អន្តរជាតិ
អ្នកជំនាញ​សុខាភិបាល WHO ចាប់ផ្ដើម​បេសកកម្ម​នៅ​ចិន​ដើម្បី​ដោះស្រាយ​ជំងឺ COVID-19
17, Feb 2020 , 11:26 am        
រូបភាព
នាយកអង្គការសុខាភិបាលពិភពលោក Tedros Adhanom Ghebreyesus។ រូបភាព៖Reuters
នាយកអង្គការសុខាភិបាលពិភពលោក Tedros Adhanom Ghebreyesus។ រូបភាព៖Reuters
​អ្នកជំនាញ​ផ្នែក​សុខាភិបាល​អន្តរជាតិ បាន​ទៅដល់​ទៅ​រដ្ឋធានី​ប៉េកាំង និង​បាន​ជួប​ជាមួយ​អ្នកជំនាញ​ក្នុងស្រុក​ដើម្បី​ជជែក​គ្នា និង​ផ្លាស់ប្ដូរ​ចំណេះដឹង​សកល​ជុំវិញ​ករណី​ជំងឺ COVID-19 ខណៈពេល​ស្ថានភាព​ជំងឺ​នេះ​នៅពេល​ខាងមុខ មិនទាន់​អាច​ប៉ាន់ប្រមាណ​បាន​។ នេះ​បើតាម​ការអះអាង​របស់​អគ្គនាយក​អង្ក​ការ​សុខភាព​ពិភព (WHO) លោក Tedros Adhanom Ghebreyesus នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​។

 
​ករណី COVID-19 បាន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ជាច្រើន​ករណី​ក្នុង​មួយថ្ងៃៗ ទាំង​នៅក្នុង និង​ក្រៅប្រទេស​ចិន​។ បើទោះបីជា​ចំនួន​ករណី​ឆ្លង​ថ្មី​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា និង​តំបន់​ផ្សេងទៀត​នៅ​ចិន បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល ១២​ថ្ងៃ​ជាប់​គ្នា​ក៏ដោយ អ្នកជំនាញ​ពិភពលោក នៅតែ​ព្រួយបារម្ភ​ពី​ល្បឿន​នៃ​ការ​រាតត្បាត​របស់ COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ដោយសារ​គេ​មិនទាន់​រកឃើញ​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ការពារ​នៅឡើយ​។ 
 
​លោក Tedros Adhanom Ghebreyesus ប្រមុខ​អង្គការ​សុខភាព​ពិភពលោក បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា ក្រុម​អ្នកជំនាញ​អន្តរជាតិ​ជាច្រើន​នាក់ មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​មួយ ដែល​ដឹកនាំ​រួមគ្នា​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​ចិន​។ បើតាម​ការបញ្ជា​ក់រប​ស់លោក​នាយក​អង្គការ​អន្តរជាតិ​មួយ​នេះ កិច្ចប្រជុំ នឹង​ពិនិត្យមើល​កិច្ចសហការ​រួមគ្នា​ដ៏​សំខាន់ ដើម្បី​ផ្តល់​ជា​ចំណេះដឹង​សកល ជុំវិញ​ករណី​ផ្ទុះ COVID-19 នៅក្នុង​ប្រទេស​ចិន​។​
 
​ប៉ុន្តែ​លោក Tedros មិនបាន​បញ្ជាក់​លំអិត​ថា កិច្ចប្រជុំ​នៅក្នុង​ប្រទេស​ចិន​លើក​នេះ នឹងមាន​អ្វី​លើសពីនេះ​នោះឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
COVID-19 ដែល​បាន​ផ្ទុះឡើង​នៅ​ចុងឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​មាន​អ្នកជំងឺ​យ៉ាងច្រើន​។ គិត​ត្រឹម​ម៉ោង​៧ ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ អ្នកជំងឺ​នៅ​ចិន និង​ប្រទេស​ផ្សេងទៀត បាន​កើតឡើង​រហូតដល់​ប្រមាណ ៧១ ០០០​ករណី ស្របពេល​អ្នកស្លាប់​បាន​កើន​ដល់ ១៧៧២​នាក់​។ ជំងឺ COVID-19 មិន​ត្រឹមតែ​បង្ក​ឲ្យ​មាន​បញ្ហា​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក កំពុង​ជួប​បញ្ហា​ទៀតផង​។ 
 
​សូមបញ្ជាក់ថា ដើម្បី​ទប់ស្កាត់​ករណី​រាតត្បាត​នៃ​COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស អាជ្ញាធរ​ចិន បាន​បិទ​ខេត្ត​ហ៊ូ​ប៉ី​ទាំងមូល និង​ខេត្ត​ក្រុង​ផ្សេងៗ​។ ក្រៅពីនេះ ចិន​បាន​រឹត​ត្បា​ត​លើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​មួយចំនួន ក្នុង​គោលបំណង​ការពារ​ករណី​ឆ្លង​នៅក្នុង​ប្រទេស​កាន់តែ​ធំ​ឡើង​។ ក្រៅពីនេះ អាជ្ញាធរ​ចិន បាន​ដាក់ចេញ​វិធានការ​មួយចំនួន​ផ្សេងទៀត ក្នុងការ​ប្រយុទ្ធប្រឆាំង​វីរុស​ដ៏​សាហាវ​មួយ​នេះ​៕ 

Tag:
 ​ចិន​
  WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com