អត្តពលិកជាតិ និងអន្តរជាតិជាង១ពាន់នាក់ហើយ បានចុះឈ្មោះចូលរួមរត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ។ ក្រៅពីអបអរទិវាបុណ្យសិទ្ធិនារី៨មីនា ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងជំរុញកំនើនស្ត្រីក្នុងវិស័យកីឡា។ ជាមួយគ្នានេះ គណៈកម្មការស្ត្រីនិងកីឡា ស្នើឲ្យស្ត្រីចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើន។
នៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ នឹងឈានចូលមកដល់។ គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានអត្តពលិកជាតិនិងអន្តរជាតិប្រមាណ១,៥០០នាក់ហើយ បានចុះឈ្មោះចូលរួម។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្នុងចំណោមចំណោមអ្នកចុះឈ្មោះទាំងនេះ ភាគច្រើនជាអត្តលិកកម្ពុជា ខណៈអត្តពលិកបរទេសមានប្រមាណ១០នាក់ប៉ុណ្ណោះ។ ពាក់ព័ន្ធបញ្ហាជនបរទេសចូលរួមតិចតួចនេះ ត្រូវបានលោក វ៉ាត់ ចំរើន អះអាងថា មិនមែនបណ្តាលមកពីបញ្ហាជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 នោះទេ។ លោកពន្យល់ថា៖«វាជាព្រឹត្តិការណ៍លើកទី១ដូច្នេះវាមិនទាន់ជ្រួតជ្រាបប៉ុន្មាននោះទេ។ យើងបើកចំហដែរ តែបរទេសគេមិនសូវចាប់អារម្មណ៍»។
គោលបំណងនៃព្រឹត្តិការណ៍នេះ ក៏ជាមូលហេតុមួយ ដែលរួមចំណែកធ្វើឲ្យអត្តពលិកបរទេសមិនសូវចាប់អារម្មណ៍ផងដែរ។ បើតាមលោក វ៉ាត់ ចំរើន គោលបំណងធំនៃព្រឹត្តិការណ៍នេះ គឺដើម្បីអបអរទិវាបុណ្យសិទ្ធិនារី(៨មីនា) លើកកម្ពស់សមភាពយេនឌ័រ និងជំរុញកំនើនស្ត្រីក្នុងវិស័យកីឡា។ ការផ្សព្វផ្សាយពីយុទ្ធនាការកម្ពុជាស្អាត(Cambodia Clean Up)ដើម្បីឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក៏ស្ថិតក្នុងគោលបំណងនៃព្រឹត្តិការណ៍នេះផងដែរ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះរំពឹងថា ព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រឆ្នាំនេះ នឹងអាចទាក់ទាញអត្តពលិកប្រមាណ៥ពាន់នាក់ឲ្យចូលរួម ខណៈការចុះឈ្មោះនឹងបន្តរហូតជិតដល់ថ្ងៃប្រកួត។ ការរត់ប្រណាំងនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ដោយចេញដំណើរនៅសួនច្បារមុខវត្តបទុមវតី។ តែទីតាំងនេះអាចមានការប្រែប្រួល។
លោកស្រី កុយ ពិសី ប្រធានគណៈកម្មការស្ត្រីនិងកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសង្ឃឹមឃើញចំនួនស្ត្រីច្រើនជាងបុរសចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ជាមួយគ្នានេះ លោក ស្នើឲ្យស្ត្រីចូលរួមព្រឹត្តិការណ៍នេះឲ្យបានច្រើន ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ បង្កើនចំណងសាមគ្គីភាព មិត្តភាព និងសុខភាព។
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបន្ថែមថា ការលេងកីឡាមិនត្រឹមតែជួយបង្កើនថាមពល និងពង្រឹងស្មារតីនោះទេ តែជួយឲ្យមនុស្សមានសុខភាពល្អ និងអាចជៀសផុតពីជំងឺផ្សេងៗ។ លោកស្រីយល់ថា ស្ត្រីជាឆ្អឹងខ្នងនៃប្រទេសជាតិ ជាប្រភពចំណូលនិងហិរញ្ញវត្ថុ និងជាប្រភពនៃសេចក្តីសុខក្នុងគ្រួសារនិងសង្គម។ ផ្ទុយទៅវិញបើស្ត្រីមានបញ្ហាសុខភាពនឹងអាចជះឥទ្ធិពលអាក្រក់ដល់គ្រួសារ សង្គម និងប្រទេសជាតិ។
ព្រឹត្តិការណ៍នេះមានពីរប្រភេទវិញ្ញាសា គឺរត់ចម្ងាយ១០គីឡូម៉ែត្រ និង៤គីឡូម៉ែត្រ។ សម្រាប់តម្លៃចុះឈ្មោះ គឺវិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រជនបរទេស២០ដុល្លារ ឯកម្ពុជា១២ដុល្លារ និង៤គីឡូម៉ែត្រជនបរទេស១៥ដុល្លារ កម្ពុជា៧ដុល្លារ៕