ជាតិ
ទោះ​មាន COVID-19 តែមួយ​ករណី WHO ប្រាប់​កម្ពុជា​ត្រៀម​ឆ្លើយតប​ឲ្យ​ទាន់ពេល​
20, Feb 2020 , 12:23 pm        
រូបភាព
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។ រូបថត AFP
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។ រូបថត AFP
ដោយ:
​អង្គការ​សុខភាព​ពិភពលោក (WHO) ទទូច​ឲ្យ​កម្ពុជា​ត្រៀមលក្ខណៈ​ឆ្លើយតប​ឲ្យ​ទាន់ពេលវេលា​ក្នុងករណី​ផ្ទុះ​រាលដាល​នាពេល​អនាគត​នៃ​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ការលើកឡើង​បែបនេះ ធ្វើ​ឡើងខណៈ WHO កត់សម្គាល់​ឃើញថា ការ​រាលដាល​នៃ​ជំងឺ COVID-19 នៅតែ​បន្ត​នៅ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក ទោះបីជា​មានការ​ថមថយ​ការឆ្លង​នៅក្រៅ​បរទេស​ចិន ដែលជា​ចំណុច​ផ្តើម​នៃ​ការផ្ទុះ​វីរុស​នេះ​ក៏ដោយ​ក្តី​។ ទន្ទឹមនេះ អង្គការ​អន្តរជាតិ​មួយ​នេះ បាន​សង្កត់ធ្ងន់ថា COVID-19 នៅតែ​ជា​អាសន្ន​សុខភាព​សាធារណៈ​ជា​សាកល​ដដែល ដែល​ត្រូវ​បានប្រកាស កាលពី​ថ្ងៃ ៣០ មករា ឆ្នាំ​២០២០​កន្លងទៅ​។​



​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះផ្សាយ​ថ្ងៃ​១៩ ខែកុម្ភៈ អង្គការ​សុខភាព​ពិភពលោក ស្នើសុំ​យ៉ាង​ពេញទំហឹង​ឲ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់ ដែលមាន​ទាំង​កម្ពុជា​ផង​នោះ យកចិត្តទុកដាក់​លើ​ការត្រៀមខ្លួន​សម្រាប់​ការឆ្លើយតប​យ៉ាង​ល្អ​ចំពោះ​ករណី​ឆ្លង COVID-19 បន្ថែម និង​ការឆ្លង​សាយភាយ​កាន់តែ​ធំ​ដែល​អាច​កើតមានឡើង​។ ត្រង់នេះ អង្គការ WHO សង្កត់ធ្ងន់ថា ចំណាត់ការ​ឆ្លើយតប​នានា​ពី​សំណាក់​រដ្ឋាភិបាល​ទាំងអស់ គប្បី​អនុលោម​តាម ផែនការ​ឆ្លើយតប​និង​ការត្រៀម​លក្ខណៈ​បែប​យុទ្ធសាស្ត្រ COVID-19 ដែល​ដាក់ចេញ​ដោយ WHO ។​

«​ក្នុងប្រទេស​កម្ពុជា ខណៈ WHO បាននិងកំពុង​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស​និង​ប្រតិបត្តិការ​ដល់​ក្រសួងសុខាភិបាល​ក្នុងការ​ឆ្លើយតប​ចំពោះ​ករណី​ឆ្លង​ទីមួយ (​បុរស​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុ​) ក៏ដូចជា​ហេតុការណ៍​នាវា​ទេសចរណ៍ Westerdam ការត្រៀម​លក្ខណៈ​សម្រាប់​លទ្ធភាព​ឆ្លង​កាន់តែ​ធំ គឺ​នៅតែមាន​សារសំខាន់​»​។ អង្គការ WHO បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខ្លួន​។

​មកទល់ពេលនេះ ប្រទេស កម្ពុជា បាន​រកឃើញ​ករណី​ឆ្លង COVID-19 តែមួយគត់ ហើយ​អ្នកជំងឺ​នោះ​ដែលជា​ជនជាតិ​ចិន​មកពី​វូ​ហាន បានជា​សះស្បើយ និង​បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ​នេះ​។ ទោះជា​បែបនេះ​ក្តី អង្គការ WHO បានលើកឡើង​ជា​ក្តីកង្វល់​ថា ក្រោយ​ហេតុការណ៍​នាវា Westerdam កើតឡើង ដែលមាន​ស្ត្រី​ជា​អ្នកទេសចរ​អាមេរិក​លើ​នាវា​នេះ​បាន​រកឃើញថា​មាន​ផ្ទុក COVID-19 ក្នុងប្រទេស​ម៉ាឡេស៊ី  សកម្មភាព​ត្រៀមលក្ខណៈ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា មាន​ភាពចាំបាច់​ដើម្បី​ធានា​ឲ្យ​បាន​ពី​ការឆ្លើយតប​ទាន់ពេលវេលា​។

«​ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការឆ្លង​រាលដាល​តាម​សហគមន៍ អង្គការ WHO កំពុងធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល (​កម្ពុជា​) និង​បណ្ដា​ដៃគូ​ផ្សេងទៀត ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ការត្រៀម​លក្ខណៈ​ថ្នាក់ជាតិ​របស់​កម្ពុជា និង​ផែនការ​ឆ្លើយតប ព្រមទាំង​កំណត់​គម្លាត​សម្រាប់​គោលដៅ​ត្រៀមខ្លួន​ដែលជា​អាទិភាព​»​។ អង្គការ WHO គូសបញ្ជាក់​បែបនេះ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខ្លួន​។​

​សូមបញ្ជាក់ថា ក្រសួងសុខាភិបាល​កម្ពុ​ជា ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​២០ ខែកុម្ភៈ បាន​គូសបញ្ជាក់ថា សំណាក​ចំនួន ១២៨៦ នាក់​ចុងក្រោយ​ក្នុងចំណោម​អ្នក​លើ​នាវា​ជាង​២​ពាន់​នាក់ បានធ្វើ​តេស្ត​ទាំងអស់ ហើយ​លទ្ធផល បង្ហាញ អវិជ្ជមាន សម្រាប់ COVID-19​។ ក្រសួង​បន្តទៀតថា ស្ថានភាព​សុខភាព​ទូទៅ​របស់​អ្នកដំណើរ​ទាំងអស់ មាន​សភា​ល្អប្រសើរ និង​មិនមាន​អ្នក​ឡើង​កំដៅ​ខ្លួន​ឡើយ​។ អ្នកដំណើរ​នាវា Westerdam ទាំងអស់នេះ គឺជា​អ្នក​ដែល​នៅ​សេសសល់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត ព្រះសីហនុ ៕





Tag:
 កម្ពុជា​
  WHO
  អង្គការ​សុខភាព​ពិភពលោក​
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com