អន្តរជាតិ
COVID-19៖ អ្នកស្លាប់ទាំង២នាក់នៅ Diamond Princess ជាជនជាតិជប៉ុនវ័យ៨៤ឆ្នាំ និង៨៧ឆ្នាំ
× អ្នកដំណើរពីរនាក់លើនាវា Diamond Princess ដែលចតនៅផែ Yokohama បានស្លាប់។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ NHK នាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ។ អ្នកស្លាប់ទាំងពីរនាក់នោះ ជាបុរស និងស្ត្រីដែលមានវ័យជាង៨០ឆ្នាំ ដែលសុទ្ធតែជាជនជាតិជប៉ុន។ កន្លងមក ជនជាតិជប៉ុនម្នាក់ត្រូវបានវាយការណ៍ផងដែរថា ស្ថិតក្នុងចំណោមបរទេសពីរនាក់ដែលស្លាប់នៅវូហាន ដោយម្នាក់ទៀតជាជនជាតិអាមេរិក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន NHK ដោយដកស្រង់ប្រភពព័ត៌មានរដ្ឋាភិបាល អ្នកដំណើរពីរនាក់ដែលស្លាប់ព្រោះជំងឺ COVID-19 គឺបុរស ដែលស្ថិតក្នុងវ័យ ៨៧ឆ្នាំ និងស្ត្រីវ័យ៨៤ឆ្នាំ។ ករណីស្លាប់នេះ កើតឡើងខណៈអ្នកដំណើរក្រុមទី២ បានចាប់ផ្ដើមចាកចេញពីនាវាទេសចរណ៍ Diamond Princess ក្រោយដាក់ឲ្យនៅដាច់ដោយឡែក ២ សប្តាហ៍លើនាវា។
តាមប្រភពព័ត៌មានដដែល អ្នកស្លាប់ទាំងពីរ ដែលពុំទាន់ត្រូវបានបង្ហាញអត្តសញ្ញាណ បានមានរោគសញ្ញាជំងឺ ហើយបានបញ្ជូនចេញពីនាវាទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល កាលពីថ្ងៃ១១ ខែកុម្ភៈ និងម្នាក់ទៀតនៅថ្ងៃ១២ ខែកុម្ភៈ ។
នាវា Diamond Princess ត្រូវបានជប៉ុនឃាត់ទុកតាំងពីថ្ងៃទី៣ ខែកុម្ភៈ មកម្ល៉េះ នាកំពង់ផែ Yokohama បន្ទាប់ពីជប៉ុនរកឃើញបុរសហុងកុងម្នាក់មានផ្ទុកCOVID-19។ ចាប់តាំងពីឃុំឃាំង នាវាទេសចរណ៍ដែលមានមនុស្សប្រមាណ ៣៧០០នាក់រួចមក ជប៉ុនបានរកអ្នកផ្ទុកកូរ៉ូណាវីរុសជាបន្តបន្ទាប់ និងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ គេរកឃើញ COVID-19 នៅក្នុងនាវាទេសចរណ៍មួយគ្រឿងនេះ កើនដល់ចំនួន ៦២០ករណី។
សូមបញ្ជាក់ថា នាវា Diamond Princess បានចាកចេញពីកំពង់ផែ Yokohama នាថ្ងៃទី២០ ខែមករា និងបានធ្វើដំណើរទៅហុងកុង វៀតណាម និងតៃវ៉ាន់ មុនពេលត្រលប់មកកំពង់ផែ Yokohama វិញ នៅថ្ងៃទី៣ ខែកុម្ភៈ៕
Tag:
កូរ៉ូណាវីរុស
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com