ជាតិ
​ទេព ច័ន្ទ​ពិសិដ្ឋ ពលរដ្ឋ​ខ្មែរ​កើត​ថ្មី អាយុ​៦០​ឆ្នាំ​
18, Feb 2020 , 3:18 pm        
រូបភាព
​ពលរដ្ឋ​ខ្មែរ ទេព ច័ន្ទ​ពិសិដ្ឋ អាយុ​ទើបបាន​ពីរ​ខែ​បានកើត​នៅលើ​បុរស​ដើមកំណើត​អេ​ស្ប៉ា​ញ​អាយុ​៦០​ឆ្នាំ​ម្នាក់​ដែល​រស់នៅ​ខេត្តបាត់ដំបង​។ លោក Enrique Figaredo Alvargonzalez បានមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​រយៈពេល​ជាង​៣០​ឆ្នាំ​ហើយ ពោលគឺ​ពី​ឆ្នាំ​១៩៨៨ ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​។ មុន​ទទួលបាន​សញ្ជាតិ​កម្ពុជា​ពី​ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បុរស​ដើមកំណើត​អេ​ស្ប៉ា​ញ ដែល​និយាយ​ភាសា​ខ្មែរ​យ៉ាងច្បាស់ បាន​គិតថា​ខ្លួន​លោក​ជា​ជនជាតិខ្មែរ​រួចទៅហើយ ព្រោះតែ​ក្តី​ស្រឡាញ់​ជនជាតិខ្មែរ និង​កម្ពុជា​។​



​នៅ​ឆ្នាំ​២០១៧ លោក Enrique Figaredo បានចាប់ផ្តើម​នីតិវិធី​ផ្លូវការ​ដើម្បី​ស្នើសុំ​ចូលសញ្ជាតិ​កម្ពុជា រហូតដល់​លោក​ទទួលបាន​ការយល់​ព្រម​កាលពី​ពីរ​ខែ​មុន ជាមួយនឹង​ឈ្មោះ​ខ្មែរ​ថា ទេព ច័ន្ទ​ពិសិដ្ឋ ដែលមាន​អត្ថន័យ​ស្រដៀង​នឹង​ឈ្មោះ​របស់លោក​ជា​ភាសា​អេ​ស្ប៉ា​ញ​។ 
 
​សូម​រលោក​ស្តាប់​បទ​សម្ភាស​រវាង​នាយ យ៉ាន និង​ជនជាតិខ្មែរ​ថ្មី​អាយុ​៦០​ឆ្នាំ ដូចខាងក្រោម​នេះ​៖ 
 
 
​សញ្ជាតូបនីយកម្ម​

​មាត្រា ៨
​ជនបរទេស​ដែល​អាច​សុំ​សញ្ជាតូបនីយកម្ម​បាន ត្រូវបំពេញ​ល័ក្ខខ័ណ្ឌ​ដូចតទៅ ៖
​១-​មាន​លិខិត​បញ្ជាក់ថា​មានគំនិត​មាយា​ទ និង សីលធម៌​ល្អ ដែល​ចេញ​ឱ្យ​ដោយ​មេឃុំ ឫ ចៅសង្កាត់​នៃ​ទីលំនៅ​របស់ខ្លួន​
​២-​មាន​លិខិត​ថ្កោលទោស​បញ្ជាក់ថា ពុំដែល​មានទោស​ពីបទ​ព្រហ្មទណ្ឌ​ណាមួយ​
​៣-​មាន​លិខិត​បញ្ជាក់ថា​ជន​នោះ​មាន​លំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់​នៅជាប់​ចំនួន​ប្រាំពីរ​ឆ្នាំ ដោយ​គិតពី​ថ្ងៃ​ដែល​បានទទួល​ប​ណ្ណ័​ស្នាក់នៅ ដែល​ចេញ​ឱ្យ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​
​៤-​មាន​លំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេល​ដាក់​ពាក្យសុំ​សញ្ជាតូបនីយកម្ម​
​៥-​ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង យល់ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះ ។  ហើយ​បង្ហាញ​ភស្តុតាង​ច្បាស់​ខ្លួន​អាច​រស់នៅ​ក្នុងសង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួលបាន​នូវ​ទំនៀម​ទំលាប់ និង ប្រពៃណី​ល្អ​របស់​ខ្មែរ​
​៦-​មាន​បញ្ញា និង កាយសម្បទា​ដែល​មិន​នាំឱ្យមាន​គ្រោះថ្នាក់ ឬ នាំឱ្យមាន​បន្ទុក​ដល់​ជាតិ​។​

​មាត្រា​១០
​ចំពោះ​ជនបរទេស​ណា​ដែល​បានទទួល​លិខិត​អនុញ្ញាតឱ្យ​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហើយ​ដែល​បាន​អនុវត្ត​គំរោង​ជាក់ស្តែង​ចំណាយ​ទុន​ចំនួន​ចាប់​ពីមួយ​ពាន់​ពីរ​រយ​ហាសិប​លាន​រៀល (១.២៥០.០០០.០០០ រៀល​) ឡើងទៅ រយៈពេល​ស្នាក់នៅ​ដែល​មានចែង​ក្នុង​ចំណុច​ទី ៣ មាត្រា ៨ នៃ​ច្បាប់​នេះ​ត្រូវបាន​លើកលែង​។​
 
​មាត្រា​១២
​ជនបរទេស​ណា​ដែល​បានធ្វើ​អំណោយ​ជា​ប្រាក់​ដល់​ថវិកាជាតិ​ចាប់​ពីមួយ​ពាន់​លាន​រៀល (១.០០០.០០០.០០០​រៀល​) ឡើងទៅ សំរាប់​ជា​ផលប្រយោជន៍​ដល់​ការស្តារ និង កសាង​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជនបរទេស​នោះ​អាច ធ្វើ​ពាក្យសុំ​ចូលសញ្ជាតិ​ខ្មែរ​បាន ក្នុងករណី​ដែល​ជន​នោះបាន​បំពេញ​ល័ក្ខខ័ណ្ឌ​ដូច​មានចែង​ក្នុង​ចំណុច​ទី ១, ទី ២, ទី ៥, និង ទី ៦ មាត្រា ៨ នៃ​ច្បាប់​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com