កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Mourinho ថា​តារា​ឆ្នើម Spurs ស្លាប់​អស់ហើយ ក្រោយ​ចាញ់ Leipzig ក្នុង​ដី
20, Feb 2020 , 11:38 am        
រូបភាព
​ក្រុម Tottenham Hotspur ប្រកួត​ចាញ់ RasenBallsport Leipzig ១-០ ក្នុងជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម ពានរង្វាន់ UEFA Champions League​។ បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​នេះ អ្នកចាត់ការ​លោក Jose Mourinho មិនបាន​ស្តីបន្ទោស​ឲ្យ​កូនក្រុម​ខ្លួន​ឡើយ ប៉ុន្តែ​បែរជា​ថា​តារា​ឆ្នើមៗ​របស់ Spurs នឹង​ស្លាប់​អស់ហើយ និង​មាន​បញ្ហា​កាយសម្បទា​មិន​ខាន ព្រោះ​ខ្វះ​កីឡាករ​។​


 
​ក្នុងជំនួប​ជើង​ទី​១ ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Tottenham Hotspur រាត្រី​ថ្ងៃទី​១៩ ខែកុម្ភៈ ខ្សែប្រយុទ្ធ​ឆ្នើម Timo Werner ជា​អ្នករក​គ្រាប់​ជ័យជម្នះ​ជូន Leipzig តាមរយៈ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៥៨ បន្ទាប់ពី​ខ្សែ​ការ Ben Davies របស់ Spurs បង្កើត​កំហុស​នៅ​តំបន់​គ្រោះថ្នាក់​។​
 
​បរាជ័យ​ជើង​ទី​១​វគ្គ​១/៨​ក្រុម​ចុង​ក្រោយនេះ​នឹងធ្វើ​ឲ្យ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ដែលជា​ម្ចាស់​ជើងឯក​រង​ក្របខណ្ឌ​អឺរ៉ុប​រដូវ​កាល​មុន​ត្រូវ​ធ្វើការ​ធ្ងន់​សម្រាប់​ការប្រកួត​ជើង​ទី​២ ដែល​ធ្វើឡើង​នៅ​ទឹកដី Leipzig នៅ​ថ្ងៃទី​១០ ខែមីនា​។​
 
​ការបាត់បង់​ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane និង Son Heung-min ដោយសារ​របួស​ពិតជា​ធ្វើ​ឲ្យ Spurs ពិបាក​ក្នុងការ​វាយបក​នៅពេល​ត្រឡប់​ទៅកាន់​ទឹកដី​អាល្លឺម៉ង់​មិន​ខាន​។​
 
«​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ដែល​បាន​គាំទ្រ​ក្រុម​កីឡាករ ហើយ​អ្វីដែល​ខ្ញុំ​ព្រួយបារម្ភ​មិនមែន​លទ្ធផល ១-០ នេះ​ទេ​។ ១-០ គឺជា​លទ្ធផល​តិចតួច​ប៉ុណ្ណោះ​។ តែ​អ្វីដែល​សំខាន់​គឺ​លទ្ធភាព​ដែល​យើង​អាច​ទៅ​ត្រឡប់​ទៅ​ទីនោះ និង​ជ័យជម្នះ​»​។ Mourinho បាន​ប្រាប់ BT Sport បែបនេះ​ក្រោយ​ចប់​ការប្រកួត​។​
 
​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​បន្ថែមថា​៖«​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយបារម្ភ​នោះ​គឺ​កីឡាករ​របស់​យើង​ត្រូវ​លេង​នៅ​ប្រកួត​បន្ទាប់ និង​ការប្រកួត​ជាច្រើន​ទៀត​។ យើង​ត្រូវ​លេង​ទល់ Chelsea ចុង​សប្តាហ៍​នេះ​។ អ្នក​អាច​ឃើញ Lucas Moura, Steven Bergwijn ក៏ដូចជា Giovani Lo Celso ស្លាប់​មិន​ខាន​។ ខ្ញុំ​ពិតជា​មាន​មោទកភាព​ចំពោះ​កីឡាករ ហើយ​ពួកគេ​ពិតជា​ធ្វើបាន​អស្ចារ្យ​ណាស់ តែ​ស្ថានភាព​របស់​យើង​ពេលនេះ​គឺ​យើង​ពិតជា​ជួប​បញ្ហា​មែន​។ អ្វីដែល​ខ្ញុំ​ព្រួយបារម្ភ​ទៀត​នោះ​គឺមាន Premier League និង FA Cup ក្រៅពី Champions League»​។​
 
Spurs ត្រូវមាន​កាតព្វកិច្ច​សំខាន់ ក្នុងការ​ដណ្តើមយក​ចំណាត់ Top 4 ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ដើម្បី​បាន​កៅអី​លេង​ក្របខណ្ឌ​អឺរ៉ុប​រដូវ​កាល​ក្រោយ​។​
​ដោយឡែក​មួយគូ​ទៀត ក្នុងជំនួប​ជើង​ទី​១​ដូចគ្នានេះដែរ ម្ចាស់ផ្ទះ Atalanta បាន​យកឈ្នះ Valencia ក្នុង​លទ្ធផល ៤-១៕



Tag:
 Jose Mourinho
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com