ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អាហារ​អ្វីខ្លះ​ល្អ​សម្រាប់​សុខភាព​តម្រងនោម​?
19, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តម្រងនោម​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​មួយ​ក្នុង​រាងកាយ​ដែល​ជួយ​កម្ចាត់​កាកសំណល់​តាម​ទឹកនោម ផលិត​អ័រម៉ូន និង​ច្រោះ​ជាតិពុល ព្រមទាំង​សារធាតុ​រាវ​ដែល​លើស​ក្នុង​ឈាម​។ ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​រក្សា​សុខភាព​តម្រងនោម​ឱ្យបាន​ល្អប្រសើរ​។ របប​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​សុខភាព​តម្រងនោម​! ដូច្នេះ​ការដឹង​ពី​អាហារ​អ្វី​គួរ​ចៀសវាង​គឺ​ចាំបាច់​ណាស់​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​តម្រងនោម​៖
 
១. ខ្ញី​

​សារធាតុ Gingerols នៃ​ខ្ញី គឺជា​ភ្នាក់ងារ​ប្រឆាំង​មេរោគ​បាក់តេរី​ជួយ​រារាំង​ការរីក​រាលដាល​នៃ​ពពួក​បាក់តេរី​ក្នុង​តម្រងនោម​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ខ្ញី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​
 
២. ម្ទេសផ្លោក​ក្រហម​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene ការ​ទទួលទាន​ម្ទេសផ្លោក​ក្រហម គឺ​ល្អ​សម្រាប់​តម្រងនោម​។ សារធាតុ lycopene មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​ដូច្នេះ​វា​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​តម្រងនោម​។​
 
៣. មើម​ឆៃថាវ​ក្រហម​

​នោះ​ក៏​ព្រោះតែ​មើម​ឆៃថាវ​ក្រហម​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ betaine ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​និង​ជួយ​កម្ចាត់​សារធាតុ calcium phosphate ក្នុង​តម្រងនោម​។ ទោះជា​យ៉ាងណា​អ្នក​ក៏​មិនគួរ​ទទួលទាន​ច្រើន​លើស​កម្រិត​ពេក​ដែរ​។​
 
៤. ស្ពៃក្ដោប​និង​បន្លែ​ប្រភេទ Cruciferous

​នេះ​ក៏​ព្រោះតែ​ស្ពៃក្ដោប​និង​បន្លែ​ប្រភេទ cruciferous រួមមាន​ផ្កា​ខាត់ណា ប្រ​ខូ​លី​ជាដើម​មាន​ផ្ទុក​សារធាតុ phytochemicals ដែល​ទប់ស្កាត់​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។ បន្លែ​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ល្អ​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។ សារធាតុ sulfur នៃ​បន្លែ​ប្រភេទ cruciferous ដែល​ជួយ​រាងកាយ​កម្ចាត់​ជាតិពុល​។​
 
៥. ត្រី​សម្បូរ​ខ្លាញ់​

​ប្រូតេអ៊ីន គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​តម្រងនោម​ល្អប្រសើរ​ផងដែរ​។ ហើយ​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ប្រូតេអ៊ីន គឺ​ត្រី​សម្បូរ​ខ្លាញ់ រួមមាន​ត្រី​ធូ​ណា​ត្រី​សាល​ម៉ុ​ន និង​ត្រី​សា​ឌី​ន​ជាដើម​។ ត្រី​សម្បូរ​ខ្លាញ់​ក៏មាន​ផ្ទុក​បរិមាណ​ខ្ពស់​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ប្រយោជន៍​មិនមែន​តែ​សម្រាប់​រក្សាសុខ​ភាព​សរ​សៃ​ឈាម​បេះដូង​ឡើយ ប៉ុន្តែ​ក៏​ប្រសើរ​ចំពោះ​តម្រងនោម​គួរ​ឲ្យ​កត់សម្គាល់​។​
 
៦. បន្លែ​បៃតង​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ folate វីតាមីន C វីតាមីន K ជាតិ​សរសៃ និង​សារធាតុចិញ្ចឹម phytonutrients ដែល​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ព្រមទាំង​ភាព​តានតឹង​លើ​តម្រងនោម ប្រយុទ្ធប្រឆាំង​ការ​រលាក រក្សា​តុល្យភាព​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម បង្កើន​ការផលិត​ទឹកនោម ហើយក៏​លាង​សម្អាត​តម្រងនោម​ផងដែរ​។​
 
៧. ខ្ទឹមស​និង​ខ្ទឹមបារាំង​

​ជា​ឱសថ​បែប​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​មួយ​ជួយ​ព្យាបាល​បញ្ហា​ផ្សេងៗ​នៃ​តម្រងនោម​។ ខ្ទឹមស និង​ខ្ទឹមបារាំង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ allicin ដែល​ជួយ​ក្នុងការ​សម្អាត​តម្រងនោម​បាន​យ៉ាង​ប្រសើរ រួម​ជាមួយនឹង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​, សម្លាប់​មេរោគ​បាក់តេរី និង​កម្ចាត់រោគ​ផ្សិត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com