ជាតិ
អ្នកជិះនាវា Westerdam ៤០៦នាក់ដែលកំពុងនៅភ្នំពេញ គ្មានរោគសញ្ញា COVID-19 ឡើយ អ្នកដំណើរលើនាវា Westerdam ត្រូវបានលោកអភិបាលរាជធានីនាំមើលរាជធានីភ្នំពេញ
× ភ្ញៀវទេសចរពីនាវាអាមេរិក Westerdam ចំនួន៤០៦នាក់ ដែលបច្ចុប្បន្នស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ សុទ្ធតែមានលទ្ធផលតេស្តអវិជ្ជមាននៃជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19)។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវា Westerdam នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
Holland America Line បានបញ្ជាក់ថា ភ្ញៀវទាំង៤០៦នាក់នោះ គឺជាក្រុមទីមួយដែលទទួលបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពពីក្រសួងសុខាភិបាលកម្ពុជា ក្នុងចំណោមអ្នកដំណើរ២៥៥នាក់ និងបុគ្គលិកនាវា៧៤៧នាក់។
អ្នកដែលមានលទ្ធផលតេស្តអវិជ្ជមានត្រូវភាគីក្រុមហ៊ុន Holland America Line រៀបចំសំណុំបែបបទដើម្បីជួយឲ្យពួកគេទៅដល់ប្រទេសកំណើតវិញឆាប់រហ័ស និងសុវត្ថិភាព។ អ្នកដំណើរឈ្មោះ Christina Kerby បានសរសេរនៅលើ Twitter របស់ខ្លួនថា ប្រធានក្រុមហ៊ុន លោក Orlando Ashford ទៅស្វាគមន៍ក្រុមអ្នកដំណើរដោយផ្ទាល់ ហើយធានាអះអាងពីការជួយសម្រួលដល់ដំណើរនិវត្តន៍របស់ពួកគេ។
Holland America Line បានអះអាងពីការខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរខ្មែរ អាជ្ញាធរម៉ាឡេស៊ី ស្ថានទូត និងអង្គការអន្តរជាតិដែលពាក់ព័ន្ធដើម្បីពន្លឿនករណីនេះ ហើយក៏បានស្នើឲ្យភ្ញៀវដែលបានទៅកាន់គេហដ្ឋានរួចរាល់ បន្តតាមដានសុខភាពរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com