ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មន្ទីរពេទ្យ​កុមារ​អង្គរ មានកម្ម​វិធី​បង្រៀន ពី​របៀប​ថែទាំ​កូន និង​ការបង្ការ​ជំងឺ​ផ្សេងៗ​
22, Feb 2020 , 8:59 am        
រូបភាព
​សៀមរាប​៖ វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រ ឬ Science Café ជា​គម្រោង​មួយ​ដែល​ត្រូវ​បង្កើតឡើង​ដោយ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ វេទិកា​នេះ គឺ​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​អាណាព្យាបាល​ដែល​មានកូន​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ឱ្យ​ផ្តល់​ការការពារ និង​ថែទាំ​កុមារ​មិនឱ្យ​ឈឺ និង​ចេះ​ថែទាំ​ពេល​កុមារ​ឈឺ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​
 
 
​វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រ បាន​បង្កើតឡើង​រយៈពេល​៣​ឆ្នាំ​មកហើយ គឺ​តាំងពី​ឆ្នាំ​២០១៦​មក ដោយមាន​កម្មវិធី​បង្រៀន​ជាប្រចាំ សម្រាប់​ចែករំលែក​ចំណេះដឹង​សុខភាព ដល់​មាតាបិតា​ដែល​នាំ​កូន​មក​ព្យាបាល​ជំងឺ ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​។ វេទិកា​នេះ ដូចជា​ថ្នាក់រៀន​មួយ​ដូច្នោះ​ដែរ​ដែល​បង្រៀន​មេរៀន​ពី​ជំងឺ​ផ្សេងៗ​ដែល​ងាយ​កើត​លើ​កុមារ​តូចៗ និង​របៀប​ថែទាំ​។​
 
​កញ្ញា ប៉ុល ស្រីមុំ អ្នកស្រាវជ្រាវ​ការិយាល័យ​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ Oxford ប្រចាំ​ប្រទេស​កម្ពុជា នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​បានឱ្យដឹងថា គោលបំណង​នៃ​វេទិកា​នេះ​គឺ​ផ្តល់​ភាពជិតស្និទ្ធ​រវាង​គ្រូពេទ្យ​និង​អាណាព្យាបាល​កុមារ បង្កើន​ការយល់ដឹង​បន្ថែម​ពី​សុខភាព​កុមារ​ក៏ដូចជា​ជំងឺ​ផ្សេងៗ​ដែល​កំពុង​កើតមាន​។ រយៈពេល​៣​ឆ្នាំ​មកនេះ វេទិកា​នេះ​បាន​អញ្ជើញ​គ្រូពេទ្យ​តាម​ឯកទេស​ជាច្រើន​សម្រាប់​ការធ្វើ​បទ​បង្ហាញ និង​ផ្តល់​ចំណេះដឹង​ផ្នែក​ថែទាំ​កុមារ​ដល់​អាណាព្យាបាល ហើយ​មេរៀន​មួយចំនួន​គឺ​បាន​ពី​ការសម្ភាស​អាណាព្យាបាល​ដែល​ពួកគេ​មាន​ចម្ងល់ និង​ចង់ដឹង​បន្ថែម​ពី​អាកា​រៈ​ជំងឺ និង​របៀប​ថែទាំ​ឱ្យបាន​ល្អប្រសើរ​។ ការបង្រៀន​នេះ​ក៏​ផ្តោតលើ​ជំងឺ​តាម​រដូវ​កាលដែល​ឧស្សាហ៍​កើត​លើ​កុមារ​ដូចជា​ជំងឺ​ផ្ដាសាយ គ្រុន​ឈាន និង​កង្វះ​អាហារូបត្ថម្ភ​ជាដើម​។​


សកម្មភាពបង្រៀន(រូបភាពផ្តល់ដោយ​មន្ទីរពេទ្យកុមារអង្គរ)
 
​ក្រុមការងារ​នៃ​វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រ​បាន​ចុះ​ផ្តល់ព័ត៌មាន​នៅ​រៀងរាល់​២​ខែម្ដង​ទៅកាន់​ឪពុកម្ដាយ​ដែល​មានកូន​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដើម្បីឱ្យ​ពួកគេ​បានដឹង​ពី​កម្មវិធី​បង្រៀន​។ ការចូលរួម​ដោយ​ការស្ម័គ្រចិត្ត​នេះ មានការ​បង្រៀន​នូវ​មេរៀន​ផ្សេងៗ​ដោយ​ប្រើប្រាស់​រូបភាព​បង្ហាញ​ដើម្បីឱ្យ​ពួកគាត់​ងាយ​យល់ និង​ចាប់បាន​។ វេទិកា​នេះ​មាន​រយៈពេល​មួយ​ម៉ោង ហើយ​ការរៀន​គឺ​ត្រឹម​កន្លះ​ម៉ោង​ប៉ុណ្ណោះ ក្រៅពីនេះ​គឺជា​ការជជែក និង​ការសន្ទនា​រវាង​គ្រូពេទ្យ​និង​អ្នករៀន​។​
 
