កីឡាអន្តរជាតិ
អន្តរជាតិ
ករណី​រើសអើង​ពូជសាសន៍​៖ FIFPRO គាំទ្រ​កីឡាករ​ដើរ​ចេញពី​ទីលាន​
18, Feb 2020 , 8:39 pm        
រូបភាព
Moussa Marega ខ្សែប្រយុទ្ធក្រុម FC Porto ដែលទទួលការប្រមាថពីក្រុមអ្នកគាំទ្រកន្លងមក
Moussa Marega ខ្សែប្រយុទ្ធក្រុម FC Porto ដែលទទួលការប្រមាថពីក្រុមអ្នកគាំទ្រកន្លងមក
​សហព័ន្ធ​កីឡាករ​បាល់ទាត់​អាជីព​ពិភពលោក (FIFPRO) នៅ​ថ្ងៃទី​១៧ កុម្ភៈ ថា ខ្លួន​គាំទ្រ​កីឡាករ ឬ​ក្រុមកីឡា​ណា​ដែល​ដើរ​ចេញពី​ទីលាន ក្នុងករណី​មានការ​រើសអើង​ជាតិ​សាសន៍​កើតឡើង​។ FIFPRO អះអាង​បែបនេះ ក្រោយ​មានការ​រើសអើង​កើត​ឡើងលើ​កីឡាករ Moussa Marega ខ្សែប្រយុទ្ធ FC Porto អំឡុង​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​ព័រទុយហ្កាល់​កាលពី​ចុង​សប្តាហ៍​។​


 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ម៉ាលី Moussa Marega បាន​រង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ តាមរយៈ​សម្រែក «​រើសអើង​ពូជសាសន៍​» ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​នៅ​ទីលាន​របស់​ក្រុម Vitoria Guimaeres នា​ជំនួប​ដែល Porto យកឈ្នះ ២-១​។ ភ្លាមៗ​ក្រោយ​លឺ​សំឡេង​ស្រែក​បែប​នោះ Marega ក៏បាន​ដើរ​ចេញពី​ទីលាន​ទាំង​ខឹងសម្បា បើទោះបី​មិត្ត​រួម​ក្រុម និង​កីឡាករ Vitoria ព្យាយាម​ឃាត់​រូបគេ​ក្តី​។​
 
​ក្នុងករណី​រើសអើង​បែបនេះ FIFPRO បានផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​សម្រាប់​កីឡាករ​ដែល​ដើរ​ចេញពី​ទីលាន​។ ស្ថាប័ន​កីឡា​ដ៏​ធំ​មួយ​នេះ​ក៏បាន​បញ្ជាក់ទៀតថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្លួន​បាន​គាំទ្រ​សម្រាប់​សកម្មភាព​បែបនេះ​។​
 
«​ដោយសារ​ការអនុវត្ត​វិធានការណ៍​ក្នុងការ​ការពារ​កីឡាករ​បាល់ទាត់​អាជីព​ហាក់​មិនទាន់មាន​ផ្លែផ្កា FIFPRO នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កីឡាករ និង​ក្រុម​ដែល​សម្រេចចិត្ត​ដើរចេញ​ពី​ទីលាន ហើយ​ថែមទាំង​នឹង​ផ្តល់ជំនួយ​ដល់​កីឡាករ​ទាំងនោះ​តាម​វិធី​ចាំបាច់​ទៀតផង​។ យើង​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​សុខុមាលភាព​របស់​កីឡាករ​ដែល​ទទួលរង​ការរើសអើង​ពណ៌​សម្បុរ​ប្រភេទ​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់ FIFPRO​។​
 
​ស្ថាប័ន​គ្រប់គ្រង​កីឡាករ​បាល់ទាត់​អាជីព​ពិភពលោក​មួយ​នេះ បន្តថា​ករណី​រើសអើង​ជាច្រើន​បានកើត​ឡើង​នាពេល​ថ្មីៗ​នេះ ស្របពេល​វិធី​សារ​ក្នុងការ​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​ក្នុង​បាល់ទាត់​នៅ​មិនទាន់បាន​អនុវត្ត​គ្រប់គ្រាន់​នៅឡើយ​ទេ ហើយក៏​មិនមាន​គោលដៅ​ច្បាស់លាស់​សម្រាប់​ការប្រឆាំង​នឹង​ទង្វើ​បែបនេះ​ដែរ​៕

Tag:
 FIFPRO
  Moussa Marega
  FC Porto
© រក្សាសិទ្ធិដោយ thmeythmey.com