កីឡាអន្តរជាតិ
អន្តរជាតិ
អ្នក​ប្រណាំង​ក្របី​ម្នា​ក់នៅ​ឥណ្ឌា រត់លឿន​ជាង Usain Bolt
20, Feb 2020 , 8:29 am        
រូបភាព
​អ្នក​ប្រណាំង​ក្របី​ម្នា​ក់នៅ​ប្រទេស​ឥណ្ឌា ត្រូវបាន​ប្រៀបធៀប​ជាមួយ​កំពូល​កីឡាករ​រត់ប្រណាំង​អូឡាំពិក Usain Bolt បន្ទាប់ពី​រូបគេ រត់​ក្នុង​វាលស្រែជាមួយក្របី​ក្នុងល្បឿនដ៍​លឿន​។​


 
Srinivas Gowda រត់​ពីក្រោយ​ក្របី​ចំនួន​២​ក្បាល​បាន​រយៈ​ចម្ងាយ ១៤២,៥ ម៉ែត្រ ដោយ​ប្រើ​រយៈពេល ១៣,៦២​វិនាទី ក្នុង​កម្មវិធី​ប្រណាំង​ក្របី​ប្រចាំឆ្នាំ​បែប​ប្រពៃណី​នៅ​ប្រទេស​ឥណ្ឌា​មាន​ឈ្មោះថា Kambala ដែល​ប្រព្រឹត្តិ​ទៅ កាលពី​ថ្ងៃទី​៣១ មករា​។ ដោយសារ​រត់​បាន​ល្បឿន​លឿន​បែបនេះ Gowda បង្កើតបាន​កំណត់ត្រា​មួយ​ក្នុង​កម្មវិធី​នោះ​។​
 
​ការរត់​របស់ Gowda នេះ​មា​ន័យ​ថា​ស្មើនឹង​ការរត់​១០០​ម៉ែត្រ ក្នុង​ថេរវេលា​៩,៥៥​វិនាទី បើ​ប្រៀបធៀប​នឹង​កំណត់ត្រា​ពិភពលោក​គឺ ៩,៥៨​វិនាទី ដែល​ធ្វើបាន​ដោយ​អតីត​កំពូល​អ្នករត់​ប្រណាំង​សញ្ជាតិ​ហ្សា​ម៉ា​អ៊ិ​ក Usain Bolt​។ Bolt វ័យ​៣៣​ឆ្នាំ ដែលមាន​រហ្សនាម​ស្តេច​ល្បឿន​និង​បាន​ចូលនិវត្តន៍​ទៅហើយ ធ្លាប់ជា​ម្ចាស់​មេដាយមាស​រត់​ចម្ងាយ​អូឡាំពិក​យ៉ាងច្រើន​។​
 
​សម្រាប់​បុរស​ជនជាតិ​ឥណ្ឌា Gowda វិញ ក្រោយ​បង្ហាញ​ទេពកោសល្យ រូបគេ​ទទួលបាន​កិត្តិ​ពី​កម្មវិធី និង​ទទួលបាន​ការអញ្ជើញ​ពី​រដ្ឋមន្ត្រី​កីឡា​ឥណ្ឌា​ដើម្បី​ឲ្យ​រូបគេ​ចូលរួម​ក្នុងការ​សាកល្បង​សមត្ថភាព​ផង​។​
 
​ម្យ៉ាងវិញទៀត បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក លោក Nishant Shetty ដែលជា​ម្ចាស់​ក្របី​អះអាងថា ក្របី​របស់លោក​បាន​រំខាន់​ដល់​ការរត់​របស់ Gowda ផង បើ​មិន​ដូច​ឆ្នោះ​ទេ​រូបគេ​នឹង​រត់​បាន​លឿន​ជាងនេះទៅទៀត​។​
 
Kambala គឺជា​ពិធីបុណ្យ​ប្រចាំឆ្នាំ​មួយ​ក្នុង​វិស័យ​កសិកម្ម​ដែល​ធ្វើឡើង​នៅ​រដូវរងារ ក្នុង​រដ្ឋ Karnataka ប្រទេស​ឥណ្ឌា ហើយ​អ្នក​ដែល​ចូលរួម​ប្រកួត​សុទ្ធតែជា​អ្នក​ជោគជាំ​ជាមួយ​ភក់​ក្នុង​វាលស្រែ និង​ក្របី​តាំងពីក្មេង​មក​។​
 
​បុរស Gowda ដែល​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​រដ្ឋ Karnataka នៅ​ថ្ងៃទី​១៧ កុម្ភៈ បាន​បដិសេធ​ទៅ​សាកល្បង​សមត្ថភាព ដោយ​លើក​ហេតុផល​ថា​រូបគេ​ផ្តោតអារម្មណ៍​លើ​កីឡា​របស់គេ​នេះ​ទេ ហើយ​បន្ថែមថា​កម្មវិធី Kambala និង​ព្រឹត្តិការណ៍​ផ្សេងទៀត​គឺ​ខុសគ្នា​៕
 


Tag:
 Usain Bolt
  Srinivas Gowda
© រក្សាសិទ្ធិដោយ thmeythmey.com