អន្តរជាតិ
COVID-19៖ អ្នកស្លាប់ឡើងដល់២២៤៥នាក់ ដោយខេត្តហ៊ូប៉ីមានស្លាប់១១៥នាក់បន្ថែមទៀត
× អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់២២៤៥នាក់ ហើយ បើគិតត្រឹមម៉ោង៧ និង១៥នាទី ព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ នេះ ដោយខេត្តហ៊ូប៉ី មានអ្នកស្លាប់១១៥នាក់បន្ថែមទៀត។
ទិន្នន័យ Tracking Coronavirus របស់ BNO News បង្ហាញផងដែរថា តួលេខអ្នកជំងឺកើនឡើងដល់ជាង៧៦ ០០០នាក់ នៅប្រទេសចំនួន២៧ ដោយភាគច្រើនបំផុតនៅចិន ជាពិសេសនៅក្រុងវូហានដែលជាកន្លែងផ្ទុះជំងឺ។ អ្នកជំងឺប្រមាណ១២ ០០០នាក់ ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងប្រមាណជិត១៦ ០០០នាក់ បានសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
បច្ចុប្បន្ន អ្នកស្លាប់២២៣៧នាក់ស្ថិតក្នុងប្រទេសចិន ដោយភាគច្រើនបំផុតនៅក្រុងវូហាន ខេត្តហ៊ូប៉ី ហើយតំបន់រដ្ឋបាលពិសេសចិន គឺហុងកុងមាន២ករណី និងតៃវ៉ាន់មាន១ករណី។ក្រៅពីចិន មាននៅអ៊ីរ៉ង់២ករណី ជប៉ុន៣ករណី (អ្នកដំណើរលើនាវា Diamond Princess ២ករណី) ហើយក្រោយមកស្លាប់ទាំង២នាក់ បន្ទាប់មកមាន បារាំង ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ដែលមាន១ករណីរៀងៗខ្លួន។
ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៦ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ជប៉ុន (បញ្ចូលទាំងអ្នកជំងឺនៅលើនាវាទេសចរណ៍ Diamond Princess) ថៃ សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេស្ប៉ាញ បែលហ្ស៊ិក អេហ្ស៊ីប និងអ៊ីរ៉ង់៕
© រក្សាសិទ្ធិដោយ thmeythmey.com