ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន បញ្ជាឱ្យមហាផ្ទៃ ចាត់ការករណីបែកធ្លាយវីដេអូអាសអាភាសរបស់ស្ត្រីខ្មែរ
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យក្រសួងមហាផ្ទៃ ចាត់វិធានការលើវីដេអូអាសអាភាសរបស់ស្ត្រីខ្មែរ ដែលបានបែកធ្លាយលើវេបសាយ ដើម្បីលុបបំបាត់ចោល កុំឱ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ។ លោកនាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ កុម្ភៈ។
សម្ដេច ហ៊ុន សែន បានកត់សម្គាល់ឃើញមានវីដេអូមិនគប្បីរបស់ស្ត្រីខ្មែរ ដែលបានបែកធ្លាយនៅលើបណ្ដាវេបសាយនានា ហើយធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម ។ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ដូច្នេះថា៖«ក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការរាល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ។ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់ឱ្យធ្វើបែបនោះឡើយ»។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រី ក៏បញ្ជាឱ្យក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បិទគណនី និង ទំព័រហ្វេសប៊ុក ឬបណ្តាញសង្គមផ្សេងទៀត ដែលផ្សាយលក់ផលិតផល ដោយការបញ្ចេញកេរ្តិ៍ខ្មាស។ សម្តេច យល់ថា ស្ត្រីខ្មែរ ដែលបញ្ចេញកេរ្តិ៍ខ្មាសខ្លួន ដើម្បីផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញ ឬបង្ហោះលើបណ្តាញសង្គមនេះ វាអាចនាំឱ្យមានការចាប់រំលោភ និង ការបំពានផ្លូវភេទលើស្ត្រី។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា បច្ចុប្បន្នសង្គមកម្ពុជា មិនមែនមានបញ្ហាតែនារីផ្សាយផ្ទាល់លើបណ្តាញសង្គម ដោយបញ្ចេញកេរ្តិ៍ខ្មាសប៉ុណ្ណឹងទេ គឺនៅបញ្ហាផ្សេងៗទៀត ដូចជា ការបំភ្លៃព័ត៌មាន ជាដើម ជាពិសេស ពាក់ព័ន្ធនឹងរឿងវីរុស COVID-19 ដែលកំពុងរីករាលដាលនិងកំពុងល្បីលើពិភពលោក។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ អ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះ៖«យើង ពិនិត្យមើលតាមករណីនីមួយៗ កន្លែងណាដែលយើង មានសមត្ថភាព មានសមត្ថកិច្ច អាចចាត់ការក្នុងស្រុកបាន យើងនឹងធ្វើ ហើយកន្លែងណា ដែលយើង ត្រូវសហការជាមួយក្រុមហ៊ុនបរទេស ដូចជាក្រុមហ៊ុនហ្វេសប៊ុកអីហ្នឹង យើងនឹងធ្វើកិច្ចការតាមហ្នឹង...»៕
© រក្សាសិទ្ធិដោយ thmeythmey.com