ជាតិ
ម្ចាស់នាវា Westerdam អរគុណកម្ពុជាដែលបានទទួល និងពិនិត្យសុខភាពជូនអ្នកដំណើរខ្លួន
× លោក Orlando Ashford ប្រធានក្រុមហ៊ុន Holland America Line ម្ចាស់នាវាទេសចរណ៍ Westerdam បានអរគុណសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងអាជ្ញាធរកម្ពុជាផង ដែលបានទទួលអ្នកដំណើរលើនាវារបស់ខ្លួនយ៉ាងកក់ក្តៅ ហើយពិនិត្យជំងឺជូនថែមទៀត។ ការអរគុណនេះ ធ្វើឡើងក្នុងជំនួបរវាង សម្តេច ហ៊ុន សែន និងម្ចាស់នាវា Westerdam នៅល្ងាចថ្ងៃទី១៨ កុម្ភៈនេះ និងដែលបានផ្សាយនៅទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។
តាមប្រភពដដែល នៅក្នុងជំនួបនេះ ម្ចាស់នាវាទេសចរណ៍ Westerdam បានបញ្ជាក់ទៀតថា នៅថ្ងៃនេះ ឬថ្ងៃស្អែក នឹងមានយន្តហោះមកដឹកអ្នកដំណើរទាំងនោះត្រឡប់ទៅប្រទេសរបស់ពួកគេរៀងខ្លួន។
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានអរគុណវិញដែរ ដល់ក្រុមហ៊ុន Holland America Line ម្ចាស់នាវាទេសចរណ៍ Westerdam ដែលបានមកដល់កម្ពុជា និងអនុញ្ញាតឲ្យកម្ពុជា បានធ្វើការងារមនុស្សធម៌មួយនេះ។ គួរកត់សម្កាល់ថា ជំនួបរវាង សម្តេច ហ៊ុន សែន និងម្ចាស់នាវាWesterdam ធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីកម្ពុជា បញ្ចប់ជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com