អន្តរជាតិ
ចិន​និង​បារាំង ត្រៀម​សហការ​ជាមួយគ្នា​ដើម្បី​ប្រយុទ្ធ​នឹង COVID-19
19, Feb 2020 , 3:56 pm        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (ខាងឆ្វេង) ចាប់ដៃជាមួយ ប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ Xinhua
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (ខាងឆ្វេង) ចាប់ដៃជាមួយ ប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ Xinhua
​តាមរយៈ​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នា​ថ្ងៃទី​១៨ ខែកុម្ភៈ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​លើកឡើងថា ចិន​តែងតែ​បើកចំហ និង​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​យ៉ាង​ស្មោះត្រង់​ជាមួយ​បារាំង ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ស្រប​ពេលនេះ​បារាំង ក៏បាន​បង្ហាញ​គោលជំហរ​របស់ខ្លួន ក្នុងការ​សហការ​ជាមួយ​ចិន ដើម្បី​ទប់ស្កាត់​វីរុស​ប្រភេទ​ថ្មី​នេះដែរ​។


 
​ក្នុង​នាទី​ដំបូង​នា​កិច្ចសន្ទនា​តាម​ទូរ​សព្ទ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​សម្តែង​គាវរ​កិច្ច និង​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ក៏ដូចជា​ប្រជាជន​បារាំង ដែល​ព្រួយបារម្ភ​ពី​សុខទុក្ខ​របស់​ប្រជាជន​ចិន ដែល​កំពុង​រងគ្រោះ ដោយសារ COVID-19​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ស៊ី  បាន​ប្រា​ប់លោក ម៉ា​ក្រុង ថា ចិន នឹង​ឈ្នះ​សង្គ្រាម​លើក​នេះ ជាមួយ​ទំនុកចិត្ត​យ៉ាងរឹងមាំ​។ បើតាម​លោក​ប្រធានាធិបតី ចិន នឹង​ដោះស្រាយ​បញ្ហា​កូ​រ៉ូ​ណាវី​រុស ដែល​កំពុង​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន តាមរយៈ​សង្គ្រាម​របស់​ប្រជាជន សមត្ថភាព និង​កម្លាំង​របស់​ចិន ជាពិសេស​បូករួម​ទាំង​បទពិសោធន៍​របស់​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​ជំងឺ​កន្លងមក​។ ក្នុងន័យនេះ ចិន ជឿថា ខ្លួន​ប្រាកដជា​អាច​យកឈ្នះ​លើ COVID-19 និង​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​របស់ខ្លួន​រាប់លាន​នាក់​បាន​។ 
 
​បើទោះបី​ជាមាន​ទំនុកចិត្ត​យកឈ្នះ​សង្គ្រាម​នេះ​ក្ដី ចិន ក៏​ពេញចិត្ត​ក្នុង​ការទទួល​ជំនួយ​ពី​អន្តរជាតិ​ដែរ​។ ក្នុងនោះ បារាំង​ក៏​ជា​ដៃគូ​មួយ​ដ៏​សំខាន់​សម្រាប់​ចិន​។ ជាក់ស្តែង លោក ស៊ី បាន​លើកឡើងថា ចិន តែងតែ​បើកចំហ និង​សហការ​ជាមួយ​បារាំង​ជានិច្ច​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​រ៉ូ​ណាវី​រុស​។ លោក ស៊ី បាន​បន្តថា កិច្ចសហការ​បារាំង​-​ចិន គឺជា​ការរួម​គ្ន​ដើម្បី​អភិវឌ្ឍ​វិស័យ​សុខាភិបាល និង​ការពារ​សន្តិសុខ​សុខាភិបាល​ទាំង​នៅក្នុង​តំបន់ និង​អន្តរជាតិ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua​។ 
 
​ជាការ​ឆ្លើយតប ប្រធានាធិបតី​បារាំង បាន​ប្រា​ប់លោក ស៊ី ថា បារាំង ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន ដើម្បី​រួមគ្នា​ប្រឆាំងនឹង COVID-19 ក៏ដូចជា​ឱកាស​ក្នុងការ​ពង្រឹង​សហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល​ផងដែរ​។ 
 
​ក្រៅពី​កិច្ច​សហប្រតិបត្តិ​ប្រឆាំង​កូ​រ៉ូ​ណាវី​រុស ប្រមុខរដ្ឋ​បារាំង ក៏បាន​សរសើរ​រដ្ឋាភិបាល​ចិន ក្នុងការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ជាមួយ​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ប្រទេស​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បារាំង​ថែមទាំង​បានផ្តល់​គ្រឿង​បរិក្ខារ​ពេទ្យ និង​ត្រៀម​ផ្តល់ជំនួយ​ផ្សេងទៀត​ផងដែរ តាម​ការស្នើសុំ​របស់​ចិន​៕ 

Tag:
 ចិន​
  បារាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com