រថយន្ត
អន្តរជាតិ
ដើម្បី​ពង្រឹង​ការទប់ស្កាត់ COVID-19 ខេត្ត​ហ៊ូ​ប៉ី ហាមឃាត់​ការប្រើ​រថយន្ត​ឯកជន​ទាំងអស់
17, Feb 2020 , 7:39 pm        
រូបភាព
ទិដ្ឋភាពដងផ្លូវដ៏ស្ងាត់ជ្រងំនៅក្រុងវូហាន ខេត្ត Hubei។ រូបថត AFP
ទិដ្ឋភាពដងផ្លូវដ៏ស្ងាត់ជ្រងំនៅក្រុងវូហាន ខេត្ត Hubei។ រូបថត AFP
ដោយ: ធីតា
​ខណៈដែល​តួលេខ​អ្នក​ឆ្លង និង​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នៅតែ​បន្ត​កើនឡើង​មិនចេះ​ឈប់​នោះ អាជ្ញាធរខេត្ត​ហ៊ូ​ប៉ី ភាគ​កណ្តាល​ប្រទេស​ចិន បានសម្រេច​បង្កើន​ការ​រឹតត្បិត​ចរាចរណ៍ ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​រថយន្ត​ឯកជន​នោះឡើយ​។​

 
​ប្រជាពលរដ្ឋ​ដែលមាន​ប្រមាណ​៦០​លាន​នាក់​នៅ​ខេត្ត​ហ៊ូ​ប៉ី ភាគ​កណ្តាល​ប្រទេស​ចិន ត្រូវ​អាជ្ញាធរ​ហាមឃាត់​ការដើរ​ហើរ​ចេញ​ក្រៅ ជាពិសេស​ការប្រើប្រាស់រ​ថ​យន្ត​ឯកជន ដោយ​បំរាម​ទាំងនេះ មិនមាន​ពេល​កំណត់​នោះឡើយ​។​
 
​បើតាម​អាជ្ញាធរ រថយន្ត​ដែល​អនុញ្ញាត​ឲ្យ​ធ្វើចរាចរ​បាន​នៅ​ខេត្ត​ហ៊ូ​ប៉ី គឺ​មានតែ​រថយន្ត​ប៉ូលិស រថយន្ត​សង្គ្រោះបន្ទាន់ រថយន្ត​ដឹក​សម្ភារ​ចាំបាច់ និង​រថយន្ត​សាធារណៈ​មួយចំនួន​ប៉ុណ្ណោះ​។​
 
​ការហាម​ប្រាម​នោះ ដោយសារតែ​អាជ្ញាធរខេត្ត​ហ៊ូ​ប៉ី ប្រឹងប្រែង​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ដែល​បាន​ផ្ទុះ​ចេញពី​ក្រុង​វូ​ហាន នៃ​ខេត្ត​ភាគ​កណ្តាល​នេះ​ផ្ទាល់ ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១៩ មក​។​
 
​ជាមួយគ្នានេះ ក្រោម​បទបញ្ជា​ថ្មី​ដែល​ប្រកាស​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ រាល់​ការរកស៊ី​ទាំងអស់ នឹងត្រូវ​បិទ​សិន ហើយ​ប្រជាជន​ទាំងអស់​ក្នុង​ខេត្ត មិន​ថា​ទីក្រុង ឬ​ជនបទ​ឡើយ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចេញពីផ្ទះ ឬ​ភូមិ​របស់​ពួកគេ​ឡើយ​។ ចំណែកឯ​រថយន្ត​ដែល​ចេញចូល​ភូមិ ឬ​សហគមន៍​រស់នៅ​នានា និង​អ្នក​សួរសុខទុក្ខ​ដែល​មិនចាំបាច់ ក៏ត្រូវ​មិនបាន​អនុញ្ញាត​ដែរ​។​
 
​រដ្ឋាភិបាល​ខេត្ត​ហ៊ូ​ប៉ី ក៏​ចេញ​បញ្ញត្តិ​កំណត់​ចំនួន​មនុស្ស​នៅតាម​ហាង​ទំនិញ​នានា​។ មនុស្ស​មួយចំនួន​ប៉ុណ្ណោះ នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ដើរហើរ​ចេញពីផ្ទះ​ពួកគេ​ដើម្បី​ទិញ​សម្ភារ និង​អាហារ​ចាំបាច់​សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​។​
 
​ក្នុង​មួយថ្ងៃ ករណី​ស្លាប់​ដោយ​ជំងឺ COVID-19 នៅក្នុង​ខេត្ត​នេះ កើន​ឡើងជា​លំដាប់​ដោយ​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែកុម្ភៈ​នេះ​មាន​អ្នកស្លាប់​១០០​នាក់​បន្ថែមទៀត​។ ការរាយការណ៍​ពី​ករណី​ឆ្លង​ថ្មីៗ​ក្នុង​ខេត្ត​ក៏មាន​ចំនួន​ច្រើន​ដែរ បើទោះជា​ករណី​ឆ្លង​ថ្មី​នៅ​តំបន់​ដទៃទៀត​របស់​ចិន បាន​ធ្លាក់ចុះ​ក្ដី​៕

Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com