អន្តរជាតិ
ជប៉ុន អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ចាកចេញ​ពី​នាវា Diamond Princess
19, Feb 2020 , 10:41 am        
រូបភាព
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ EPA
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ EPA
​ជប៉ុន នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ចាកចេញ​ពី​នាវា​Diamond Princess បណ្តើរៗ បន្ទាប់ពី​ដាក់​ច​ត្តា​ឡី​ស័ក​អស់​រយៈពេល ១៤​ថ្ងៃ​។ មុននឹង​ចាកចេញ អ្នកដំណើរ​ទាំងអស់ ត្រូវ​ត្រួត​ពិនិត្យមើល​ជា​លើកចុងក្រោយ​ដោយ​ក្រុម​វេជ្ជបណ្ឌិត ដើម្បី​ធានាថា​គ្មាន​ជំងឺ COVID-19 សំដៅ​ទប់ស្កាត់​ករណី​ឆ្លង​។


 
​បន្ទាប់ពី​ឃាត់ទុក​តាំងពី​ថ្ងៃទី​៣ ខែកុម្ភៈ និង​ដា​ក់ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ពេលនេះ​ជប៉ុន អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ទាំងអស់​ចាក​ចេញពី​នាវា​ទេសចរណ៍ Diamond Princess​។  ជប៉ុន​ត្រូវ​ប្រើ​រយៈពេល ៣​ថ្ងៃ ដើម្បី​ត្រួតពិនិត្យ​អ្នកដំណើរ មុននឹង​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​នាវា​។ មនុស្ស​ចាស់​ប្រមាណ ៥០០​នាក់ គឺជា​អាទិភាព ក្នុងការ​ជម្លៀស​ចេញពី​នាវា ប៉ុន្តែ​អ្នក​ទាំងនោះ​ត្រូវតែ​គ្មាន COVID-19 និង​មានការ​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត ទើប​អាច​ចាកចេញ​បាន​។ 
 
​មន្ត្រី​ជប៉ុន​ប្រាប់​អ្នកដំណើរ​តាម​ក្រដាស​ព័ត៌មាន​ថា «​បើ​អ្នក និង​អ្នក​រួម​បន្ទប់​ជាមួយ​អ្នក គ្មាន​ផ្ទុក​COVID-19 និង​ក្តៅខ្លួន​ទេ អ្នក​អាច​រៀបចំ​ក្នុងការ​ចាកចេញ​ពី​នាវា​នេះ​បាន​»​។ ក្នុង​រយៈពេល​រង់ចាំ​ធ្វើតេស្ត​លទ្ធផល​ចុងក្រោយ​នេះ គឺជា​រយៈពេល​ដ៏​យូរ​មួយ​សម្រាប់​អ្នកដំណើរ​ទាំងអស់ ដែល​ចង់​ចាក​ចេញពី​នាវា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​នាវា Diamond Princess ត្រូវបាន​ជប៉ុន​ឃាត់ទុក​តាំងពី​ថ្ងៃទី​៣ ខែកុម្ភៈ មក​ម្លេះ នា​កំពង់ផែ Yokohama បន្ទាប់ពី​ជប៉ុន​រកឃើញ​បុរស​ហុងកុង​ម្នាក់​មាន​ផ្ទុក​COVID-19​។ ចាប់តាំងពី​ឃុំឃាំង នាវា​ទេសចរណ៍​ដែលមាន​មនុស្ស​ប្រមាណ ៣៧០០​នាក់​រួចមក ជប៉ុន​បាន​រក​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ជា​បន្តបន្ទាប់ និង​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ គិត​ត្រឹម​ថ្ងៃទី​១៨ ខែកុម្ភៈ គេ​រកឃើញ COVID-19 នៅក្នុង​នាវា​ទេសចរណ៍​មួយគ្រឿង​នេះ កើន​ដល់​ចំនួន ៥៤២​ករណី​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រទេស​មួយចំនួន ដែលមាន​ពលរដ្ឋ​ខ្លួន​ក្នុង​នាវា Diamond Princess បាន​ជម្លៀស​ពលរដ្ឋ​របស់ខ្លួន និង​គ្រោង​ជម្លៀស​ពលរដ្ឋ​របស់ខ្លួន​។ តួយ៉ាង​អាមេរិក និង​កូរ៉េខាងត្បូង បាន​ជម្លៀស​ពលរដ្ឋ​ខ្លួន បាន​មួយចំនួន​ហើយ ចំណែក​កាណាដា និង​អូស្ត្រាលី គ្រោង​ជម្លៀស​ប្រជាពលរដ្ឋ​របស់ខ្លួន​។ 
 
​សូមបញ្ជាក់ថា នាវា Diamond Princess បាន​ចាក​ចេញពី​កំពង់ផែ Yokohama នា​ថ្ងៃទី​២០ ខែមករា និង​បានធ្វើ​ដំណើរ​ទៅ​ហុងកុង វៀតណាម និង​តៃវ៉ាន់ មុនពេល​ត្រលប់មក​កំពង់ផែ Yokohama វិញ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​៕ 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com