​អ្នកស្រី ចាន់ លី​ណា ដែល​បាន​ចូលរួម​ក្នុង​វេទិកា​កាហ្វេ​វិទ្យាសាស្ដ្រ​បាន​និយាយថា កម្មវិធី​នេះ​ពិតជា​ល្អ និង​មាន​សារសំខាន់ និង​ធ្វើឱ្យ​អ្នកស្រី​ទទួលបាន​ចំណេះដឹង​ថ្មី​បន្ថែម​ទាក់ទង​នឹង​អនាម័យ​ថែទាំ​កូន​។ អ្នកស្រី លី​ណា ថា​ខ្លួន​នឹង​អនុវត្តន៍​តាម​ការណែនាំ​របស់​គ្រូពេទ្យ ដើម្បីឱ្យ​សុខភាព​របស់​កូន​អ្នកស្រី​ល្អ និង​មិន​ឈឺ​។​
 
​លោក​វេជ្ជបណ្ឌិត មី​លី​យ៉ា ធី ដែល​ធ្វើជា​គ្រូឧទ្ទេស​ក្នុង​វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រ​កាលពីពេល​ទៅ​ថ្មីៗ​នេះ បាន​និយាយថា លោក​បាន​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​ជំងឺ​ដែល​កើតឡើង​តាម​រដូវ​កាល​ទាំង​រដូវប្រាំង​និង​វស្សា​។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា រដូវ​កាល​ទាំងពីរ​នេះ​តែង​កើត​ជំងឺ​ផ្សេងៗ​គ្នា​ដែល​អាណាព្យាបាល​គួរស្វែងយល់ ពិសេស​ជំងឺ​ផ្ដាសាយ និង​ជំងឺគ្រុនឈាម​ដែល​តែង​កើត​លើ​កុមារ បើ​មិនមាន​ការថែទាំ​ត្រឹមត្រូវ​។​


សកម្មភាពបង្រៀន(រូបភាពផ្តល់ដោយ​មន្ទីរពេទ្យកុមារអង្គរ) 
​សម្រាប់​លោក​វេជ្ជបណ្ឌិត មី​លី​យ៉ា ការយល់ដឹង​ពី​ជំងឺ​ជាមុន​ពិតជា​សំខាន់​ណាស់​សម្រាប់​ឪពុកម្ដាយ ព្រោះ​ដើម្បីឱ្យ​ពួកគេ​មាន​អនាម័យ និង​ចេះ​ថែទាំ​កុមារ​កុំឱ្យ​ឈឺ​។ លោក​ថា ការការពារ​ប្រសើរ​ជាង​ការព្យាបាល ហើយ​លោក​ជឿថា អាណាព្យាបាល​ទាំងអស់​នឹង​យកចំណេះ​ដឹង​ដែល​បាន​រៀន​ពី​គ្រូពេទ្យ​ទៅ​អនុវត្តន៍​ប្រសិន​ពួកគេ​ស្រឡាញ់​សុខភាព​កូន​។​
 
​កញ្ញា ប៉ុល ស្រីមុំ យល់ថា វេទិកា​នេះ​មាន​សារសំខាន់ និង​ជា​ឱកាស​ដែល​ឱ្យ​វាគ្មិន​ជា​គ្រូពេទ្យ​មាន​ពេល​ផ្តល់ព័ត៌មាន​កាន់តែ​លម្អិត​ទាក់ទង​នឹង​ជំងឺ រីឯ​អ្នកជំងឺ ពួកគេ​មានឱកាស​ជជែក​វែកញែក​ទាក់ទង​នឹង​អាកា​រៈ​ជំងឺ​កូន និង​មាន​សំណួរ​ទាក់ទង​នឹង​ជំងឺ​របស់​កូន​៕
 

​សកម្មភាពបង្រៀន(រូបភាពផ្តល់ដោយ​មន្ទីរពេទ្យកុមារអង្គរ)

Tag:
 វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រ​
  មន្ទីរពេទ្យ​កុមារ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com