ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានបើករដូវកាលថ្មីកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ សម្រាប់ការប្រកួតសប្តាហ៍ទី១ក្រុមនីមួយៗមានការស៊ុតបញ្ជូលទីគ្នាចំនួន១៥គ្រាប់ ដែលគ្រាប់បាល់ភាគច្រើនរកបានដោយកីឡាករបរទេស។ ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀងបានគ្រងកំពូលតារាងបណ្តោះអាសន្នក្នុងសប្តាហ៍បើកឆាកនេះ។
ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគបានបញ្ចប់ការប្រកួតសប្តាហ៍ទី១កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ សម្រាប់ការប្រកួតសប្តាហ៍បើកឆាកមានការប្រកួតចំនួន៦គូ ដោយនៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មាន៣គូ និងនៅថ្ងៃអាទិត្យមាន៣គូ។ ក្នុងចំណោមការប្រកួតទាំង៦គូ ក្រុមទាំងអស់មានការស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកចំនួន១៥គ្រាប់ ដោយគ្រាប់បាល់ភាគច្រើនរកបានដោយកីឡាករបរទេសមានរហូតដល់៩គ្រាប់។ នេះបង្ហាញឲ្យឃើញថា កីឡាករបរទេសនៅតែជា Key Player ក្នុងលីគកំពូលកម្ពុជា។
កីឡាករបរទេសទាំង៧រូប ដែលរកបានគ្រាប់នៅសប្តាហ៍ទី១រួមមានខ្សែប្រយុទ្ធ Jean Marie Privat Befolo Mbarga របស់ព្រះខ័នរាជស្វាយរៀង(១គ្រាប់), Kobayashi Daisuke (២គ្រាប់), Matheus Sauza E Silva (១គ្រាប់), Yudai Ogawa (១គ្រាប់), Mihaljevic (១គ្រាប់), Coulibaly Abdel Kader (១គ្រាប់) និង Timothy Chiemerie Okereke (២គ្រាប់)។
ជាមួយគ្នានេះ កីឡាករកម្ពុជា៦រូបរួមមាន សារ៉េត គ្រីយ៉ា, នេន សុធារ័ត្ន, ម៉ាត់ នូរុណ, ឈឹម សំបូរ, ច្រឹង ពលរដ្ឋ និង ជួន ចាន់ចាវ សម្រេចបានម្នាក់១គ្រាប់ផងដែរនៅសប្តាហ៍ទី១នេះ។
សម្រាប់លទ្ធផលប្រកួតរយៈពេលពីរថ្ងៃ គឺក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះសូលទីឡូអង្គរ ៥-១ ដើម្បីគ្រងកំពូលតារាងបណ្តោះ រីឯបឹងកេតចែកគ្នាម្នាក់១ពិន្ទុជាមួយអង្គរថាយហ្គឺរក្រោយបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន SRU ស្របពេលអាស៊ីអឺរ៉ុបយកឈ្នះគីរីវង់សុខសែនជ័យ ១-០។
នាការប្រកួតនៅកីឡដ្ឋានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទីកាលពីថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ក្រុមម្ចាស់ផ្ទះយុវជនអាយុក្រោម១៨ឆ្នាំបាទីបានបញ្ចប់ដោយគ្មានការស៊ុតបញ្ជូលទីជាមួយក្រសួងការពារជាតិ។ ចំណែកភ្នំពេញក្រោនយកឈ្នះអគ្គិសនីក្នុងលទ្ធផល ៣-០ ខណៈវិសាខាយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ២-១៕