​។​
 
​តាមពិតទៅ វិធានការ​បែបនេះ ត្រូវបាន​អនុវត្ត​នៅតាម​ទីក្រុង​ជាច្រើន​មកហើយ​ដែរ​ដើម្បី​ទប់ស្កាត់ និង​គ្រប់គ្រង​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស​។ ប៉ុន្តែ​ចំណាត់ការ​ទ្រង់ទ្រាយ​ធំ​ដែល​អនុវត្ត​នៅ​ទូទាំង​ខេត្ត ទើប​មាននៅ​ហ៊ូ​ប៉ី​ប៉ុណ្ណោះ​។ ទីក្រុង​វូ​ហាន ដែលជា​កន្លែង​កើត​កូ​រ៉ូ​ណា​វីរុស​មុនគេ​នោះ រង​វិធានការ​ខ្លាំងជាងគេ គឺ​ទីក្រុង​ទាំងមូល​ត្រូវ​បិទ​តែម្ដង​៕

Tag:
 COVID-19
  ចិន​
  ហ៊ូ​ប៉ី​
© រក្សាសិទ្ធិដោយ thmeythmey.com