អន្តរជាតិ
តុលាការ​ឧទ្ធរណ៍​កូរ៉េខាងត្បូង សម្រេច​ឲ្យ​អតីត​ប្រធានាធិបតី លី ម្យុ​ង​បាក់ ជាប់គុក​១៧​ឆ្នាំ​
19, Feb 2020 , 9:39 pm        
រូបភាព
អតីតប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-bak ដើរចូលទៅក្នុងការិយាល័យរបស់ព្រះរាជអាជ្ញា  នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។ រូបភាព៖ EPA-EFE
អតីតប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-bak ដើរចូលទៅក្នុងការិយាល័យរបស់ព្រះរាជអាជ្ញា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។ រូបភាព៖ EPA-EFE
​តុលាការ​ឧទ្ធរណ៍ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ បាន​កាត់ទោស​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ម្យុ​ង​បាក់ (Lee Myung-bak) ឲ្យ​ជាប់ពន្ធនាគា​រយៈពេល​១៧​ឆ្នាំ ពីបទ​ទទួល​សំណូក និង​បង្វែរ​ទឹកប្រាក់​ខុសច្បាប់​។ ការសម្រេចចិត្ត​របស់​តុលាការ​ជាន់ខ្ពស់​លើក​នេះ គឺ​វា​ខ្ពស់ជាង​សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប ដែល​បានចេញ​កាលពី​ខែតុលា ឆ្នាំ​២០១៨ ហើយ​ដែល​លោក លី តវ៉ា​។


 
​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Lee Myung-bak ដែល​បាន​កាន់តំណែង​ចាប់ពី​ឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៣ ត្រូវបាន​តុលាការ​ជាន់​ទាប​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ​ម្តង​រួចមកហើយ​។ ប៉ុន្តែ​អតីត​ប្រធានាធិបតី​វ័យ ៧៨​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​វិញ នា​ខែមីនា ឆ្នាំ ២០១៩ ដោយសារ​បញ្ហា​សុខភាព ខណៈ​បាន​ប្ដឹង​ទៅកាន់​សាលាឧទ្ធរណ៍​ដើម្បី​ជំទាស់​ការកាត់ទោស​នេះ​។ 
 
​ប៉ុន្តែ​ពេលនេះ លោក​ត្រូវ​ជាប់ពន្ធនាគារ​ច្រើនជាង​មុន ដោយសារ​សេចក្តីសម្រេច​របស់​តុលាការ​ឧទ្ធរណ៍​។ ក្នុង​សាលដីកា​លើក​នេះ អតីត​ប្រធានាធិបតី ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៧​ឆ្នាំ ទាមទារ​សំណង​ចំនួន​ជិត ១១​លាន​ដុល្លារ និង​រឹបអូស​ទ្រព្យសម្បត្តិ​ជាង ៤​លាន​ដុល្លារ​។ តុលាការ​ឧទ្ធរណ៍ បាន​ចោទ​លោក លី ពីបទ​ទទួល​សំណូក និង​បង្វែង​ទឹកប្រាក់​ខុសច្បាប់​។ 
 
​យ៉ាងណាក៏ដោយ លោក Lee បាន​បដិសេធ​មិន​ទទួល​កាតព្វកិច្ច ការទទួលខុសត្រូវ និង​អំពើ​ខុសច្បាប់​របស់ខ្លួន​ដូចជា​ការទទួល​សំណូក​ពី​មន្ត្រី​សាធារណៈ និង​ក្រុមហ៊ុន​ឯកជន​ជាដើម​។ បន្ថែម​ពីលើ​នេះ លោក​ក៏បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀតថា លោក​ក៏​មិនមែនជា​ម្ចាស់​ពិតប្រាកដ​របស់​ក្រុមហ៊ុន​DAS ដែលជា​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត​ផងដែរ​។ 
 
​បើតាម​ការរកឃើញរ​បស់​តុលា​ការជាន់​ទាប​កន្លងទៅ លោក Lee គឺជា​ម្ចាស់​ពិតប្រាកដ​របស់​ក្រុមហ៊ុន DAS និង​បាន​ប្រើ​អំណាច​ជា​ប្រធានាធិបតី ដើម្បី​បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន និង​រូបលោក​ផ្ទាល់ ជាពិសេស​លោក Lee ថែមទាំង​ទទួល​សំណូក​ពី​ក្រុមហ៊ុន Samsung ថែមទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​នា​ខែមករា​កន្លងទៅ រដ្ឋអាជ្ញា​អម​សាលាឧទ្ធរណ៍ បានទាមទារ​ឲ្យ​តុលាការ​ឧទ្ធរណ៍​ដាក់ទោស​អតីត​ប្រធានាធិបតី​រូបនេះ​រហូតដល់ ២៣​ឆ្នាំ​ឯណោះ ដោយសារ​លោក លី មិន​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ បូករួម​ទាំង​ការទម្លាក់​កំហុស​លើ​អ្នកដទៃ​។​
 
​សូមបញ្ជាក់ថា តុលាការ​ឧទ្ធរណ៍​បាន​រកឃើញថា លោក លី បាន​បង្វែរ​ទឹកប្រាក់​ពី​ក្រុមហ៊ុន DAS រហូតដល់​ជាង ២១​លាន​ដុល្លារ និង​លុយ​សំណូក​ជិត ៨​លាន​ដុល្លារ ដែល​ចំនួន​នេះ​លើ​ពី​ការរកឃើញ​របស់​តុលាការ​ជាន់​ទាប​ឆ្ងាយ​ណាស់ ។ កន្លងទៅ តុលាការ​ជាន់​ទាប បាន​រកឃើញថា លោក លី បាន​បង្វែរ​ប្រាក់​ពី​ក្រុមហ៊ុន DAS ចំនួន​ជាង ២០​លាន​ដុល្លារ និង​ទទួល​ប្រាក់​សំណូក​ជាង ៧​លាន​ដុល្លារ​៕ 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com