អន្តរជាតិ
វេជ្ជបណ្ឌិត​ចិន​អះអាង​ពី​ប្រសិទ្ធភាព​ថ្នាំបុរាណ និង​ថ្នាំ​ប្រឆាំង​គ្រុនចាញ់​លើ​ការព្យាបាល COVID-19
17, Feb 2020 , 9:24 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: ថ្មីៗ
ថ្នាំបុរាណ​ចិន (TCM) ត្រូវបាន​ប្រើប្រាស់​លើ​ការព្យាបាល​អ្នកជំងឺ​ជាង​៦០០០០​នាក់ ឬ​៨៥,២​ភាគរយ​នៃ​ចំនួន​សរុប​នៃ​អ្នក​កើត​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។ មន្ត្រី​សុខាភិបាល​ចិន បាន​អះអាង​ពី​ប្រសិទ្ធភាព​លើ​ការព្យាបាល​។ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ដដែល​នេះ ក្រុម​អ្នកជំនាញ​ចិន ក៏បាន​លើកឡើង​ពី​ប្រសិទ្ធភាព​ថ្នាំ​ប្រឆាំង​គ្រុនចាញ់ Chloroquine Phosphate ផងដែរ​។ នេះ​បើតាម​ការផ្សាយ​ជា​បន្តបន្ទាប់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua។



កន្លងមក ថ្នាំ​បុរាណដែលមានឈ្មោះថា «Qingfei Paidutang» ត្រូវបាន​ប្រើ​ប្រាស់​លើ​ការព្យាបាលអ្នកជំងឺ​៧០១នាក់ នៅខេត្តចំនួន​១០ ដែល​ក្នុងនោះ ១៣០នាក់ បាន​ជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ នេះ​បើតាម​ការបញ្ជាក់​របស់លោកវេជ្ជបណ្ឌិត Li Yu មន្ត្រីម្នាក់នៅស្ថាប័នថ្នាំបុរាណជាតិចិន (TCM) ដោយ​បានអះអាងបន្ថែមពីដំណើរជាប្រក្រតីជាបន្តបន្ទាប់របស់អ្នក​ជំងឺផ្សេងទៀត។

រហូតមកដល់ពេលនេះ ថ្នាំប្រភេទបុរាណចិន ត្រូវបានប្រើប្រាស់លើ​ការព្យាបាលអ្នកជំងឺជាង៦០ ០០០ករណីនៅចិន ពោលគឺស្មើ ៨៥,២ភាគរយលើចំនួនសរុប។

ជាមួយគ្នានេះ​ផងដែរ ទីភ្នាក់ងារព័ត៌មាន Xinhua បាន​ដកស្រង់សំដីអ្នកជំនាញចិន ដែលបាន​លើកឡើងពី​ប្រសិទ្ធភាពនៃការប្រើប្រាស់ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ Chloroquine Phosphate លើការព្យាបាល COVID-19។ លោក Sun Yanrong មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ក្រុមអ្នកជំនាញ​បានយល់ព្រមជាឯកច្ឆន្ទលើការប្រើប្រាស់ថ្នាំនេះជាគោលការណ៍នៃការព្យាបាលថ្មី និង​ប្រើប្រាស់សម្រាប់ការពិសោធន៍វេជ្ជសាស្ត្រឲ្យកាន់តែទូលាយបន្ថែមទៀត៕


Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com