ជាតិ
​អ្នកលក់​អន​ឡាញ​សិច​ស៊ី ថៃ ស្រី​នាង​៖ សូម​បងប្អូន​តាម​ហ្វេ​ក​ប៊ុ​ក កុំ​យក​គំរូ​តាម​នាង​ខ្ញុំ​!
19, Feb 2020 , 2:21 pm        
រូបភាព
​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ឈ្មោះ វ៉ាន់ រចនា ដែល​គេ​ស្គាល់​តាម​ហ្វេ​ស​ប៊ុ​កថា «​ថៃ ស្រី​នាង​» បាន​ក្លាយជា​មនុស្ស​ដំបូង​ដែល​ត្រូវបាន​ហៅ​ទៅ​អប់រំ ដោយសារ​ការ​បង្ហោះ​រូបភាព និង​វីដេអូ​ដ៏​សិច​ស៊ី​របស់ខ្លួន​ជ្រុល​ហួសហេតុ នៅពេល Live ហ្វេ​ស​ប៊ុ​ក​លក់​សម្លៀកបំពាក់​។ នេះ​ជា​ចំណាត់​ការដែល​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌទួលគោក បាន​អនុវត្ត នា​រយៈពេល​២​ថ្ងៃក្រោយ​ពេលដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​បិទហ្វេ​ស​ប៊ុ​កណា​ដែល​លក់​ផលិតផល ជាមួយនឹង​ការបញ្ចេញ​កេរ​ខ្មាស​។​

 
«​នាង​ខ្ញុំ​សូម​ធ្វើការ​សុំទោស​ជា​សាធារណៈ​ដែល​កន្លងមក​នាង​ខ្ញុំ​បាន​បង្ហោះ​រូប​-​វីដេអូ​សិច​ស៊ី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី និង​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​។ នាង​ខ្ញុំ​សូម​សន្យាថា នឹង​ឈប់​បង្ហោះ​រូបភាព​-​វីដេអូ​ស៊ិ​ច​ស៊ី និង​សូម​អំពាវនាវ​ដល់​បង​ប្អូន​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ក​ប៊ុ​ក​ទាំងអស់​កុំ​យក​គំរូ​តាម​នាង​ខ្ញុំ​»​។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​វីដេអូ​រយៈពេល​ជាង​១​នាទី ដែល ថៃ ស្រី​នាង បាន​សុំទោស នា​ថ្ងៃទី​១៩ ខែកុម្ភៈ នេះ​។​
 
​លោក​វរសេនីយ៍ទោ សុខ ហេង អធិការនគរបាល​ខ​ណ្ឌ​ទួលគោក បានបញ្ជាក់​ឲ្យ​ដឹងថា ថៃ ស្រី​នាង ដែល​តែងតែ​បង្ហោះ​រូបភាព និង​វីដេអូ​ឃ្លី​ប លក់​សម្លៀកបំពាក់ សិច​ស៊ី​ជ្រុល​ហួសហេតុ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទំនៀម​ទំលាប់​ប្រពៃណី និង​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​។​
 
​តារា​ដែល​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រូបនេះ ត្រូវបាន​នាំខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ទទួល​ការអប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា ជាមួយនឹង​វីដេអូ​សុំទោស​ជា​សាធារណៈ​។​
 
​សូមជម្រាបថា កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ឲ្យ​បិទ​គណនី និង ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬ​បណ្តាញ​សង្គម​ផ្សេងទៀត ដែល​ផ្សាយ​លក់​ផលិតផល ដោយ​ការបញ្ចេញ​កេរ​ខ្មាស​៕

Tag:
 ថៃ ស្រី​នាង​
 ​អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com