ជាតិ
សង្គមជាតិ
​សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​ហ្វេ​ស​ប៊ុ​ក​ដែល​ឡាយ​លក់​ឡេ ហើយ​បញ្ចេញ​កេរ្តិ៍​ខ្មាស​
17, Feb 2020 , 12:09 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ទៅ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ឲ្យ​បិទ​គណនី និង ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬ​បណ្តាញ​សង្គម​ផ្សេងទៀត ដែល​ផ្សាយ​លក់​ផលិតផល ដោយ​ការបញ្ចេញ​កេរ្តិ៍​ខ្មាស​។ បញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី នា​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​ត្រូវបាន​អ្នកស្រី កុ​ច មារ​តី អគ្គនាយិកា​រង​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​)  ស្រង់​យកទៅ​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​។

 

 
​បើតាម​សំណេរ​បស់​អ្នកស្រី កុ​ច មារ​តី ការដែល​សម្តេចនាយក​រដ្ឋមន្ត្រី ដាក់​បញ្ជា​បែបនេះ ដោយសារតែ​សម្តេច យល់ថា ការបញ្ចេញ​កេរ្តិ៍ខ្មាស​លើ​បណ្តាញ​សង្គម គឺអាច​នាំ​ឲ្យ​មានការ​ចាប់រំលោភ និង ការបំពាន​ផ្លូវភេទ​លើ​ស្ត្រី​។ 
 
​លោក មាស ប៉ូ អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ មិនទាន់​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ដោយ​លោក ប្រាប់ថា មិនទាន់​បានទទួល​ព័​មាន​នេះ និង​មិនទាន់បាន​ស្តាប់​ប្រសាសន៍​របស់​សម្តេច​។ 
​លោក អ៊ុក គឹម​សេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លើកឡើងថា បច្ចុប្បន្ន សង្គម​កម្ពុជា មិន​មែនមាន​បញ្ហា​តែ​នារី​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម ដោយ​បញ្ចេញ​កេរ្តិ៍​ខ្មាស​ប៉ុណ្ណឹង​ទេ គឺ​នៅ​បញ្ហា​ផ្សេងៗ​ទៀត ដូចជា ការ​បំភ្លៃ​ព័ត៌មាន ជាដើម ជាពិសេស ពាក់ព័ន្ធ​នឹង​រឿង​វីរុស COVID-19 ដែល​កំពុង​រីក​រាលដាល​និង​កំពុង​ល្បី​លើ​ពិភពលោក​។​
 

លោក ថ្លែងថា ចំពោះ​អ្នក​ប្រើ​បណ្តាញ​សង្គម​ក្នុងប្រទេស​កម្ពុជា ក្រសួង​ពាក់ព័ន្ធ អាច​ចាត់វិធានការ​បាន បើ​ពួកគេ ប្រើ​មិន​ត្រឹមត្រូវ តែ​ចំពោះ​អ្នក​ដែល​នៅក្រៅ​ប្រទេស គឺ​លើសពី​ព្រំដែន​របស់​ក្រសួង​និង​សមត្ថកិច្ច​កម្ពុជា​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ  នា​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដូច្នេះ​៖«​យើង ពិនិត្យមើល​តាម​ករណី​នីមួយៗ កន្លែង​ណា​ដែល​យើង មាន​សមត្ថភាព មាន​សមត្ថកិច្ច អាច​ចាត់ការ​ក្នុងស្រុក​បាន យើង​នឹងធ្វើ ហើយ​កន្លែង​ណា ដែល​យើង ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស ដូចជា​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​អីហ្នឹង យើង​នឹងធ្វើ​កិច្ចការ​តាម​ហ្នឹង​...»៕

Tag:
 ហ៊ុន សែន​
  ផលិតផល​អន​ឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com