ជាតិ
អាជ្ញាធរ ផ្អាកគ្លីនិកចិនមួយនៅព្រះសីហនុ ក្រោយដំណើរការដោយគ្មានច្បាប់ត្រឹមត្រូវ
× រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកដំណើរគ្លីនិកពិនិត្យ និងព្យាបាលជំងឺរបស់ចិនមួយឈ្មោះ ថៃ ខាង ជាបណ្តោះអាសន្ន ក្រោយរកឃើញថា គ្លីនិកនេះ បានដំណើរការដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រតិបត្តិការចុះត្រួតពិនិត្យរហូតឈានដល់ផ្អាកដំណើរការនេះ ធ្វើឡើងក្រោយគ្លីនិក ថៃ ខាង បានពិនិត្យអ្នកជំងឺជនជាតិចិនម្នាក់ឈ្មោះ Su Yong Yun ដោយអះអាងថា អ្នកជំងឺរូបនេះមានបញ្ហារបួសសួតធ្ងន់ធ្ងរផ្នែកម្ខាង ដែលធ្វើឲ្យមានពាក្យចចាមអារ៉ាមថា បុរសនោះមានផ្ទុកមេរោគ COVID-19 ហើយត្រូវបានកាសែតចិនមួយយកទៅចុះផ្សាយ។
ប៉ុន្តែការពិនិត្យពីក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានរកឃើញថា លោក Su Yong Yun មានអង់ទីគ័រ (ប្រព័ន្ធការពារ) វីរុស ដោយពុំបានផ្ទុកមេរោគ COVID-19 ឡើយ។ នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ
បើតាមរបាយការណ៍ខាងលើដដែល មានឯកសារមួយរបស់មជ្ឈមណ្ឌលការពារជំងឺ Chong Qing នៅខេត្តហ៊ូណានប្រទេសចិន ដែលជាសាខាធំរបស់គ្លីនិក ថៃ ខាង បានសរសេរថា លោក Su Yong Yun មានផ្ទុកមេរោគប្រភេទថ្មី COVID-19 ហើយត្រូវបានកាសែតចិនស្រង់យកទៅចុះផ្សាយ។ ភ្លាមៗនោះរដ្ឋបាលខេត្តព្រះសីហនុបានទាក់ទងទៅនាយកគ្រប់គ្រងគ្លីនិក ថៃ ខាង លោក Bai Lingqi ហើយលោកបញ្ជាក់ថា វាជាការភាន់ច្រឡំ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុស្នើឲ្យលោក Bai Lingqi ទាក់ទងទៅមជ្ឈមណ្ឌលការពារជំងឺ Chong Qing ដើម្បីបញ្ជាក់ឯកសារឡើងវិញ និងចុះផ្សាយកែប្រែនូវអ្វីដែលខ្លួនអះអាងថា មានការភាន់ច្រឡំ។ ទោះបីគ្លីនិកនេះត្រូវផ្អាកដំណើរការបណ្តោះអាសន្ន តែរដ្ឋបាលខេត្តព្រះសីហនុអនុញ្ញាតឲ្យគ្លីនិកនេះ បន្តព្យាបាលអ្នកជំងឺ៩នាក់ដែលកំពុងសម្រាកព្យាបាលនៅទីនោះ។ រដ្ឋបាលខេត្តព្រះសីហនុជំរុញឲ្យគ្លីនិក ថៃ ខាង រៀបចំឯកសារឲ្យបានត្រឹមត្រូវ និងសុំច្បាប់អនុញ្ញាតទៅក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តដំណើរការឡើងវិញ៕
Tag:
គ្លីនិក ថៃ ខាង
ខេត្តព្រះសីហនុ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com