មនុស្សភាគច្រើនដែលឆ្លងជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19) ក្នុងប្រទេសចិន មានរោគសញ្ញាមិនធ្ងន់ធ្ងរ។ នេះបើតាមការសិក្សាទ្រង់ទ្រាយធំមួយពីសំណាក់អ្នកស្រាវជ្រាវចិន។ ក៏ប៉ុន្តែ ការសិក្សានេះ បានរកឃើញថា មនុស្សវ័យកាន់តែចាស់ និងអ្នកដែលមានជំងឺដទៃស្រាប់ ប្រឈមហានិភ័យខ្ពស់បំផុតពីជំងឺនេះ។
កិច្ចការស្រាវជ្រាវមួយចេញផ្សាយលើវេបសាយ Chinese Journal of Epidemiology ពិនិត្យមើលលើករណី COVID-19 ចំនួន ៧២៣១៤ ករណី រួមមាន អ្នកដែលគេបញ្ជាក់ថាឆ្លង, អ្នកដែលត្រូវគេសង្ស័យ និងករណីឆ្លងតែមិនទាន់ចេញរោគសញ្ញា (asymptomatic) នៅជុំវិញប្រទេសចិន គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ។
នេះគឺជាការសិក្សាទ្រង់ទ្រាយធំបំផុតមួយលើអ្នកជំងឺ COVID-19 ដែលធ្វើឡើងដោយមជ្ឈមណ្ឌលចិនសម្រាប់គ្រប់គ្រង និងបង្ការជំងឺ (CCDC) គិតចាប់ពីការផ្ទុះរាលដាលបានផ្តើមឡើងក្នុងចុងខែធ្នូ ឆ្នាំ២០១៩មកក្នុងក្រុង វូហាន ខេត្តហ៊ូប៉ី ភាគកណ្ដាលប្រទេសចិន។ គិតមកត្រឹមថ្ងៃពុធ ទី១៩ ខែកុម្ភៈ ជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុសនេះ បានសម្លាប់មនុស្សជាង២ពាន់នាក់ហើយ និងមានអ្នកឆ្លងជាង៧ម៉ឺននាក់។
ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវចិន បានរកឃើញថា អ្នកឆ្លងកូរ៉ូណាវីរុស (COVID-19) ប្រមាណ ៨០,៩ ភាគរយត្រូវបានចាត់ថ្នាក់ថា មានកម្រិតស្រាល, ១៣,៨ ភាគរយ មានកម្រិតធ្ងន់ធ្ងរ និងត្រឹមតែ ៤,៧ ភាគរយប៉ុណ្ណោះ មានកម្រិតគ្រោះថា្នក់ដល់ជីវិត។
ការរកឃើញថ្មីរបស់ចិននេះ គឺដូចគ្នានឹងសេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលអះអាងថា កូរ៉ូណាវីរុស (COVID-19) បង្កជំងឺស្រាលប៉ុណ្ណោះសម្រាប់អ្នកជំងឺភាគច្រើន។
អត្រាស្លាប់ខ្ពស់បំផុតបង្កឡើងដោយជំងឺផ្លូវដង្ហើម COVID-19 គឺកើតឡើងចំពោះមនុស្សដែលអាយុ ៨០ ឡើងទៅ ដែលស្មើនឹង ១៤,៨ ភាគរយ ។ ទន្ទឹមនេះ ការសិក្សាដដែលនេះ រកឃើញថា អ្នកជំងឺដែលកើតជំងឺបេះដូងនិងសរសៃឈាម ក៏ប្រឈមហានិភ័យស្លាប់ខ្ពស់ពីកូរ៉ូណាវីរុសផងដែរ ដែលតាមពីក្រោយដោយ ជំងឺទឹកនោមផ្អែម, ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺលើសឈាម ឬសម្ពាធឡើងខ្ពស់ខុសធម្មតា។
យ៉ាងណាមិញ ការសិក្សាចិននេះ រកឃើញថា គ្មានករណីស្លាប់ក្នុងចំណោមកុមារអាយុចាប់ពី ៩ ឆ្នាំឡើងទៅនោះទេ ទោះបីជាមានករណីឆ្លងយ៉ាងតិច ២ ដែលកើតលើទារកទើបកើត ដែលឆ្លងពីម្តាយពួកគេ។
សម្រាប់អ្នកជំងឺដែលមានអាយុ ៣៩ ឆ្នាំ ចុះក្រោម អត្រាស្លាប់ មានកម្រិតទាបត្រឹម០,២ភាគរយប៉ុណ្ណោះ។ អត្រាស្លាប់ដោយសារជំងឺ COVID-19 កើនឡើងជាលំដាប់ទៅតាមអាយុអ្នកជំងឺ។ សម្រាប់មនុស្សដែលស្ថិនក្នុងវ័យ៤០ឆ្នាំ គឺស្មើនឹង ០,៤ភាគរយ, ក្នុងវ័យ ៥០ឆ្នាំ គឺស្មើនឹង ១,៣ភាគរយ, ក្នុងវ័យ ៦០ឆ្នាំ គឺស្មើនឹង ៣,៦ភាគរយ និងក្នុងវ័យ៧០ឆ្នាំ គឺ ៨ ភាគរយ។
បើនិយាយរឿងភេទវិញ បុរស គឺមានអត្រាស្លាប់លើសស្ត្រី។ អត្រាស្លាប់បុរសដោយសារជំងឺនេះ គឺស្មើនឹង ២,៨ ភាគរយ ចំណែកស្ត្រី គឺ ១,៧ភាគរយ។ ការសិក្សានេះ បានរកឃើញថា អត្រាស្លាប់ជារួមពីវីរុសនេះ គឺ ២,៣ ភាគរយ។ បើធៀបនឹងជំងឺផ្លូវដង្ហើម SARS អំឡុងឆ្នាំ២០០២-២០០៣វិញនោះ ទោះបីវាឆ្លងមនុស្សតិចជាង COVID-19 មែន តែអត្រាស្លាប់ជារួម គឺជិត ១០ ភាគរយឯណោះ៕