កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ UEFA ពិន័យ Man City លោក Mourinho និយាយ​កំប្លែង​ថា​ពាន EPL ឆ្នាំ​២០១៨ ក៏​គួរ​ដក​ដែរ​
17, Feb 2020 , 10:19 pm        
រូបភាព
​លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​ក្រុម Tottenham Hotspur បាន​សួរ​សំនួរ​បែប​លេងសើច​ថា តើ​ការហាម​រយៈពេល​២​ឆ្នាំ​របស់ Manchester City នៅ Champions League ពី​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) មានន័យថា​ពួកគេ​នឹងត្រូវ​ដកហូត​តំណែង​ជើងឯក Premier League កាលពី​ឆ្នាំ ២០១៨ ដែរ​ឬ​យ៉ាងណា​។ ក្រុម​មេឃ​ខៀវ បាន​រំលោភច្បាប់​កំណត់​ហិរញ្ញវត្ថុ​លើ​ការចំណាយ (Financial Fair Play) នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។​


 
​លោក Mourinho ធ្លាប់បាន​ដឹកនាំ​ក្រុម Manchester United ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ២ ក្នុង​រដូវ​កាល ២០១៧-១៨ ដោយ​តាម​ពីក្រោយ​១៩​ពិន្ទុ​ពី​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Pep Guardiola ដែលជា​ក្រុម​ជើងឯក​។​
 
UEFA បានដាក់​ពិន័យ Man City មិន​ឲ្យ​លេង Champions League ២​រដូវ​កាល ពោល​រហូតដល់​ឆ្នាំ​២០២០ ក្រោយ​រកឃើញថា​ក្លិប​អង់គ្លេស​មួយ​នេះ បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់ «FFP» ដោយ​ពួកគេ​បាន​ចំណាយ​ប្រាក់​ច្រើន​លើស​ចំណូល​ដើម្បី​ទិញដូរ​កីឡាករ​រយៈពេល​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយនេះ​។​


 
​ជុំវិញ​ករណីនេះ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Mourinho បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី Spurs យកឈ្នះ Aston Villa ៣-២ ក្នុងជំនួប Premier League នៅ​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ​ថា​៖ «​ខ្ញុំ​មិន​ខាតបង់​អ្វី​ទេ​ត្រឹម​រយៈពេល​មួយ​នាទី​ក្នុងការ​វិភាគ​ពីអ្វី​ដែល UEFA បានធ្វើ​។ ប្រសិនបើ​ខ្ញុំ​ចូលខ្លួន​ក្នុង​រឿងនេះ​ដែរ ខ្ញុំ​នឹង​សួរថា​តើ​ក្រុម​ដែល​បញ្ចប់​ចំណាត់ថ្នាក់​ទី​២​នៅ​ឆ្នាំ ២០១៨ នេះ​នឹង​ក្លាយជា​ម្ចាស់​ជើងឯក ឬក៏​អត់​? នេះ​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​និយាយ​លេងសើច​ទៅ ខ្ញុំ​គ្រាន់តែ​រង់ចាំ​លទ្ធផល​ដោយ​ស្ងប់ស្ងាត់​»​។​
 
​អតីត​អ្នកចាត់ការ Real Madrid, Inter Milan, FC Porto បន្ថែមថា​លោក​មិន​គិតថា​នេះ​ជាការ​សម្រេចចិត្ត​ក្នុង​លក្ខខណ្ឌ​ធំ ឬក៏​តូច​នៅទេ ប៉ុន្តែ​ច្បាប់​នេះ ជា​ច្បាប់​ឬក៏​អត់​។ លោក Mourinho ចង់​បានន័យថា UEFA គួរតែ​ដកហូត​ពាន​លី​គ​កំពូល​អង់គ្លេស​ពី Man City នៅ​ឆ្នាំ​២០១៨ ដែរ ប្រសិនបើ​ដាក់ពិន័យ​ពួកគេ​នៅ​ក្របខណ្ឌ​អឺរ៉ុប​នោះ​រយៈពេល​២​រដូវ​កាលនោះ​។ ក្របខណ្ឌ Premier League ក៏ត្រូវ​តែ​បើក​ការស៊ើបអង្កេត​លើ​ករណី​ហិរញ្ញវត្ថុ​របស់ Man City ដូចគ្នា​។​
 
​ខណៈ UEFA ដាក់ទណ្ឌកម្ម​ពួកគេ ប៉ុន្តែ Man City នៅមាន​ឱកាស​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​ការសម្រេចចិត្ត​ខាងលើ​៕
 

Tag:
 UEFA
  Financial Fair Play
  Manchester City
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com