កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​អ្នកចាំទី Man Utd ដែល​រួច​ជីវិត​ក្នុង​ការធ្លាក់​យន្តហោះ​ឆ្នាំ​១៩៥៨ ស្លាប់​នៅ​អាយុ​៨៧​ឆ្នាំ​
17, Feb 2020 , 5:43 pm        
រូបភាព
​លោក Harry Gregg អតីត​អ្នកចាំទី Manchester United ដែល​បាន​សង្គ្រោះ​លោក Bobby Charlton និង​កីឡាករ​មួយចំនួនទៀត​ពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​ឆ្នាំ ១៩៥៨ បានទទួល​មរណភាព​ក្នុង​អាយុ ៨៧ ឆ្នាំ​។​


​បុរស​ជនជាតិ​អៀរ​ឡង់​រូបនេះ បាន​ចូលរួម​ជាមួយ​ក្រុម​បិសាច​ក្រហម​នៅ​ខែធ្នូ ឆ្នាំ ១៩៥៧ ក្នុងតម្លៃ ២៣៥០០​ផោន (៣០៦២១​ដុល្លារ​អាមេរិក​) ដោយ​ក្លាយជា​អ្នកចាំទី​ថ្លៃ​ជាងគេ​លើ​ពិ​លោក​។ លើសពីនេះ លោក​ថែមទាំង​ត្រូវបាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ជា​កីឡាករ​ល្អ​បំផុត​នៅឯ World Cup ឆ្នាំ​១៩៥៨​។​
 
​ក្រៅពី​តួនាទី​ជា​អ្នក​ចាំ​ដ៏​ល្អ លោក Gregg ក៏​ជាប់​ឈ្មោះ​ជា​វីរបុរស តាមរយៈ​ការជួយ​សង្គ្រោះ​មិត្ត​រួម​ក្រុម រួមទាំង​អ្នកដំណើរ​ដទៃទៀត​ដោយ​មិន​រអា​ឡើយ អំឡុងពេល​ធ្លាក់​យន្តហោះ​ដែល​ដឹក​សមាជិក​ក្រុម Man Utd ទៅកាន់​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ ដែលមាន​មនុស្ស ២៣ នាក់​បាន​ស្លាប់​។ អ្វីដែល​ពិសេស​នោះ លោក Bobby Charlton ក៏​ត្រូវបាន​សង្គ្រោះ​ដោយ​លោក Gregg នេះដែរ​។​
 
​ហេតុការណ៍​ធ្លាក់​យន្តហោះ​នោះ កើតឡើង​នៅពេលដែល​ក្រុម Man Utd ត្រូវមាន​ភារកិច្ច​ធ្វើដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម Bayern Munich ក្នុង​ក្របខណ្ឌ​អឺរ៉ុប (European Cup) ក្នុង​រដូវ​កាល​១៩៥៧-៥៨​។​
 
​ប្រវត្តិ​ក្នុងការ​ប្រកួត​កីឡាបាល់ទាត់ Gregg ធ្លាប់បាន​បង្ហាញខ្លួន ២៥ លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង ចន្លោះ​ឆ្នាំ ១៩៥៤ ដល់ ១៩៦៣​។ ក្រៅពីនេះ Gregg លេង​ឲ្យ​បិសាច​ក្រហម​៩​រដូវ​កាល ក្នុងនោះ​បង្ហាញខ្លួន​បាន​២១០​ប្រកួត មុន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Stoke City នៅ​ឆ្នាំ​១៩៦៧​។​
 
​មរណភាព​របស់លោក ត្រូវបាន​ផ្សាយ​ដោយ​មូលនិធិ​សប្បុរសធម៌ Harry Gregg ដោយ​អះអាងថា​លោក​បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ Causeway ក្នុង​ទីក្រុង Coleraine ទឹកដី​អៀរ​ឡង់​ខាងជើង​។​
 
«Gregg បានទទួល​មរណភាព​នៅក្នុង​មន្ទីរពេទ្យ​ដែលមាន​វត្តមាន​ក្រុមគ្រួសារ​ជាទី​ស្រឡាញ់​របស់គាត់​។ គ្រួសារ Gregg សូម​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ពេទ្យ Causeway សម្រាប់​ការមើល​ថែ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​»៕
 

លោក Harry Gregg អំឡុងពេលបង្ហាញខ្លួនឲ្យអៀរឡង់នៅ World Cup ឆ្នាំ១៩៥៨


Tag:
 Harry Gregg
  Bobby Charlton
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com