អន្តរជាតិ
ជប៉ុន​៖ ពលរដ្ឋ​អាមេរិក​១៤​នាក់​ទៀត ផ្ទុក COVID-19 បន្ទាប់​ជម្លៀស​ចេញពី​នាវា Diamond Princess
17, Feb 2020 , 5:20 pm        
រូបភាព
នាវាទេសចរណ៍ Diamond Pricess។ រូបភាព៖ AP
នាវាទេសចរណ៍ Diamond Pricess។ រូបភាព៖ AP
​ក្រសួងការបរទេស​អា​មេ​រិ​កនៅ​ថ្ងៃទី​១៧ ខែកុម្ភៈ បានប្រកាសថា រកឃើញ​ពលរដ្ឋ​របស់ខ្លួន​ចំនួន ១៤​នាក់​បន្ថែមទៀត ក្នុងចំណោម​ប្រជាជន​អាមេរិក​ជាង ៣០០​នាក់ បន្ទាប់ពី​ជម្លៀស​ចេញពី​នាវា​ទេសចរណ៍ Diamond Princess​។


 
​ពលរដ្ឋ​អាមេរិក​ចំនួន ១៤​នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ​អាមេរិក​ផ្សេងទៀត ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក COVID-19 ខណៈពេល​ត្រៀម​រៀបចំ​ជម្លៀស​ទៅ​អាមេរិក​វិញ​។ យ៉ាងណាក៏ដោយ ក្រសួងការបរទេស​អា​មេ​រិ​ក បានអនុញ្ញាត​ឲ្យ​អ្នកជំងឺ​ទាំង ១៤​នាក់​នេះ ទៅ​អាមេរិក​វិញ តែ​អ្នក​ទាំងនោះ ត្រូវគេ​ដាក់​នៅក្នុង​កន្លែង​ដោយឡែក​មួយ​ក្នុង​យន្តហោះ​។ 
 
​បើតាម​សេចក្តីថ្លែងការណ៍​រួមគ្នា​រវាង​ក្រសួងការបរទេស និង​ក្រសួងសុខាភិបាល ពលរដ្ឋ ដែល​ចេញ​រោគសញ្ញា​ណាមួយ នឹងត្រូវ​គេ​ដា​ក់នៅ​កន្លែង​ជំនាញ​រោគសញ្ញា​នោះ​ក្នុង​យន្តហោះ ដើម្បី​ព្យាបាល​។ ការជម្លៀស​លើកទីមួយ​នេះ នឹងត្រូវ​ចុះចត នៅ​មូលដ្ឋាន​ទ័ពអាកាស​ក្នុង​រដ្ឋ California ដែលជា​កន្លែង​ទុក​គេ​ទុក​ជនជាតិ​អាមេរិក​ឲ្យ​នៅ​ដោយឡែក ក្នុង​រយៈពេល ១៤​ថ្ងៃ​។ ចំណែក​ជើង​ទី​២ នឹងត្រូវ​ចុះចត​នៅ​មូលដ្ឋានទ័ព​ផ្សេងទៀត ក្នុង​ទីក្រុង​San Antonio រដ្ឋ Texas​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៦ ខែកុម្ភៈ ជប៉ុន​បាន​រកឃើញ ជនជាតិ​អាមេរិក​ចំនួន ៤០​នាក់ ដែលមាន​វត្តមាន​ក្នុង​នាវា Diamond Princess រួចមកហើយ​។ 
 
​ក្រៅពី​រកឃើញ​អ្នកជំងឺ​នៅក្នុង​នាវា​ទេសចរណ៍ Diamond Princess ជប៉ុន​បាន​រកឃើញ COVIN-19 នៅក្នុង​ប្រទេស​ចំនួន ៦​ករណី​ទៀត នា​ថ្ងៃទី​១៧ ខែកុម្ភៈ ដែល​ធ្វើ​ឲ្យ​ជប៉ុន​មាន COVID-19 សរុប ៦៥​ករណី ស្របពេល​នាវា​Diamond Princess មាន​ចំនួន​សរុប ៤៥៤​ករណី​៕ 

Tag:
 ជប៉ុន​
  អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com