អ្នកលក់​អន​ឡាញ ថៃ ស្រី​នាង អាច​ជាប់ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ ពីបទ​បង្ហោះ​រូបភាព​អាសអាភាស
ជាតិ
សង្គមជាតិ
អ្នកលក់​អន​ឡាញ ថៃ ស្រី​នាង អាច​ជាប់ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ ពីបទ​បង្ហោះ​រូបភាព​អាសអាភាស
20, Feb 2020 , 4:33 pm        
រូបភាព
ស្ត្រី​លក់​ឡេ ថៃ​ ស្រីនាង ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​តុលា​ដើម្បីដោះស្រាយ​តាម​ច្បាប់ នាថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ រូបភាពពី​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​
ស្ត្រី​លក់​ឡេ ថៃ​ ស្រីនាង ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​តុលា​ដើម្បីដោះស្រាយ​តាម​ច្បាប់ នាថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ រូបភាពពី​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​
​ភ្នំពេញ​៖  ស្ត្រី​ឈ្មោះ វ៉ាន់ រចនា ដែល​គេ​ស្គាល់​តាម​ហ្វេ​ស​ប៊ុ​កថា ថៃ ស្រី​នាង តាមរយៈ​ការលក់​សម្លៀកបំពាក់​តា​ម​អន​ឡាញ  ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ពីបទ​បង្ហោះ​រូបភាព​ដែល​បង្ហាញ​ដើមទ្រូង​ដែល​ប៉ះពាល់​ដល់​តម្លៃសង្គម ដោយ​យោងតាម​មាត្រា​៣៨-៣៩ ស្តីពី​ច្បាប់​ប្រឆាំង​ការជួញដូរ​មនុស្ស ការពារ​អនីតិជន ដែល​អាច​ជាប់ពន្ធនាគា​រ​ពី​១​ខែ ទៅ​១​ឆ្នាំ​។  នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​។

 
​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា មុន​ឈានដល់​ការឃាត់ខ្លួន​ស្ត្រី​អ្នកលក់​នេះ ដោយសារតែ​ស្ត្រី​រូបនេះ តែង​តែង​បង្ហោះ​រូបភាព និង​វីដេអូ​បែប​ស៊ី​ច​ស៊ី លេច​លើ លេច​ក្រោម ដែល​នាំ​ឲ្យ​ខូច​តម្លៃ​ខ្លួន​ជា​ស្ត្រី​ខ្មែរ​។ ក្រោយពី​ស្ត្រី​រូបនេះ ត្រូវបាន​អាជ្ញាធរ​កោះហៅ ពន្យល់​ណែនាំ និង​បានធ្វើ​កិច្ចសន្យា​ដោយ​បញ្ឈប់​ឲ្យ​មាន​សកម្មភាព​នេះ និង​ទុក​ឱកាស​ឲ្យ​កែខ្លួន​ម្តង​រួចមកហើយ ប៉ុន្តែ​ស្ត្រី​រូបនោះ​នៅតែ​មិន​រាងចាល ទើប​អាជ្ញាធរ​ឈានដល់​ការឃាត់ខ្លួន​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​
 
​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​បន្ទាប់ពី​ធ្វើ​កិច្ចសន្យា និង​សារភាព​កំហុស​រួច នៅវេលា​ម៉ោង​១១​កន្លះ​ព្រឹក អាជ្ញាធរ​ក៏បាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ ស្រាប់តែ​ម៉ោង​២​កន្លះ​នៅ​ថ្ងៃ​ដដែល នាង​នៅតែ​មិន​រាងចាល ថែមទាំង​ផុស​រូប​អាក្រាតកាយ ដែល​ស្លៀក​តែ​ខោ​លី​អូ​»​។ 
 
​បើតាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទង្វើ​របស់​ស្ត្រី​រូបនោះ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ត្រី​ខ្មែរ និង​ប៉ះពាល់​ដល់​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​។  នាង​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ផុស​រូបភាព និង​សម្ភារ​អាសអាភាស​។​
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ឲ្យ​បិទ​គណនី និង ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬ​បណ្តាញ​សង្គម​ណា ដែល​ផ្សាយ​លក់​ផលិតផល ដោយ​ការបញ្ចេញ​កេរ​ខ្មាស និង​ប្រើពាក្យ​អសុរោះ​៕
 

Tag:
 សមត្ថកិច្ច​
 ​ថៃ ស្រី​នាង
© រក្សាសិទ្ធិដោយ thmeythmey.com