ជាតិ
គណៈកម្មាធិការ​សិទ្ធិមនុស្ស បង្ហាញ​ពី​លទ្ធផល​ស៊ើបអង្កេត​ករណី​ស្លាប់​ទារិកា​អាយុ​៥​ខែ​
20, Feb 2020 , 10:51 am        
រូបភាព
ដោយ:
​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចាត់​មន្ត្រី​ខ្លួន ឲ្យ​ចុះទៅ​ស៊ើបអង្កេត​នៅ​មជ្ឈមណ្ឌល​កែប្រែ​ទី​២(​ព្រៃ​ស​) ក្រោយ​មាន​ករណី​ស្លាប់​ទារិកា​អាយុ​៥​ខែ​។ លទ្ធផល​បាន​បង្ហាញថា ទារិកា​នោះ​ពិតជា​ស្លាប់​ដោយសារ​រលាក​សួត​ធ្ងន់ធ្ងរ ប៉ុន្តែ​ជាមួយគ្នានេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស បានសម្រេច​ផ្តល់​មេធាវី​ជួន​ដល់​ស្ត្រី​ជាប់ឃុំ​ដែលជា​ម្តាយ​របស់​ទារិកា រួមទាំង​ការស្នើសុំ​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។

 
​ចំពោះ​ករណី​ស្លាប់​របស់​ទារិកា​នេះ លោក អំ សំអាត នាយករង​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ស្នើ​ឲ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ ព្រោះ លោក សង្កេតឃើញថា ទារិកា​ដែល​ស្លាប់​នោះ បាន​បាក់​ឆ្អឹងភ្លៅ​ម្ខាង ដោយ​មិនដឹង​មូលហេតុ​។ បន្ថែម​លើ​នេះ លោក ស្នើ​ឲ្យ​បង្កើត​គោលការណ៍​ណែនាំ​ច្បាប់​ពាក់ព័ន្ធ​នីតិវិធី​បញ្ជូន​កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​មន្ទីរពេទ្យ​។​
 
​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ថ្ងៃទី​១៩ កុម្ភៈ ឆ្នាំ​២០២០ នេះ បាន​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះទៅ​កាន់​មណ្ឌល​កែប្រែ​ទី​២ ដើម្បី​ស៊ើបអង្កេត​រក​មូលហេតុ​ពិត​នៃ​ការស្លាប់​បាត់បង់​ជីវិត​របស់​ទារិកា​អាយុ​៥​ខែ​ម្នាក់​។ ប្រតិបត្តិការ​ស៊ើបអង្កេត​នេះ ដឹកនាំ​ដោយ​លោក ជូ ហេង សមាជិក​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត និង​អប់រំ​សិទ្ធិមនុស្ស រួមជាមួយ​មន្ត្រី​ជំនាញ​ជាច្រើនរូប​ទៀត​។​
 
​ក្រោយ​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាង​ពី​ករណី​ស្លាប់​របស់​ទារិកា​អាយុ​៥​ខែ​នោះ ដែលមាន​ម្តាយ​ជាប់ចោទ​ពីបទ​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​។ ទារិកា​នោះ បាន​ស្លាប់​នៅ​ថ្ងៃទី​២៦ ខែមករា ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។​
 
​ខាង​ពន្ធនាគារ​ក៏បាន​អះអាង​ប្រាប់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ផងដែរ​ពី​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​ក្នុងការ​បញ្ជូនទៅ​ព្យាបាល ប៉ុន្តែ​ជាមួយគ្នានេះ ក្រុម​ស៊ើបអង្កេត​ពិនិត្យឃើញថា ស្ត្រី​ជាប់ឃុំ​មិន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការពារ​ខ្លួន​។​
​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានសម្រេច​ផ្តល់​មេធាវី​ការពារ​ក្តី​ដោយ​ឥតគិតថ្លៃ​សម្រាប់​ស្ត្រី​ជាប់ឃុំ​ដែលជា​ម្តាយ​របស់​ទារិកា ហើយក៏​បានស្នើ​សុំ​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ផងដែរ​។​
 
​លោក នុត សវ​នា អគ្គនាយករង​និង​ជា​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា​៖ «​យើង​បាន​ស្រាវជ្រាវ​លើ​ករណី​ហ្នឹង ថា​តើ​ជា​កំហុស​របស់​មន្ត្រី​យើង ឬក៏​ជា​កំហុស​ខាង​មន្ទីរពេទ្យ​ដែល​មិនបាន​យកចិត្តទុកដាក់​។ ជាក់ស្ដែង​មន្ត្រី​យើង​បាន​បញ្ជូន​កុមារ​ទៅ​ព្យាបាល​ហើយ នៅពេល​គាត់​មាន​អាការ​មិន​ស្រួល​ហ្នឹង ប៉ុន្តែ​ក្នុង​របាយការណ៍​មិនសូវ​យកចិត្តទុកដាក់ ហើយ​គាត់​បដិសេធ​មិន​ទទួល​»៕ 
 

Tag:
 CHRC
  កែវ រ៉េមី​
  ពន្ធនាគារ​
  ទារិកា​៥​ខែ
© រក្សាសិទ្ធិដោយ thmeythmey.com