អន្តរជាតិ
ចិន ពិចារណា​លើក​ពេល​កិច្ចប្រជុំសភា​ដែល​តែងតែ​រៀបចំ​នៅ​ខែមីនា​
17, Feb 2020 , 9:39 pm        
រូបភាព
កិច្ចប្រជុំសភាប្រជាជនចិននៅខែមីនា ឆ្នាំ២០១៩ ។ រូបភាព Xinhua
កិច្ចប្រជុំសភាប្រជាជនចិននៅខែមីនា ឆ្នាំ២០១៩ ។ រូបភាព Xinhua
​ចិន នឹង​ពិចារណា​លើក​ពេល​កិច្ចប្រជុំ​ប្រចាំឆ្នាំ​សភា​របស់ខ្លួន ខណៈ​កំពុងតែ​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 ដែល​សម្លាប់​មនុស្ស​អស់​ច្រើនជាង​១៧០០​នាក់ និង​ជាង​៧​ម៉ឺន​នាក់​ទៀត​ឆ្លង​ជំងឺ​ទាំង​នៅ​ចិន​ផ្ទាល់ និង​ប្រទេស​ជាង​២០​ទៀត​នៅ​ជុំវិញ​ពិភពលោក​។ ជា​ទម្លាប់ កិច្ចប្រជុំ​ស្ថា​ប័​នីតិបញ្ញត្តិ​តែង​ធ្វើឡើង​នៅ​ដើមខែ​មីនា​ខាងមុខ ហើយ​បើ​មានការ​ពន្យារ​ពេលនោះ វា​នឹង​ក្លាយជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ​។ 

 
​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​ដើម្បី​ជជែក​លើ​ការ​សេចក្ដីព្រាង​ការសម្រេច​ចិត្ត​លើក​ពេល​ប្រជុំ​ពេញអង្គ​លើក​ទី​បី​សភា​ប្រជាជន​ចិន នីតិកាល​ទី​១៣ ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ក្រោយ​កិច្ចប្រជុំ​មួយ​របស់​ថ្នាក់ដឹកនាំ​សភា​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ​។ 
 
​អស់​ពេល​៣៥​ឆ្នាំ​មកហើយ សភា​ប្រជាជន​ចិន និង​សភា​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន តែង​ចាប់ផ្ដើម​កិច្ចប្រជុំ​របស់ខ្លួន​នៅ​អំឡុង​ដើមខែ​មីនា​។ យ៉ាងណាមិញ នៅ​ឆ្នាំ​២០២០ ចិន​កំពុង​រុំ​ព័ទ្ធ​ដោយ​ជំងឺ COVID-19 ដែល​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត ទើប​មានការ​លើកឡើង​ពី​ការពន្យារពេល​ប្រជុំ​នេះ​រយៈពេល​១០​ថ្ងៃ​សិន​។ 
 
​ការជជែក​លើ​ការ​លទ្ធភាព​ពន្យារពេល​កិច្ចប្រជុំសភា​ប្រជាជន​ដែលមាន​សមាជិក​ប្រមាណ​ពីរពាន់​នាក់ ធ្វើឡើង​ស្របពេល​ដែល​ចិន​កំពុង​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុងការ​ទប់ស្កាត់ និង​គ្រប់គ្រង​កូ​រ៉ូ​ណា​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។ ភាគរយ​ដែល​កិច្ចប្រជុំ​ដ៏​សំខាន់​ក្នុង​ប្រក្រតីទិន​នយោបាយ​របស់​ចិន ត្រូវ​លើក​ពេល​អាចមាន​ច្រើន ព្រោះ​ការជួបជុំ​មនុស្ស​ច្រើន​បែបនេះ ពិតជា​ងាយស្រួល​ណាស់​សម្រាប់​ការឆ្លង​វីរុស​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​។ 
 
​ក្រៅពី​ជជែក​លើ​ការ​សេចក្ដីព្រាង​ការសម្រេច​ចិត្ត​លើក​ពេល​ប្រជុំ​សភា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ចិន ក៏​នឹង​ជជែក​លើ​សេចក្ដីព្រាង​ការសម្រេចចិត្ត​ដើម្បី​ហាម​ជំនួញ​សត្វព្រៃ និង​ការលុបបំបាត់​ទម្លាប់​បរិភោគ​សត្វព្រៃ​ដើម្បី​ការពារ​ជីវិត​ប្រជាជន​។ នេះ​បើតាម​ការផ្សាយ​របស់ Xinhua ។ កូ​រ៉ូ​ណាវី​រុស ត្រូវគេ​ជឿថា មាន​ប្រភពពី​ទីផ្សារ​សត្វព្រៃ​មួយកន្លែង​ក្នុង​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី មុននឹង​បន្ត​ឆ្លង​ដល់​មនុស្ស រួច​ពី​មនុស្ស​ទៅ​មនុស្ស​ដូច​ស្ថានភាព​បច្ចុប្បន្ន​។​
 
​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែកុម្ភៈ អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​នាក់​១៧៧៥​នាក់ ដោយ​ខេត្ត​ហ៊ូ​ប៉ី មាន​អ្នកស្លាប់​ច្រើនជាងគេ​ដដែល​។ វីរុស បាន​រាលដាល​នៅ​ទូទាំង​ខេត្ត និង​តំបន់​របស់​ចិន ក៏ដូចជា​នៅ​ប្រទេស​ចំនួន​២៦​ទៀត​នៅ​ជុំវិញ​ពិភពលោក​៕

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com