សម្ដេច ស ខេង​៖ បញ្ជា​ស្រាវជ្រាវ​ឲ្យ​ដល់​កម្រិត លើ​ការស្លាប់​របស់​ទារិកា ដែល​រស់នៅ​ជាមួយ​ម្ដាយ​ជាប់ឃុំ
ជាតិ
សម្ដេច ស ខេង​៖ បញ្ជា​ស្រាវជ្រាវ​ឲ្យ​ដល់​កម្រិត លើ​ការស្លាប់​របស់​ទារិកា ដែល​រស់នៅ​ជាមួយ​ម្ដាយ​ជាប់ឃុំ
20, Feb 2020 , 9:59 pm        
រូបភាព
សម្ដេច ស ខេង (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
សម្ដេច ស ខេង (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
​ភ្នំពេញ​៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​មានការ​ស្រាវជ្រាវ​ឲ្យ​ដល់​កម្រិត​លើ​ការស្លាប់​របស់​ទារិកា​ម្នាក់​អាយុ​៥​ខែ ដែល​រស់នៅ​ជាមួយ​ម្ដាយ ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​កាលពី​ថ្ងៃទី​២៦ កម​រា ឆ្នាំ​២០២០​។


 
​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​សង្កត់ធ្ងន់ថា សមត្ថកិច្ច​ត្រូវតែ​ស្រាវជ្រាវ​រក​ឲ្យ​កា​ឃើញថា ការស្លាប់​របស់​ទារិកា​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត គឺ​ពិតជា​ស្លាប់​ដោយសារ​ខ្វះ​អាហារូបត្ថម្ភ​ឬ​មកពី​អ្វី​ផ្សេងទៀត​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​បំភ្លឺ​សាធារណមតិ​។ 
 
«​ខ្ញុំ​បាន​បញ្ជា​ទៅ​អគ្គនាយកដ្ឋាន​ហើយ ស្រាវជ្រាវ​ឲ្យ​ដល់​កម្រិត ថា​តើ​ស្លាប់​ដោយសារ​អី ស្លាប់​ដោយ​​សារ​ខ្វះ​អាហារូបត្ថម្ភ ឬ​ដោយសារ​អ្វី​មួយទៀត យើង​ត្រូវធ្វើ​ឲ្យ​ដល់​កម្រិត ដើម្បី​បំភ្លឺ​សាធារណមតិ​» នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង​។ 
 
​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (​លីកាដូ​) បាន​រកឃើញ​ភាពមិនប្រក្រតី​ពី​ការស្លាប់​របស់​ទារក​អាយុ​៥​ខែ ដែល​រស់នៅ​ជា​ម្ដាយ​ជាំ​ប់​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ព្រៃ​ស​) ដោយមាន​បាក់​ឆ្អឹងភ្លៅ ខ្វះ​ព័ត៌មាន​ពី​នីតិវិធី​ច្បាប់​ចំពោះ​អ្នក​ជាប់ឃុំ និង​ការបញ្ជូន​កុមារ​និង​ស្រី្ត​ទៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​របាយការណ៍​រប​ស់​លីកាដូ ដែល​បាន​ផ្សាយ​លើ​គេហទំព័រ​នៅ​ថ្ងៃទី​១៨ កុម្ភៈ ឆ្នាំ​២០២០​។ 
 
​ពាកព័ន្ធ​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ កុម្ភៈ ឆ្នាំ​២០២០ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចាត់​មន្ត្រី​ខ្លួន ឲ្យ​ចុះទៅ​ស៊ើបអង្កេត​នៅ​មជ្ឈមណ្ឌល​កែប្រែ​ទី​២(​ព្រៃ​ស​) ក្រោយ​មាន​ករណី​ស្លាប់​ទារិកា​អាយុ​៥​ខែ​។ លទ្ធផល​បាន​បង្ហាញថា ទារិកា​នោះ​ពិតជា​ស្លាប់​ដោយសារ​រលាក​សួត​ធ្ងន់ធ្ងរ ប៉ុន្តែ​ជាមួយគ្នានេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស បានសម្រេច​ផ្តល់​មេធាវី​ជូន​ដល់​ស្ត្រី​ជាប់ឃុំ​ដែលជា​ម្តាយ​របស់​ទារិកា រួមទាំង​ការស្នើសុំ​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​៕ 

Tag:
 ទារក​
© រក្សាសិទ្ធិដោយ thmeythmey.com