អន្តរជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី ថា ការ​បន់ស្រន់ ទើប​ប្រទេស​ខ្លួន​គ្មាន COVID-19
19, Feb 2020 , 10:19 pm        
រូបភាព
លោករដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី Terawan Agus Putranto (ប្រភពរូប៖ សារព័ត៌មាន The Jakarta Post)
លោករដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី Terawan Agus Putranto (ប្រភពរូប៖ សារព័ត៌មាន The Jakarta Post)
ដោយ:
​ជិត​ពីរ​ខែក្រោយ​ការរីក​រាលដាល​ជំងឺ​ផ្លូវដង្ហើម​បង្ក​ដោ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) ប្រទេស​ឥណ្ឌូណេស៊ី នៅតែ​គ្មាន​ករណី​ឆ្លង ទោះបីជា​បណ្ដា​ប្រទេស​ក្បែរ​ខាង​ខ្លួន បាន​រកឃើញ​ជាច្រើន​ករណី​ក៏ដោយ​ក្តី​។

 
​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​នេះ កំពុង​រង​សម្ពាធ​កាន់តែខ្លាំង ខណៈ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ចង់​ឲ្យ​ពួកគេ​ពន្យល់​ពី​មូលហេតុ​ពាក់ព័ន្ធ​នឹង​ការ​គ្មាន​ករណី​ឆ្លង COVID-19 បែបនេះ​។ ការ​ចោទ​លើក​ជា​សំណួរ​បែបនេះ ធ្វើឡើង​ក្រោយពី​ការសិក្សា​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​អាមេរិក​ដ៏​ល្បីល្បាញ Harvard បាន​ទាញ​សេចក្តី​សន្និដ្ឋានថា ឥណ្ឌូណេស៊ី មាន​ឆ្លង COVID-19 យ៉ាងតិច ៥ ករណី​។ 
 
​សម្រាប់​ការសិក្សា​ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​១១ ខែកុម្ភៈ ក្រុម​អ្នកស្រាវជ្រាវ បានធ្វើ​ការវិភាគ​ដោយ​ផ្អែកលើ​តួលេខ​ការធ្វើដំណើរ​តាម​ជើង​អាកាស​ពី​ក្រុង​វូ​ហាន ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​ទាក់ទិន​នឹង​ការសិក្សា​របស់​សាកលវិទ្យាល័យ Harvard រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី​ចាត់ទុក​វា​ថា «​ជាការ​មើលងាយ​» និង​ប្រាប់​ឲ្យ​អ្នកស្រាវជ្រាវ​មក​ឥណ្ឌូណេស៊ី​មើល​ដោយផ្ទាល់​។​
 
​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ លោក​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី Terawan Agus Putranto អះអាងថា ការ​បន់ស្រន់ គឺជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​គ្មាន​ករណី​ឆ្លង COVID-19 បែបនេះ ខណៈ​មាន​ការរីក​រាលដាល​ជា​សាកល​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Jakarta Post លោក​រដ្ឋមន្ត្រី អះអាងថា​៖«​យើង​ជំពាក់​គុណ​នេះ​ទៅ​ព្រះ​»​។ 
 
«​ដោយ​អនុលោម​តាម​មនោគមន៍វិជ្ជា​រដ្ឋ Pancasila ប្រទេស​យើង​ជឿ​លើ​ព្រះ​។  ដោយ​មិន​ខ្វល់​ថា សាសនា​ណាមួយ​នោះឡើយ ដរាបណា​យើង​ប្រកាន់ខ្ជាប់ Pancasila ការ​បន់ស្រន់ គឺជា​រឿង​ដ៏​សំខាន់បំផុត​»​។ លោក Terawan បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា លោក មិន​ខ្វាយខ្វល់​ឡើយ​ប្រសិនបើ​បណ្ដា​ប្រទេស​ដទៃ​ណា​ផ្សេង មិន​ពេញ​ចិត្តនឹង​ការអនុវត្ត​របស់​ប្រទេស​ឥណ្ឌូ​ណ​ស៊ី​។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា​៖«​ហេតុអ្វី​យើង​គួរ​ខ្មាស់អៀន​នឹង​ការពឹង​ផ្អែកលើ​ព្រះ​? យើង​ពុំគួរ​ខ្មាស់អៀន​នឹង​ការពឹង​ផ្អែកលើ​ការ​បន់ស្រន់​ឡើយ​»​។ 
 
​ទោះ​មិនទាន់​រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម COVID-19 ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី ធ្លាប់បាន​រាយការណ៍​ពី​ករណី​សង្ស័យ​ចំនួន ៦២ នាក់​។ ក៏ប៉ុន្តែ​បន្ទាប់ពី​ធ្វើតេស្ត​រួច លទ្ធផល បាន​បង្ហាញថា ពួកគេ​ពុំមាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ឡើយ​។ ចំណែក​ប្រជាជន​ឥណ្ឌូណេស៊ី ២៣៨ នាក់ ដែល​បាន​ជម្លៀស​ចេញពី​ក្រុង វូ​ហាន ត្រូវបាន​ដាក់​ឲ្យ​ដាច់ដោយឡែក ២ សប្តាហ៍​។ ក្រោយមក​អ្នក​ទាំង​២៣៨​នាក់​នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅផ្ទះ​រៀងខ្លួន​វិញ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បន្ទាប់ពី​ធ្វើតេស្ត​សុខភាព​រួចរាល់​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
  សាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com