អ្នកនាំពាក្យ​ការងារ​៖ ទោះ​គ្មាន EBA កម្ពុជា​នៅតែ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​និង​សិទ្ធិ​កម្មករ​
ជាតិ
អ្នកនាំពាក្យ​ការងារ​៖ ទោះ​គ្មាន EBA កម្ពុជា​នៅតែ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​និង​សិទ្ធិ​កម្មករ​
18, Feb 2020 , 8:19 pm        
រូបភាព
លោក ហេង សួរ រូបភាពពីក្រសួងការងារ
លោក ហេង សួរ រូបភាពពីក្រសួងការងារ
​ភ្នំពេញ​៖ លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានលើកឡើង​ថា បើទោះបីជា​គ្មាន EBA ពី​សហភាព​អឺរ៉ុប ក៏​កម្ពុជា​បាន​តាំងចិត្ត​រួចហើយ​ថា លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​គោរព​សិទ្ធិសេរីភាព​របស់​កម្ម​ករ​និយោជិត​។ យ៉ាងណា មេ​សហជីព មើលឃើញថា បើ​សំណុំរឿង EBA ចូល​ជា​ធរមាន កម្ពុជា​នឹងរង​ផលប៉ះពាល​លើ​ការប្រកួតប្រជែង​ក្នុងការ​នាំចេញ និង​ប៉ះពាល់​ដល់​កម្លាំង​កម្មក​រ​ជាង​៣​ម៉ឺន​នាក់​។ លើសពីនេះ អ្នកបញ្ជា​ទិញ​ធំៗ ក៏​ពិចារណា​លើ​បញ្ហា​នេះដែរ ព្រោះ​រង​ផលប៉ះពាល់​បន្តបន្ទាប់​គ្នា ដោយសារ​ការសម្រេច​ដ​ក​ផ្នែក​ខ្លះ​នៃ​ការអនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​។


 
​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​ផែនការ​រួម​របស់​គម្រោង​រោងចក្រ​កាន់តែ​ល្អប្រសើរ​នៅ​កម្ពុជា (BFC) ដែល​បាន​រៀបចំឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ លោក ហេង សួរ បាន​អះអាងថា កម្ពុជា​មិនមែនជា​ប្រទេស​អាក្រក់​ដូចដែល​គេ​បាន​ចោទ​នោះទេ​។ លោក បញ្ជាក់ថា កម្ពុជា​តែងតែ​ប្រៀបធៀប​ខ្លួនឯង ជាមួយ​ប្រទេស​ដទៃ​ផ្សេងទៀត ហើយ​មាន​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) គម្រោង BFC និង​ម្ចាស់​ពាណិជ្ជសញ្ញា (Brand) ទាំងអស់​ជា​សាក្សី​។ លោក បន្តថា កម្ពុជា​អនុវត្ត​បានល្អ ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ និង​សេរីភាព​របស់​អង្គការ​វិជ្ជាជីវៈ​។​
 
​លោក ហេង សួរ បាន​លើកឡើងថា​៖«​នៅពេល​អឺរ៉ុប​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ EBA មិនមែន​ដោយសារ​កម្ពុជា​មិនបាន​ផ្ដល់​លក្ខខណ្ឌ​ដល់​ការងារ​កម្មករនិយោជិត រឺ​សិទ្ធ​សេរីភាព​ទៅ​ឲ្យ​អង្គការ​វិជ្ជាជីវៈ​នោះទេ​។ ប៉ុន្តែ​ដោយសារ​បញ្ហានយោបាយ ដែល​ប្រទេស​មួយចំនួន​តម្រូវ​ឲ្យ​កម្ពុជា​ធ្វើតាម​គោលនយោបាយ​ការបរទេស​របស់​ពួកគេ ដែលជា​ការអនុវត្ត​ស្ដង់ដា​ពីរ​។ តែ​ទោះជា​យ៉ាងណា ពួកគេ​មិនគួរ​ភ្ជាប់​លក្ខខណ្ឌ​ការងារ​ទៅនឹង​នយោបាយ​នោះឡើយ​»​។ 
 
​ជាមួយគ្នា​ដែរ អ្នកនាំពាក្យ​ក្រសួង​ការងារ បន្ថែមថា កម្ពុជា​បាន​ត្រៀម​អ្វីៗ​ជា​កញ្ចប់​រួចហើយ ដើម្បី​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​ណាមួយ ទៅលើ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា ដោយសារតែ​ការសម្រេចចិត្ត​ដោយ​អយុត្តិធម៌​នេះ​របស់​គណៈកម្មការ​អឺរ៉ុប​។ លោក សង្កត់ធ្ងន់ថា​៖«​ទោះបី​ជាមាន ឬ​គ្មាន EBA រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាំងចិត្ត​រួចហើយ​ថា ការលើកកម្ពស់​លក្ខខណ្ឌ​ការងារ ការគោរព​សេរីភាព​របស់​កម្មករ​និយោជិត គឺជា​អាទិភាព ដូច្នេះ​បានជា​កម្ពុជា​ភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​លក្ខខណ្ឌ​ការងារ​»​។​
 
