កីឡាជាតិ
ជាតិ
អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​ស្នាដៃ​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ នឹង​ជួសជុល​ចប់​នៅ​ចុងខែ​កុម្ភៈ​
21, Feb 2020 , 8:59 am        
រូបភាព
អាងហែលទឹកពហុកីឡដ្ឋានជាតិ, រូបភាពសហព័ន្ធខ្មែរកីឡាហែលទឹក
អាងហែលទឹកពហុកីឡដ្ឋានជាតិ, រូបភាពសហព័ន្ធខ្មែរកីឡាហែលទឹក
ដោយ:
​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ នឹង​បញ្ចប់​ការជួសជុល និង​ស្តារឡើងវិញ​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដែល​អះអាងថា សមិទ្ធផល​ធំៗ​នៃ​អាង​ហែល​ទឹក​នេះ​បាន​ជួសជុល​រួចរាល់​ហើយ នៅឡើយ​តែ​បំពាក់​គ្រឿង​បរិក្ខា​បច្ចេកទេស និង​សម្ភារ​មួយចំនួន​ប៉ុណ្ណោះ​។​

 
​ក្រោយ​បើក​ការដ្ឋាន​ជួសជុល និង​ស្តារឡើងវិញ​តាំងពី​ខែតុលា ឆ្នាំ​២០១៨ អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ បានបញ្ចប់​ការជួសជុល​អាង​ហែល និង​អាង​លោតទឹក​១០០​ភាគរយ​ហើយ ខណៈ​បច្ចុប្បន្ន​ក្រុម​វិស្វករ​កំពុង​បំពាក់​បរិក្ខា​បច្ចេកទេស និង​សម្ភារ​បម្រើ​ឲ្យ​ការប្រកួត​មួយចំនួន​។ អាង​ហែល​ទឹក​នេះ គ្រោង​បញ្ចប់​ការជួសជុល​ជា​ស្ថាពរ​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​។  
 
«​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​មកទល់ពេលនេះ​បានបញ្ចប់​ការជួសជុល​ជា​ស្ថាពរ​ហើយ យើង​នៅតែ​បំពាក់​គ្រឿង​បរិក្ខា ដែលជា​សម្ភារ​បច្ចេកទេស​មានដូចជា​កន្លែង​លោត​ដេ​ប៉ា ក្តារ​រលាស់​សម្រាប់​ប្រកួត​លោតទឹក និង​សម្ភារ​បច្ចេកទេស​មួយចំនួន​។ យើង​នៅ​រង់ចាំតែ​ការពិនិត្យ​គុណភាព និង​សាកល្បង​នូវ​សម្ភារ​បច្ចេកទេស​ទាំងអស់​នឹង​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។ 
 
​តាម​គម្រោង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឺ​កបាន​បញ្ជាក់ថា ការជួសជុល និង​ស្តា​រអាង​ហែល​ទឹក​នេះ គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៩​។ ប៉ុន្តែ​មកទល់ពេលនេះ​ការជួសជុល​បានអូសបន្លាយ​ពេល​ជាង​១​ឆ្នាំ​ហើយ​។ 
 
​បើតាម​លោក ហែម គី​រី បញ្ហាយឺតយ៉ាវ​នេះ គឺ​បណ្តាលមកពី​សហព័ន្ធ​បាន​កែប្រែ​សម្ភារ​បច្ចេកទេស​មួយចំនួន ដើម្បី​ធ្វើ​ឲ្យ​អាង​ហែល​ទឹក​នេះ​មាន​គុណភាព​ស្របតាម​ស្តង់ដារ​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​ការជួសជុល​កន្លែង​ខ្លះ​ត្រូវ​ចំណាយពេល​ច្រើន​។ 
 
​ក្រោយ​ការជួសជុល​រួចរាល់​ជា​ស្ថាពរ អាង​ហែល​ទឹក​នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ហ្វឹកហាត់ និង​ធ្វើការ​សម្រាប់​កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​មន្ត្រី​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។ ព្រោះ​ក្រៅពី​អាង​ហែល​ទឹក​និង​លោត​ទឹង ក៏មាន​កន្លែង​ហាត់​សាច់ដុំ អគារ​ស្នាក់នៅ​របស់​កីឡាករ​កីឡាការិនី គ្រូបង្វឹក អាហា​រដ្ឋា​ន និង​ការិយាល័យ​ធ្វើការ​ផងដែរ​។​
 
​មកទល់ពេលនេះ យើង​មិនទាន់​ដឹង​តួលេខ​ជាក់លាក់ នៃ​ការចំណាយ​លើ​ការជួសជុល​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​នៅឡើយ​ទេ​។ ប៉ុន្តែ​បើតាម​ការលើកឡើង​រប​ស់លោក ស៊ុន ចាន់ថុល ក្នុង​ថ្ងៃ​បើក​ការដ្ឋាន​ជួសជុល​និង​ស្តារឡើងវិញ កាលពី​ថ្ងៃទី​២៦ តុលា ឆ្នាំ​២០១៨ គម្រោង​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក​។ 
 
​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​សាងសង់ឡើង​ចន្លោះ​ពី​ឆ្នាំ​១៩៦១-១៩៦៥ ជា​ស្នាដៃ​របស់​បិតា​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ក្រោម​ព្រះរាជ​តំរិះ​ផ្តួចផ្តើម​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ​។ អាង​ហែល​ទឹក​នេះ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​អំឡុង​ឆ្នាំ​១៩៦៧៕  

Tag:
 ​ហែល​ទឹក​
  ហែម គី​រី​
  អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com