អន្តរជាតិ
អ្នកដឹកនាំរឿងល្បីឈ្មោះនៅហ៊ូប៉ី និងសមាជិកគ្រួសារបីនាក់ស្លាប់ដោយសារ COVID-19
× ជារឿងគួរសោកសៅ អ្នកដឹកនាំភាពយន្តល្បីឈ្មោះម្នាក់នៅខេត្តហ៊ូប៉ី រួមទាំងឪពុកម្ដាយ និងប្អូនស្រីរបស់គាត់ បានស្លាប់ទាំងអស់គ្នាដោយសារជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយកូរ៉ូណាវីរុស (COVID-19) ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកចិន Caixin ។ នេះជាករណីស្លាប់គួរឲ្យកត់សម្គាល់មួយទៀតក្នុងករណីស្លាប់ជាច្រើននៅក្នុងទឹកដីចិនដែលកំពុងរួមរឹតដោយកូរ៉ូណាវីរុស។
បើតាមទស្សនាវដ្ដី Caixin អ្នកដឹកនាំភាពយន្តឈ្មោះ Chang Kai វ័យ៥៥ឆ្នាំ បានបាត់បង់ជីវិតកាលពីថ្ងៃទី១៤ កុម្ភៈកន្លងទៅ បន្ទាប់ពីឆ្លងកូរ៉ូណាវីរុសពីឪពុករបស់លោក។ ឪពុកម្ដាយរបស់លោក បានបាត់បង់ជីវិតដោយសារជំងឺនេះមុនលោកពីរសប្ដាហ៍។ ចំណែកប្អូនស្រីរបស់លោក បានស្លាប់ក្រោយលោកប៉ុន្មានម៉ោងប៉ុណ្ណោះ ខណៈប្រពន្ធរបស់លោក Chang វិញ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ទស្សនាវដ្ដីខាងលើបន្តថា លោក Chang មើលថែឪពុករបស់លោកដែលធ្លាក់ខ្លួនឈឺនៅចុងខែមករា ហើយក៏បាននាំយកគាត់ទៅកាន់មន្ទីរពេទ្យផងដែរ ប៉ុន្តែមិនអាចរកគ្រែសម្រាកបាន។ ឪពុកលោក Chang ក៏ស្លាប់នៅថ្ងៃទី២៨ ខែមករាដោយសារវីរុសនេះ ហើយគេជឿថា វាក៏បានឆ្លងទៅកាន់សមាជិកគ្រួសារដទៃទៀតដែរ។ ក្រោយមក ម្ដាយលោក Chang ក៏ស្លាប់ ឯរូបលោកក៏ជាមនុស្សបន្ទាប់ដែលបានធ្លាក់ខ្លួនឈឺ។
មុនស្លាប់ លោក Chang បានសរសេរសំបុត្រទៅកាន់មនុស្សជិតស្និទ្ធ និងកូនប្រុសដែលកំពុងរស់នៅទឹកដីអង់គ្លេសផងដែរ។
ករណីឆ្លងមួយគ្រួសារបែបនេះ ធ្វើឲ្យមានការសង្ស័យថា បណ្ដាលមកពីវិធានការរបស់អាជ្ញាធរខេត្តហ៊ូប៉ី ពិសេសទីក្រុងវូហានដែលហាមប្រជាជនចេញពីផ្ទះ ឬក៏ការដាក់ឲ្យអ្នកសង្ស័យឆ្លងកូរ៉ូណាវីរុសនៅជាមួយគ្នាជាក្រុមៗ។ វិធានការនេះ អាចទប់ស្កាត់ការឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែវាក៏មានហានិភ័យខ្ពស់ដែលវីរុសអាចឆ្លងពីអ្នកជំងឺទៅមនុស្សក្បែរខាងពួកគេ។
សូមបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់២០១០នាក់ហើយ បើគិតត្រឹមរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ នេះ ដោយខេត្តហ៊ូប៉ី មានអ្នកស្លាប់១៣២នាក់បន្ថែមទៀត។ តួលេខអ្នកជំងឺកើនឡើងដល់ប្រមាណ៧៥ ០០០នាក់ នៅប្រទេសចំនួន២៦ ដោយភាគច្រើនបំផុតនៅចិន ជាពិសេសនៅក្រុងវូហានដែលជាកន្លែងផ្ទុះជំងឺតែម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com