អន្តរជាតិ
កូរ៉េខាងត្បូង យកយន្តហោះប្រធានាធិបតីទៅដឹកពលរដ្ឋចេញពីនាវា Diamond Princess នៅជប៉ុន នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ Kyodo
× កូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែកុម្ភៈ ប្រើប្រាស់យន្តហោះប្រធានាធិបតីដើម្បីជម្លៀសមនុស្សចំនួន ៥នាក់ចេញពីនាវា Diamond Princess ដែលចតនៅកំពង់ផែ Yokohama ប្រទេសជប៉ុន។ នៅក្នុងស្រុកវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបន្តរកឃើញករណីឆ្លង COVID-19 មួយទៀត។
បន្ទាប់ពីអាមេរិក កូរ៉េខាងត្បូង បើកប្រតិបត្តិការរបស់ខ្លួនដើម្បីជម្លៀសមនុស្ស ៥នាក់ចេញពី Diamond Princess នៅជប៉ុនម្តង។ បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង នៅក្នុងនាវាទេសចរណ៍នេះ មានជនជាតិកូរ៉េខាងត្បូងចំនួន ១៤នាក់ឯណោះ ប៉ុន្តែអ្នកទាំងនោះ មិនបានឆ្លង COVID-19 ដែលបង្កដោយកូរ៉ូណាវីរុសឡើយ។ ក្នុងចំនួន១៤នាក់នេះ មានដំណើរ ៩នាក់ និងកងនាវិក ៥នាក់។
យ៉ាងណាក៏ដោយ មានតែ៥នាក់ប៉ុណ្ណោះ នឹងត្រូវបានគេជម្លៀសតាមយន្តហោះប្រធានាធិបតី ខណៈពេល ៩នាក់ទៀត បន្តស្នាក់នៅលើនាវា។ សម្រាប់អ្នកទាំង៥នេះ នឹងត្រូវគេដាក់នៅមជ្ឈមណ្ឌលចក្តាឡីស័កមួយកន្លែង នាអាកាសយានដ្ឋានអន្តរជាតិ Incheon រយៈពេល ១៤ថ្ងៃ។ នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង Kim Gang-lip នាសន្និសីទកាសែត នៅថ្ងៃទី១៨ ខែកុម្ភៈ។
ប្រសិនគ្មានអ្វីប្រែប្រួលទេ យន្តហោះប្រធានាធិបតីមួយនេះ នឹងមកដល់កូរ៉េខាងត្បូងវិញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ។
មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺកូរ៉េខាងត្បូង ក៏បានរកឃើញ COVID-19 មួយករណីទៀតផងដែរនៅក្នុងប្រទេស ដែលធ្វើឲ្យចំនួនសរុបឡើងដល់ករណីទី ៣១។ ករណីចុងក្រោយនេះ គឺជាស្ត្រីជនជាតិកូរ៉េខាងត្បូង វ័យ៦១ឆ្នាំ ដែលរស់នៅក្នុងក្រុង Daegu ខេត្ត North Gyeongsang និងមិនបានទៅបរទេសឡើយ ក្នុងរយៈពេលថ្មីៗកន្លងមកនេះ។ ការណ៍នេះ បានធ្វើឲ្យអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ព្រួយបារម្ភជាខ្លាំងពីករណីឆ្លងដោយមិនដឹងពីប្រភពច្បាស់លាស់ និងអាចរីករាលដាលកាន់តែធំឡើងនៅក្នុងប្រទេស។
សូមបញ្ជាក់ថា មនុស្សចំនួន ៩៥៧នាក់ នៅក្នុងកូរ៉េខាងត្បូង ត្រូវបានគេដាក់នៅក្នុងមជ្ឈមណ្ឌលចក្តាឡីស័ក ដើម្បីតាមដានស្ថានភាពសុខភាព ខណៈពេលអ្នកជំងឺ COVID-19 ១០នាក់ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។ ករណីឆ្លងសរុបនៅកូរ៉េខាងត្បូងមាន៣១៕
Tag:
កូរ៉េខាងត្បូង
ជប៉ុន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com