ជាតិ
Westerdam នឹងចេញពីផែព្រះសីហនុដើម្បីលាងសម្អាត មុនវិលមកចាក់ប្រេងពិសេសវិញ
× នាវាទេសចរណ៍របស់អាមេរិក MS Westerdam នឹងចាកចេញពីកំពង់ផែព្រះសីហនុ នៅថ្ងៃទី២២កុម្ភៈ ស្អែកនេះ ដើម្បីលាងសម្អាតនាវានោះ រយៈពេលមួយថ្ងៃពេញ។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមិនបានបញ្ជាក់ថា លាងនៅទីណានោះឡើយ ប៉ុន្តែ Westerdam នឹងវិលមកកំពង់ផែព្រះសីហនុវិញ នៅថ្ងៃអាទិត្យ ដើម្បីចាក់ប្រេងពិសេស។
ក្នុងសន្និសីទសារព័ត៌មាននស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១កុម្ភៈនេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា នាវា Westerdam ក្រោយវិលចូលកំពង់ផែព្រះសីហនុនៅថ្ងៃទី២៣កុម្ភៈវិញ នឹងត្រូវបន្តនៅកម្ពុជា ពីរឬបីថ្ងៃទៀត ដោយរង់ចាំចាក់ប្រេងពិសេស ដើម្បីបន្តការធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួនវិញ។
នាវាទេសចរណ៍របស់អាមេរិក MS Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ កាលព្រឹកថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២០ ក្រោយមានការបដិសេធមិនឱ្យចត ពីប្រទេសជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ ដោយព្រួយបារម្ភពីបញ្ហាឆ្លងជំងឺរលាកសួត COVID-19។ នាវានេះ ផ្ទុកមនុស្សសរុប ២២៥៧នាក់ ក្នុងនោះអ្នកដំណើរ ចំនួន១,៤៥៥នាក់ និងនាវិកបុគ្គលិកនាវា ៨០២នាក់។
អ្នកដំណើរត្រូវបានរៀបចំឲ្យចេញដំណើរជាបន្តបន្ទាប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួន ក្រោយពិនិត្យឃើញអវិជ្ជមាននៃមេរោគ COVID-19។ បច្ចុប្បន្ន បុគ្គលិកប្រមាណ ៧០០នាក់ ស្ថិតនៅក្នុងនាវា ដោយមិនទាន់មានការបញ្ជាក់ថា ពួកគេទាំងអស់ត្រូវវិលត្រឡប់ទៅតាមនាវាវិញ ឬមួយចំនួនត្រូវចេញដំណើរតាមយន្តហោះនោះឡើយ៕
Tag:
Westerdam
COVID-19
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com