ជាតិ
រដ្ឋាភិបាល គ្រោងកែច្បាប់ដកសិទ្ធិបើកបរ ចំពោះអ្នកបើកបរខុសច្បាប់បីឬបួនដង
20, Feb 2020 , 4:46 pm        
រូបភាព
រូបពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
រូបពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឲ្យស្ថាប័នពាក់ព័ន្ធ ពិភាក្សាគ្នាពីការកែច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពិន័យឲ្យតែធ្ងន់ធ្ងរលើអ្នកបើកបរខុសច្បាប់។ សម្តេច លើកជាយោបល់ថា ពេលបើកខុសម្តង សមត្ថកិច្ច ត្រូវផាកប្រាក់ពីម្ចាស់រថយន្តនោះម្តង ពេលខុសម្តងទៀត ការផាកប្រាក់ ត្រូវគុណជាពីរ ដល់ពេលខុសលើកទីបី ការផាកប្រាក់ ត្រូវគុណជាបី។



ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា៖«...អាទីបីនេះ បានសេចក្តីថា ដល់ឱកាសដកសិទ្ធិមិនឲ្យបើកបរមួយឆ្នាំឬពីឆ្នាំតែម្តង ក្នុងរយៈពេលហ្នឹង គាត់ឲ្យកូនគាត់ឬអ្នកណាបើកឲ្យសិនទៅ ព្រោះគាត់អាងតែលុយ ដើរតែបុកគេ។ ដល់គ្រប់មួយ ឬពីរឆ្នាំ ចាំយើង ឲ្យសិទ្ធិបើកបរវិញ»។

ប្រមុខរដ្ឋាភិបាល បន្តថា៖«ខ្ញុំ គាំទ្រឲ្យធ្វើពិធីនេះ ពិភាក្សាគ្នាទៅ។ ពេលយើង កាត់សិទ្ធិ តើប៉ុន្មានដង ចាំយើងកាត់សិទ្ធិ ត្រឹមបីដងឬបួនដង ហើយការកត់សិទ្ធិហ្នឹងទៀត កាត់សិទ្ធិមួយឆ្នាំឬពីឆ្នាំ ឬកាត់សិទ្ធិរយៈពេលប៉ុន្មាន តែត្រូវតែមានតែម្តង»។

មេដឹកនាំរូបនេះ បន្ថែមថា៖«បើមិនអ៊ីចឹង ពួកគាត់ នៅតែបំពានរហូត អាងអីអាងទឹកលុយ អ៊ីចឹងទាល់តែយកអ្នកខុសច្បាប់ហ្នឹង ចេញពីផ្លូវឲ្យអស់ ដោយទុកពួកគាត់នៅក្នុងផ្ទះ អត់ឲ្យបើក។ ពួកគាត់ អាចធ្វើដំណើរបាន តែពួកគាត់ អត់មានសិទ្ធិបើកតែប៉ុណ្ណឹង។ វិធីនេះ មិនមែនវិធីទណ្ឌកម្មចំពោះពួកគាត់ទេ តែជាវិធីការពារជីវិតគាត់ទៅវិញទេ»៕

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com