កីឡាអន្តរជាតិ
អន្តរជាតិ
Son របួស​ដៃ​ត្រូវ​អវត្តមាន​ដល់​ចប់​រដូវ​កាល ខណៈ Spurs ត្រូវ​ប្រជែង Top4 និង UCL
19, Feb 2020 , 5:22 pm        
រូបភាព
Son Heung-min តារា​ឆ្នើម​របស់ Tottenham Hotspur   បានរ​ងរ​បូស​បាក់ដៃ​ខាងស្តាំ​អំឡុង​ជំនួប​ជាមួយ Aston Villa កន្លងទៅ​។ របួស​នេះ​ទំនង​ធ្វើ​ឲ្យ​រូបគេ​មិនអាច​បង្ហាញខ្លួន​សម្រាប់​ប្រកួត​ដែល​នៅសល់​រដូវ​កាល​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ Spurs ក្នុងការ​ប្រជែង​យក​កៅអី​លេង UEFA Champions League រដូវ​កាល​ក្រោយ​។​


 
​ខ្សែប្រយុទ្ធ​អន្តរជាតិ​កូរ៉េខាងត្បូង​វ័យ ២៧ ឆ្នាំ​រូបនេះ​បាន​ស៊ុត​២​គ្រាប់​ម្នាក់ឯង​ដើម្បី​ជួយ Spurs យកឈ្នះ Aston Villa ៣-២ ក្នុងការ​ប្រកួត​សប្តាហ៍​ទី​២៦ ក្របខណ្ឌ Premier League នា​ថ្ងៃទី​១៦ កុម្ភៈ​។​
 
​តាមពិតទៅ Son បាន​រងរបួស​តាំងពី​ការប្រកួត​ទើប​ចាប់ផ្តើមបាន​១​នាទី​ម្លេះ បន្ទាប់ពី​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ជាមួយ​កីឡាករ Ezri Konsa របស់ Aston​។ ទោះបី​រងរបួស​ដៃ​តែ​រូបគេ​នៅតែ​អាចជួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ Jose Mourinho លេង​រហូត​បញ្ចប់​ការប្រកួត​ពេញ​៩០​នាទី​។​
 
«Son Heung-min នឹងត្រូវ​វះកាត់​នៅ​សប្តាហ៍​នេះ​បន្ទាប់ពី​រងរបួស​បាក់ឆ្អឹង​ដៃស្តាំ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្លិប Spurs នៅ​ថ្ងៃទី​១៨ កុម្ភៈ ដោយ​បន្ថែមថា​៖«​បន្ទាប់ពី​ការវះកាត់​បុគ្គលិក​ពេទ្យ​នឹងត្រូវ​ពិនិត្យ Son ឡើងវិញ​ម្តងទៀត​ដែល​ត្រូវ​ចំណាយពេល​សម្រាក​ជាច្រើន​សប្តាហ៍​»​។ 
 
​ក្នុង​រដូវ​កាល ២០១៩-២០​នេះ ម្ចាស់​ជ័យលាភី​កីឡាករ​បាល់ ទាត់​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី បា​នរក​គ្រាប់​ស៊ុត​បញ្ចូល​ទី​១៤​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​៨​លើក គិត​ទាំង​ក្នុង​លី​គ​និង Champions League​។​
 
​ជាមួយគ្នានេះ អ្នកចាត់ការ​ទូទៅ​លោក Mourinho មិន​រំពឹងថា​ខ្សែប្រយុទ្ធ​កំពុង​លេចធ្លោ​រូបនេះ​នឹង​អាច​បង្ហាញខ្លួន​នៅ​រដូវ​កាល​នេះ​ទៀតឡើយ​។ បុរស​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​ពឹងផ្អែក​ទាំងស្រុង​លើ Son ទៀត​ទេ​នៅ​រដូវ​កាល​នេះ​។ ប្រសិនបើ​គាត់​លេង​បានតែ ២ ឬ​៣ ប្រកួត​អញ្ចឹង​គឺ​មិនអាច​ពឹង​លើ​គាត់​ឡើយ​។​
 
​របួស​របស់ Son នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ក្រុម​រហស្សនាម​មាន់​ខ្លាយ​មាស​ក្នុងការ​ប្រកួត​ក្របខណ្ឌ​អឺរ៉ុប និង​ក្របខណ្ឌ​លី​គ​ក្នុងស្រុក​រដូវ​កាល​នេះ ស្រ​ពេល​ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane ក៏​កំពុង​តែមានរ​បូស​សរសៃពួរ​រហូតដល់​ខែមេសា​ទើប​អាច​ចូល​លេង​វិញ​បាន​។​
 
Spur កំពុង​ប្រជែង​យក​ចំណាត់ថ្នាក់ Top 4 ដើម្បី​បាន​កៅអី Champions League រដូវ​កាល​ក្រោយ ដោយ​សព្វថ្ងៃ​ឈរ​ចំណាត់ថ្នាក់​ទី​៥ មាន​៤០​ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេខ​៤ Chelsea ចំនួន​១​ពិន្ទុ​៕


Tag:
 Tottenham Hotspur
  Son Heung-min
© រក្សាសិទ្ធិដោយ thmeythmey.com