កីឡាជាតិ
ជាតិ
ក្រោយ​ស្មើ​នៅ​ដី​ថា​យ​ហ្គឺ ថ្នាក់ដឹកនាំ​បឹងកេត វាយតម្លៃថា លី​គ​ឆ្នាំនេះ មានការ​ប្រកួតប្រជែង​ខ្លាំង​ជាង​មុន
19, Feb 2020 , 9:30 am        
រូបភាព
លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត និងស្វាមី,​ រូបភាពពីក្លិបបឹងកេត
លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត និងស្វាមី,​ រូបភាពពីក្លិបបឹងកេត
ដោយ:
​លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​បាល់ទាត់​បឹងកេត​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ដឹកនាំ​ក្លិប​ឈានទៅរក​ភាពជោគជ័យ​នៅ​ឆ្នាំនេះ​។ ការបង្ហាញ​ការប្តេជ្ញាចិត្ត​បែបនេះ ធ្វើឡើង​ក្រោយ​ក្លិប​បឹងកេត​ទទួលបាន​១​ពិន្ទុ​ពី​ការប្រកួត​ក្រៅ​ទឹកដី​ជាមួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ នា​កីឡដ្ឋាន S.R.U​។ លោកស្រី ក៏បាន​អរគុណ​ដល់​អ្នកគាំទ្រ​ផងដែរ​។

 
​ទោះបី​ក្រុម​បឹងកេត​ទទួលបាន​លទ្ធផល​មិនសូវ​ល្អ​ពី​ការប្រកួត​បើកឆាក​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រ នា​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​១​ក៏ដោយ តែ​ប្រធាន​ក្លិប​លោកស្រី ពុធ ធីតា នៅតែមាន​ការជឿជាក់​ខ្ពស់​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ​។ លោកស្រី ក៏បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ដឹកនាំ​ក្លិប​ឈានទៅរក​ភាពជោគជ័យ​នៅ​ឆ្នាំនេះ​ផងដែរ​។ 
 
«​យើង​នឹង​កាន់​ដៃ​គ្នា​ឆ្ពោះទៅមុខ​ជាមួយគ្នា ដើម្បី​ប្រជែង​យកពាន​សម្រាប់​ឆ្នាំ​២០២០ នេះ ឲ្យ​ខាងតែបាន សូមអ្នក​ទាំងអស់គ្នា​ត្រូវ​ដឹងថា យើង​ជា​គ្រួសារ​តែមួយ​»​។ លោកស្រី ពុធ ធីតា បាន​សរសេរ​សារ​បែបនេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ហើយ​ឆ្លៀត​អរគុណ​ចំពោះ​ការខិតខំ​របស់​កីឡាករ គ្រូបង្វឹក និង​ក្រុមការងារ ពិសេស​ការលើកទឹកចិត្ត និង​ផ្តល់​កម្លាំងចិត្ត​ពី​អ្នកគាំទ្រ​។ 
 
​មិន​ខុសគ្នា​ពី​លោកស្រី ពុធ ធីតា នោះទេ លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត ក៏បាន​បង្ហាញ​ជំនឿ​ស្រដៀង​គ្នា​ផងដែរ​។ អ្នកចាត់ការ​រូបនេះ​រំពឹងថា ការ​រឹតបន្តឹង​ការផ្លាស់ប្តូរ និង​ការ​នាំចូល​កីឡាករ​បរទេស នឹង​ជួយ​ស្តារ​ស្ថានការណ៍​ក្រុម​ឲ្យ​កាន់តែ​ល្អប្រសើរ បន្ទាប់ពី​ពួកគេ​ខកខាន​ឱកាស​ក្នុងការ​គ្រង​ជើងឯក​អស់​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា​។ លោក​ក៏​សង្ឃឹម​ផងដែរ​ថា ក្លិប​បឹងកេត​ដែល​ម្ចាស់​ជើងឯក​ពីរ​សម័យកាល​ជាប់​គ្នា​នៅ​ឆ្នាំ​២០១៦​និង​២០១៧ នឹង​អាច​គ្រង​ជើងឯក​សាជាថ្មី​នៅ​ឆ្នាំនេះ​។ 


កីឡាករ ម៉ាត់​ នូរុណ (ឆ្វេងទី២)អបអរសាទរក្រោយរកគ្រាប់បាល់១គ្រាប់ឲ្យបឹងកេត, រូបភាពពី CNCC
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កន្លងទៅ​លោក បែ មករា បាន​និយាយថា​៖«​ដោយសារ​លទ្ធផល​ពីរ​ឆ្នាំកន្លងមក​យើង​មិន​ទទួលបាន​ជើងឯក ដូច្នេះ​ឆ្នាំនេះ​យើង​ត្រូវ​រឹតបន្តឹង​បន្តិច​ក្នុងការ​ជ្រើសរើស​កីឡាករ​បរទេស អ៊ីចឹង​យើង​មានការ​ផ្លាស់ប្តូរ​កីឡាករ​បរទេស​មួយចំនួន និង​យកមក​ថ្មី​។ យើង​ដឹង​ហើយ​ថា ការយក​កីឡាករ​ពេលខ្លះ​ត្រូវ​ពេលខ្លះ​ខុស ជាហេតុ​ធ្វើ​ឲ្យ​យើង​ត្រូវ​រឹតត្បិត និង​ប្រយ័ត្នប្រយែង​ក្នុងការ​រើស​កីឡាករ​ឲ្យ​មានគុណ​ភាព​»​។​
 
​តែ​យ៉ាងណា​អ្នកចាត់ការ​ទូទៅ​រូបនេះ ជឿជាក់ថា ពានរង្វាន់​លី​គ​កំពូល​ឆ្នាំនេះ នឹងមាន​ការប្រកួតប្រជែង​ខ្លាំង​ជាង​ឆ្នាំមុនៗ ដ្បិត​ក្រុម​នីមួយៗ ពិសេស​ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល និង​អង្គ​រថា​យ​ហ្គឺ​រ​ជាដើម សុទ្ធតែ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ​។ 
 
​សម្រាប់​ការប្រកួត​បើកឆាក​របស់ខ្លួន​កាលពី​ថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន S.R.U ក្រុម​បឹងកេត​បាន​ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ក្រោយ​ចប់​ការប្រកួត​ជាមួយ​លទ្ធផល​ស្មើ ១-១​។ ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន Yudai Ogawa ជា​អ្នករក​គ្រាប់​នាំមុខ ១-០ ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ មុន​កីឡាករ ម៉ាត់ នូ​រុណ រក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​បឹងកេត​៕ 

Tag:
 បាល់ទាត់​
  បឹងកេត​
  ពុធ ធីតា
© រក្សាសិទ្ធិដោយ thmeythmey.com