អន្តរជាតិ
ចិន៖ ករណីឆ្លង COVID-19 នៅតំបន់ផ្សេងក្រៅពីខេត្តហ៊ូប៉ី បន្តធ្លាក់ចុះ១៤ថ្ងៃជាប់គ្នា រូបភាព Xinhua
× ករណីឆ្លងជំងឺ COVID0-19 នៅតំបន់ និងខេត្តនានារបស់ចិនក្រៅពីខេត្តហ៊ូប៉ី បានបន្តធ្លាក់ចុះថែមទៀតនៅរយៈពេលពីរសប្ដាហ៍ចុងក្រោយ។ នេះបើតាមការអះអាងរបស់គណៈកម្មការសុខាភិបាលជាតិរបស់ចិននៅថ្ងៃទី១៨ ខែកមុៈ្ភ។ ខេត្តហ៊ូប៉ីដែលមានទីក្រុងវូហានជាទីតាំងចាប់ផ្ដើមផ្ទុះកូរ៉ូណាវីរុសដំបូងគេ នៅតែមានករណីឆ្លងខ្ទង់មួយពាន់នាក់ក្នុងមួយថ្ងៃដដែល ស្របពេលចំនួនអ្នកឆ្លងនៅក្រៅប្រទេសចិន បានកើនឡើងបន្តិចបន្តួច។
ករណីឆ្លងកូរ៉ូណាវីរុសដែលបង្កទៅជាជំងឺរលាកសួត COVID-19 នៅទូទាំងប្រទេសចិន ដោយមិនរាប់បញ្ចូលខេត្តហ៊ូប៉ី បានធ្លាក់ចុះជាលំដាប់គិតចាប់ពីថ្ងៃទី៣ ខែកុម្ភៈមក។ នៅថ្ងៃទី៣ ខែកុម្ភៈ ចំនួនករណីឆ្លងត្រូវបានរាយការណ៍ថា មានចំនួន៨៩០ករណី។ នៅថ្ងៃទី១៧ ខែកុម្ភៈ ករណីឆ្លងធ្លាក់ចុះមកត្រឹម៧៩ នៅតំបន់នានា ដោយមិនគិតខេត្តហ៊ូប៉ី។ នេះជាការធ្លាក់ចុះករណីឆ្លងកូរ៉ូណាវីរុសរយៈពេល១៤ថ្ងៃជាប់ៗគ្នា។
បើតាមទិន្នន័យរបស់គណៈកម្មការសុខាភិបាលជាតិចិន ចំនួនករណីឆ្លងកូរ៉ូណាវីរុសប្រភេទថ្មីនៅទូទាំងប្រទេសចិននៅថ្ងៃទី១៧ ខែកុម្ភៈ មាន១៨៨៦ករណី ហើយខេត្តហ៊ូប៉ីទាំងមូលមាន១៨០៧ករណី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។ ដោយឡែក អ្នកជំងឺដែលត្រូវបានព្យាបាលសះស្បើយមានចំនួន១២,៥៥២នាក់។
សូមបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី ឡើងដល់នាក់១៨៧៣នាក់ហើយ បើគិតត្រឹមម៉ោង១០ ព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ដោយខេត្តហ៊ូប៉ីនៅតែមានកំណត់ត្រាអ្នកស្លាប់ច្រើនដដែល គឺមានអ្នកស្លាប់៩៣នាក់បន្ថែម រីឯ៥នាក់ទៀតនៅខេត្តផ្សេងរបស់ចិន។ ក្រៅពីចិនដែលរាប់បញ្ចូលទាំងតៃវ៉ាន់ ម៉ាកាវ និងហុងកុងផងនោះ ករណីស្លាប់កើតឡើងនៅហ្វីលីពីន បារាំង និងជប៉ុន។
សិង្ហបុរី ជាប្រទេសឈរលើគេក្នុងតារាងប្រទេសឆ្លង COVID-19 បន្ទាប់ពីចិន ដោយមានករណីឆ្លងកើនដល់៧៧ ។ នៅជប៉ុនវិញ ករណីឆ្លងក្នុងស្រុកនៅរក្សាលំនឹងដដែល គឺ៦០ ប៉ុន្តែការឆ្លងនៅលើនាវា Diamond Princess បានឡើងដល់៤៥៤ករណីហើយ។ ប្រទេសមួយចំនួនដូចជាកូរ៉េខាងត្បូង អាមេរិក និងកាណាដា សុទ្ធតែបានបញ្ជូនយន្តហោះទៅយកពលរដ្ឋខ្លួនត្រឡប់ទៅស្រុកវិញ។ ពលរដ្ឋអាមេរិក១៤នាក់ដែលត្រូវជម្លៀសខ្លួន បានឆ្លងកូរ៉ូណាវីរុស។
ចំណែកកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែកុម្ភៈ បានប្រកាសពីកណីឆ្លងមួយទៀត ដែលចំនួនសរុបមាន៣១។ សម្រាប់តំបន់អាស៊ាន ថៃមានចំនួន៣៥ករណី ម៉ាឡេស៊ីមាន២២ វៀតណាមមាន១៦ ហ្វីលីពីនមានបី (ស្លាប់ម្នាក់) ហើយកម្ពុជាមានមួយករណី តែព្យាបាលសះស្បើយ។ អេហ្ស៊ីបឯណោះ ជាប្រទេសអាហ្វ្រិកទីមួយដែលមានករណីឆ្លងកូរ៉ូណាវីរុសនេះ៕
Tag:
ចិន
COVID-19
ហ៊ូប៉ី
© រក្សាសិទ្ធិដោយ thmeythmey.com