អន្តរជាតិ
ជប៉ុន​បញ្ចប់​ការធ្វើ​រោគវិនិច្ឆ័យ​លើ​អ្នកដំណើរ​លើ Diamond Princess ខណៈ​អ្នកជំងឺ​មាន​៥៤២​នាក់​
18, Feb 2020 , 10:19 pm        
រូបភាព
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ AP
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ AP
​អ្នកដំណើរ និង​បុគ្គលិក​លើ​នាវា Diamond Princess ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​រកមើល COVID-19​រួចរាល់​អស់ហើយ​។ ចំណែក​អ្នក​ដែល​បាន​និយាយ​ជាមួយ​អ្នក​ផ្ទុក COVIN-19 នឹង​ត្រូវគេ​ដាក់​នៅក្នុង​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​សារជាថ្មី ហើយ​បុគ្គលិក​នាវា នឹង​ត្រូវគេ​តាមដាន​បន្តទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ខណៈពេល​ប្រទេស​ជាច្រើន បាន​ជម្លៀស និង​ត្រៀម​ជម្លៀស​ប្រជាជន​ចេញពី​នាវា​ទេសចរណ៍​មួយគ្រឿង​នេះ​។


 
​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន លោក Katsunobu Kato ប្រាប់​អ្នកកាសែត​ថា ជប៉ុន បានធ្វើ​រោគវិនិច្ឆ័យ​លើ​មនុស្ស​ក្នុង​នាវា​ទេសចរណ៍​រួចរាល់​អស់ហើយ មាន​អ្នកដំណើរ​ខ្លះ ក៏បាន​ចាក​ចេញពី​នាវា ហើយ​មាន​អ្នកខ្លះ ក៏​បានចេញ​លទ្ធផល​ម​ក​ច្បាស់លាស់​ដែរ​។ បើតាម​លោក​រដ្ឋមន្ត្រី កិច្ចការ​បន្ទាប់ គឺជា​ការរៀបចំ​ជម្លៀស​មនុស្ស​ចេញពី​នាវា​។ ក្នុងន័យនេះ ជប៉ុន​អនុញ្ញាត​ឲ្យ​អ្នក​គ្មាន COVID-19 តែប៉ុណ្ណោះ ទើប​អាច​ចាក​ចេញពី​នាវា​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​។ កិច្ចការ​ឲ្យ​មនុស្ស​ចាកចេញ​ពី​នាវា​នេះ អាច​ប្រើ​រយៈពេល​ពីរ ឬ​បី​ថ្ងៃ​។ 
 
​យ៉ាងណាក៏ដោយ ការអនុញ្ញាត​ឲ្យ​មនុស្ស​ចាកចេញ​ពី​នាវា​ទេសចរណ៍ Diamond Princess មិនមែន​ធ្វើឡើង​ទាំងអស់​នោះទេ ដោយមាន​ករណី​លើកលែង​មួយចំនួន​។ ក្នុងនោះ បុគ្គល ដែល​ធ្លាប់បាន​និយាយ​ទាក់ទង​ជាមួយ​អ្នកជំងឺ COVID-19 ក្នុង​នាវា ត្រូវគេ​ដាក់​ច​ត្តា​ឡី​ស័ក​ឡើងវិញ ដោយ​ចាប់​គិតពី​ថ្ងៃ ដែល​បុគ្គល​នោះ បាន​និយាយ​ជាមួយ​អ្នកជំងឺ​។ បន្ថែម​ពីលើ​នេះ កង​នាវិក ក៏​ត្រូវបាន​រំពឹងថា នឹងត្រូវ​គេ​ដា​ក់ច​ត្តា​ឡី​ស័ក​សា​ឡើងវិញ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​គិត​ត្រឹម​ថ្ងៃនេះ នាវា Diamond Princess ត្រូវបាន​គេ​រកឃើញ​មាន COVID-19 រហូតដល់ ៥៤២​ករណី​ឯណោះ​។ ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​បែបនេះហើយ ប្រទេសមួយ​ចំនួន​ដូចជា កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា បានគ្រោង​ជម្លៀស​ប្រជាពលរដ្ឋ​របស់ខ្លួន ដែល​ជាប់​នៅលើ​នាវា​នេះ​ជា​បន្តបន្ទាប់​។ អាមេរិក ដឹក​ប្រជាជន​ខ្លួន​ចេញ​ខ្លះ​ហើយ​ដែរ​៕

Tag:
 ជប៉ុន​
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com