អន្តរជាតិ
COVID-19៖ ចំនួនអ្នកស្លាប់ឡើងដល់២០១០នាក់ រូបថត៖ Xinhua
× អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់២០១០នាក់ហើយ បើគិតត្រឹមម៉ោង២ និង៥៤នាទី រសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ នេះ ដោយខេត្តហ៊ូប៉ី មានអ្នកស្លាប់១៣២នាក់បន្ថែមទៀត រីឯខេត្ត Shannxi, Guangdong, Shandong, Guizhou និងហុងកុង កើន១ករណីរៀងៗខ្លួន។
ទិន្នន័យ Tracking Coronavirus របស់ BNO News បង្ហាញផងដែរថា តួលេខអ្នកជំងឺកើនឡើងដល់ប្រមាណ៧៥ ០០០នាក់ នៅប្រទេសចំនួន២៦ ដោយភាគច្រើនបំផុតនៅចិន ជាពិសេសនៅក្រុងវូហានដែលជាកន្លែងផ្ទុះជំងឺ។ អ្នកជំងឺជាង១២ ០០០នាក់ ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងប្រមាណជិត១៥ ០០០នាក់ដូចគ្នា បានសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
បច្ចុប្បន្ន អ្នកស្លាប់១៨៦៥នាក់ស្ថិតក្នុងប្រទេសចិន ដោយភាគច្រើនបំផុតនៅក្រុងវូហាន ខេត្តហ៊ូប៉ី ហើយតំបន់រដ្ឋបាលពិសេសចិន គឺ ហុងកុង២ករណី និង តៃវ៉ាន់១ករណី។ ក្រៅពីចិន អ្នកស្លាប់៣នាក់ទៀតមាននៅបារាំង ជប៉ុន និងហ្វីលីពីន។
ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៥ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ជប៉ុន (បញ្ចូលទាំងអ្នកជំងឺនៅលើនាវាទេសចរណ៍ Diamond Princess) ថៃ សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេស្ប៉ាញ បែលហ្ស៊ិក និងអេហ្ស៊ីប៕
© រក្សាសិទ្ធិដោយ thmeythmey.com