កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ក្រោយ​ចាញ់ ១-០ គ្រូ Liverpool ព្រមាន AT-Madrid ថា​ទៅ Anfield វិញ​ដឹង​គ្នា​ហើយ​
19, Feb 2020 , 2:47 pm        
រូបភាព
​លោក Jurgen Klopp អ្នកចាត់ការ Liverpool ជឿជាក់ថា​ពេល​ត្រឡប់​ទៅ Anfield សម្រាប់​ជំនួប​ជើង​ទី​២ កូនក្រុម​របស់លោក​នឹង​អាច​យកឈ្នះ Atletico Madrid ដើម្បី​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ UEFA Champions League វគ្គ​១៦ ក្រុម​ចុងក្រោយ បន្ទាប់ពី​បរាជ័យ​ក្នុង​លទ្ធផល ១-០ នៅ​ជើង​ទី​១​។ នៅ​រដ្ឋធានី​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​អង្គារ (១៨ កុម្ភៈ​)​។​


 
​ជំនួប​ជើង​ទី​១​ក្នុង​កីឡដ្ឋាន Wanda Metropolitano នៅ​រាត្រី​ថ្ងៃទី​១៨ ខែកុម្ភៈ នា​ក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ ខ្សែបម្រើ Saul Niguez ជា​អ្នក​ស៊ុត​គ្រាប់​ជ័យជម្នះ​ឲ្យ AT-Madrid តាំ​ពី​៤​នាទី​ដំបូង​នៃ​វគ្គ​ទី​១​ម្លេះ​។ បើ​ទោះ​វាយ​សម្រុក​គ្នា​ខ្លាំងក្លា​ក្នុង​រយៈពេល​ជាង​៨០​នាទី​ដែល​នៅសល់ ប៉ុន្តែ​ក្រុម​ទាំងពីរ​មិនអាច​រក​គ្រាប់​ស៊ុត​បញ្ចូល​គ្នា​ទៀតឡើយ ដោយ​ចប់​ការប្រកួត AT-Madrid ឈ្នះ Liverpool ១-០​។​
 
​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​ទទួលបាន​ត្រឹម​ខកចិត្ត​សម្រាប់​ជើង​ទី​១ នៅក្រៅ​ដី ស្របពេល​លោក Diego Simeone និង​អ្នកគាំទ្រ​ពួកគេ​បាន​អបអរ​ជ័យជម្នះ​នេះ​លើសលុប​។ យ៉ាងណាក៏ដោយ អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp បានបង្ហាញ​ជំនឿ​ចិត្ត​លើក​កូនក្រុម​ខ្លួន​ថា ពួកគេ​នៅតែ​អាច​នាំ​ហង្ស​ក្រហម​ឈានទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​បាន​។​


 
«​ខ្ញុំ​មិន​គិតថា​ខ្ញុំ​ត្រូវធ្វើ​អ្វី​ច្រើន​នោះទេ ប៉ុន្តែ​នៅ​ជើង​ទី​២ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​អាច​ផ្តោតអារម្មណ៍​លើ​ការប្រកួត​ច្រើនជាង​នេះ​បន្តិច​។ អ្នកគាំទ្រ និង​កូនក្រុម​របស់ខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ហើយ​ក្នុងការ​ស្វាគមន៍ AT-Madrid ទៅកាន់​ទឹកដី Anfield វិញ​»​។ លោក Klopp បាន​ប្រាប់​ទូរទស្សន៍ BT Sport ក្រោយ​ចប់​ការប្រកួត​ដូច្នេះ​។​
 
​អ្នកចាត់ការ​សញ្ញា​តិ​អាល្លឺម៉ង​រូបនេះ បន្ថែមថា​ក្រុម AT-Madrid បាន​អបអរ​ការ​ឈ្នះ​នេះ​ដូច​បាន​លើក​ពាន Champions League អ៊ីចឹង​។​
 
​ដោយឡែក Andy Robertson ខ្សែការពារ​ឆ្វេង​របស់ Liverpool អះអាងថា ពិធី​អបអរ​របស់​ក្រុម AT-Madrid សម្រាប់​ការ​ឈ្នះ​នេះ​សមតែ​ធ្វើ​ប្រសិនបើ​ពួកគេ​ឈ្នះ​នៅ​ជំនួប​ទី​២ ប៉ុន្តែ​ចាំមើល​សិន​ទៅ​។ «​ត្រឡប់​ទៅ​ទឹកដី Anfield វិញ​ទើប​ដឹង​»​។​
 
​សម្រាប់​ជំនួប​មួយគូ​ទៀត ម្ចាស់ផ្ទះ Borussia Dortmund បាន​យកឈ្នះ Paris Saint-Germain ដោយ​លទ្ធផល ២-១​។ ពីរ​គ្រាប់​របស់ Dortmund ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ដ៏​មានគុណ​ភាព Erling Haaland តែម្នាក់ឯង (៦៩, ៧៧) ខណៈ​មួយ​គ្រាប់​របស់​ក្រុម​យក្ស​បារាំង​សម្រេចបាន​ដោយ ខ្សែប្រយុទ្ធ​ឆ្នើម Neymar នៅ​នាទី​៧៥៕



Tag:
 Jurgen Klopp
  Liverpool
  Atletico Madrid
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com