ជាតិ
សុវត្តិភាព ចរាចរណ៍
សម្តេច ស ខេង​៖ យើង​ចង់បាន​មន្ត្រី​ចរាចរណ៍​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់ ហើយ​ពិន័យ​គ្មាន​ការយោគយល់​
19, Feb 2020 , 8:57 am        
រូបភាព
ដោយ: រួបរួម
សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានកត់សម្គាល់​ពី​ករណី​ធ្លាក់ចុះ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរកត់សម្គាល់​នា​អំឡុង​ខែកុម្ភៈ​នេះ បន្ទាប់ពី​ការកើនឡើង​យ៉ាងគំហុក​កាលពី​ឆ្នាំ​២០១៩​កន្លងមក​។ នា​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៩ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ពុធ នេះ សម្តេច​បាន​លើក​ពី​ការអនុវត្ត​ការពិន័យ​ដោយ​គ្មាន​ការយោគយល់ រួមទាំង​វិធានការ​មួយចំនួន​របស់​មន្ត្រីប៉ូលិស​ចរាចរណ៍​។​



«​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង ដោយ​រំលឹក​ពី​ករណី​ស្ត្រី​ម្នាក់​ដែល​ជិះ​ម៉ូតូ​គ្មាន​ផ្លាកលេខ ហើយ​ហ៊ាន​ប្រវាយប្រតប់​ដាក់​មន្ត្រីនគរបាល​ចរាចរណ៍ មុនពេល​ដែល​គាត់​ទទួលស្គាល់​កំហុស​របស់​ខ្លួន​។​

​សម្តេច ស ខេង បាន​អះអាងថា ប៉ូលិស​ចរាចរណ៍​នៅ​កម្ពុជា ស្លូត​ជាង​ប៉ូលិស​នៅ​បណ្តា​ប្រទេស​ជាច្រើន​ទៀត ដោយ​ពេលខ្លះ​ថែមទាំង​អង្វរ​អ្នកជិះ​ខុសច្បាប់​ថែមទៀត​ផង​។ ទោះបីជា​សម្តេច​ពេញចិត្ត​ឥរិយាបទ​បែបនេះ​ក៏ដោយ ប៉ុន្តែ​សម្តេច​ឲ្យ​បង្កើន​ការ​រឹតបន្តឹង​ការផាកពិន័យ​ដោយ​គ្មាន​ការយោគយល់ ព្រោះ​កម្ពុជា​ប្តេ​ជា​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​នៅ​ឆ្នាំ​២០២០​នេះ​។​

«​ទោះបី​ជាមាន​កំនើន​យានយន្ត ឬ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​មិនទាន់​រលូន​ក៏ដោយ ប៉ុន្តែ​យើង​ប្តេជ្ញា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​សម្តេច​លើកឡើង​ពី​ភារកិច្ច​ដ៏​សំខាន់​របស់​មន្ត្រី​ចរាចរណ៍​ក្នុងការ​ពន្យល់​ពលរដ្ឋ​ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​៕


© រក្សាសិទ្ធិដោយ thmeythmey.com