កីឡាអន្តរជាតិ
អន្តរជាតិ
Marega ខ្សែប្រយុទ្ធ Porto ដើរ​ចេញពី​ទីលាន ក្រោយ​លឺ​សម្រែក​«​រើសអើង​ជាតិ​សាសន៍​»
17, Feb 2020 , 11:39 pm        
រូបភាព
​ខ្សែប្រយុទ្ធ​អន្តរជាតិ​ម៉ាលី Moussa Marega របស់ FC Porto បាន​ដើរ​ចេញពី​ទីលាន​ទាំង​ខឹងសម្បា ក្រោយ​លឺ​សំឡេង​ស្រែក​បែប «​រើសអើង​ជាតិ​សាសន៍​» ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​នៅ​ទីលាន​របស់ Vitoria Guimaeres ក្នុងជំនួប​លី​គ​កំពូល​ព័រ​ទុយ​ហ្គា​ល់​នៅ​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ​។​


 
​កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ​ជា​អ្នក​ស៊ុត​គ្រាប់​ជ័យជម្នះ​នៅ​នាទី ៦០ ដោយ​ជយ​យ Porto យកឈ្នះ​លើ​អតីត​ក្រុម​ចាស់ Vitoria Guimaeres ក្នុង​លទ្ធផល ២-១ មុន​មាន​ហេតុការណ៍​កើតឡើង​ដែល​ត្រូវ​ប្តូរ​រូបគេ​ចេញ​នៅ​នាទី​៧២​។​

 
 
​តាមពិតទៅ Marega ត្រូវបាន​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​ដែលជា​អតីត​អ្នកគាំទ្រ​ខ្លួន ចំអក ដៀមដាម​តាំងពី​ពេល​ហ្វឹកហាត់​កំដៅ​សាច់ដុំ​មុន​ចាប់ផ្តើម​ការប្រកួត​ម្លេះ​។ នៅ​នាទី ៧១ ខ្សែប្រយុទ្ធ​សញ្ជាតិ​ម៉ាលី​រូបនេះ បានបង្ហាញ​សញ្ញា​ប្តូរ​ចេញទៅ​កាន់​កីឡាករ​បម្រុង និង​ដើរ​ចេញពី​ទីលាន បន្ទាប់ពី​លឺ​សម្រែក​រើសអើង​ពូជសាសន៍​ពី​ក្រុម​អ្នកគាំទ្រ​។ បើទោះបីជា​មិត្ត​រួម​ក្រុម អ្នកចាត់ការ​លោក Sergio Conceicao ក៏ដូចជា​កីឡាករ Vitoria ព្យាយាម​ឃាត់​រូបគេ​ឲ្យ​នៅ​ទីលាន​បន្ត​ក្តី ក៏ Marega មិន​ព្រម​រហូត​ត្រូវ​ប្តូរ​ចេញ​នៅ​១​នាទី​បន្ទាប់​។​
 
​នៅពេល​ដើរ​ចេញពី​ទីលាន Marega ក៏បាន​បង្ហាញ​ការខឹង​សម្បា និង​តូចចិត្ត​ដោយ​ផ្តល់​សញ្ញា​លើក​មេដៃ​ទាំងពីរ​ដាក់ចុះ​ក្រោម​ទៅកាន់​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​ផងដែរ​។ លោក​អាជ្ញាកណ្តាល បានផ្តល់​កាត​លឿង​សម្រាប់​ឥរិយាបទ​របស់ Marega នេះដែរ​។​
 
Marega ធ្លាប់​លេង​ឲ្យ Vitoria Guimaeres ចន្លោះ​ពី​ឆ្នាំ ២០១៦-២០១៧ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Porto ដោយ​ស៊ុត​បញ្ចូល​ទី​បាន​១៣​គ្រាប់ ក្នុងការ​បង្ហាញ​ខ្លូន ២៥​ប្រកួត​។​
 
​តាមរយៈ​សំណេរ​លើ​បណ្តាញ​សង្គម Instagram ក្រោយ​ហេតុការណ៍​នេះ Marega សរសេរ​ទៅកាន់​ក្រុម​ទាំងនោះ​ថា​៖«​ពួក​មនុស្ស​ល្ងីល្ងើរ​ដែល​មក​កីឡាដ្ឋាន​ដើម្បី​គ្រាន់តែ​មក​ស្រែក​រើសអើង​ជាតិ​សាសន៍​។ ហើយ​ខ្ញុំ​ក៏​អរគុណ​ដល់​អាជ្ញាកណ្តាល​ដែល​មិនបាន​ការពារ ហើយ​ផ្តល់​កាត​លឿង​ដល់​ខ្ញុំ ដោយសារ​ខ្ញុំ​ការពារ​ការរើសអើង​ពណ៌​សម្បុរ​របស់ខ្ញុំ​ដូច្នេះ​»​។​
 
Marega បន្ថែមថា រូបគេ​សង្ឃឹមថា​នឹងមិន​ជួប​អ្នក​ដែល​រើសអើង​ខ្លួន​ដូច្នេះ​នៅលើ​ទីលាន​បាល់ទាត់​ទៀត​ទេ ព្រោះ​ពួកគេ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​។​
 
​រឿងរ៉ាវ​រើសអើង​ជាតិ​សាសន៍​នៅលើ​ទីលានកីឡា​បាល់ទាត់​បែបនេះ មិនមែនជា​ករណី​ដំបូង​ឡើយ​។ កីឡាករ​ឯទៀត​ដូចជា Mario Balotelli ខ្សែប្រយុទ្ធ​ក្រុម Brescia ជួប​ហេតុការណ៍​ដូច្នេះ​ជារឿយៗ​៕



Tag:
 Moussa Marega
  FC Porto
  រើសអើង​ជាតិ​សាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com