​សំណុំរឿង EBA នេះ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ កាលពី​ថ្ងៃទី​១៤ កុម្ភៈ​ថា បើទោះបី​មិនទាន់​ចូល​ជា​ធរមាន ប៉ុន្តែ​ការសម្រេច​របស់​គណៈកម្មកា​រ​អឺរ៉ុប ដែល​សម្រេច​យកពន្ធ​២០​ភាគរយ លើ​មុខទំនិញ​ប្រមាណ​៤០​ប្រភេទ​នេះ គឺ​បង្ហាញ​ពី​ការ​ផលប៉ះពាល់ លើ​មុខមាត់​កម្ពុជា​រួចទៅហើយ លើ​ឆាក​អន្តរជាតិ​។ លើសពីនេះ វា នឹង​បះ​ពាល់​ដល់​ការប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង ជាពិសេស​គឺ​ប្រទេស​វៀតណាម​។ 
 
​លោក ប៉ាវ ស៊ីណា មើលឃើញថា ភាគី​កម្ពុជា​-​អឺរ៉ុប ហាក់បីដូច​នៅតែ​ចង់​បន្ត​ពិភាក្សាគ្នា លើ​ការពង្រីក​ទំនាក់ទំនង​និង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​។ លោក យល់ថា មុន​សេចក្ដីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ចូល​ជា​ធរមាន គឺជា​ឱកាសល្អ​របស់​កម្ពុជា កែប្រែ​រាល់​ចំណុច​ដែល​មិនទាន់​ល្អ ឲ្យ​ប្រសើរ​ឡើងវិញ​។ លោក និយាយថា ប្រសិនបើ​សំណុំរឿង​EBA ចូល​ជា​ធរមាន នឹងធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកប្រាក់​ប្រមាណ​១០០​លាន​ក្នុង​មួយឆ្នាំ ពី​ការយកពន្ធ​២០​ភាគរយៈ​នេះ និង​ការបាត់​បង់កម្លាំង​ការងារ​របស់​ពលរដ្ឋ​កម្ពុ​ជាជាង​៣​ម៉ឺន​នាក់​។ 
 
​ទន្ទឹមនឹងនេះ មេ​សហជីព​រូបនេះ អះអាងថា អ្នកបញ្ជា​ទិញ​ធំៗ ក៏មាន​សិទ្ធិ​រួមចំណែក​ក្នុងការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែតម្រូវ​ពី​បញ្ហា​ដែល​គណៈកម្មការ​អឺរ៉ុប​រកឃើញ​ដែរ​។ លោក បាន​ពន្យល់ថា​៖«​ប្រសិន​មិន​កែតម្រូវ​ទេ ពួក​ហ្នឹង (​អ្នកបញ្ជា​ទិញ​) ក៏​យល់ថា កំពុងតែ​រួមចំណែក​រកស៊ី​នៅ​ស្រុក​យើង វា​ក៏​រួមចំណែក​ក្នុងការ​រំលោភសិទ្ធិ​ការងារ​កម្មរ​នៅ​កម្ពុជា​ដែរ​។ នេះ​ជាការ​ធ្វើ​ឲ្យ​បាត់​មុខមាត់ របស់​ក្រុមហ៊ុន​ធំៗ​ដូចគ្នា ដូច្នេះ​វា​រង​ផលប៉ះពាល់​បន្តបន្ទាប់ ប្រសិនបើ​មានការ​ព្យួរ EBA មែន​»​។  
 
​មេ​សហជីព​ដដែល យល់ថា ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​វិ​សោធ​កម្ម​ច្បាប់​ការងារ​របស់​រដ្ឋាភិបាល ដែល​កាត់​ប្រាក់​វេន​យប់​ស្មើ​វេន​ថ្ងៃ និង​ការបញ្ឈប់​លើក​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​ចំ​ថ្ងៃ​សៅរ៍​-​អាទិត្យ​ទៅ​ថ្ងៃ​ចន្ទ​ឬ​អង្គារ គឺជា​សេនារីយោ​មួយ ក្រោយ​កម្ពុជា​គ្មាន​EBA ដើម្បី​ទាក់ទាញ​ការវិនិយោគ​៕ 

Tag:
 EBA
  អ្នកបញ្ជា​ទិញ​
  សហជីព​
© រក្សាសិទ្ធិដោយ thmeythmey.com