ពីនេះ ពីនោះ
រូបត្លុក
កាហ្វេ​ថ្មីៗ​៖ ស្លៀកពាក់​«​ខោអាវ​ក្នុង​»​ថត​Live អាច​ជំរុញ​ការជួញដូរ​ផ្លូវភេទ​
21, Feb 2020 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
​ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ដែល​បិទ​ការផ្សព្វផ្សាយ​ផ្ទាល់ (Live) របស់​ស្ត្រី​អ្នកលក់​ផលិតផល​អន​ឡាញ​មួយចំនួន​ដោយ​ការបញ្ចេញ​រាងកាយ​សិច​ស៊ី នៅតែ​ជា​ប្រធានបទ​នៃ​ការជជែក​គ្នា​តាម​បណ្តាញ​សង្គម ដូច​រឿង​មេរោគ Covid-19 ដែរ​។ សុធីរ និង​សំណាង ក៏​ជជែក​រឿងនេះ​ដោយ​នៅតែមាន​ចំងល់​ថា ហេតុអ្វី​បានជា​ខាង​អង្គការ​សង្គម​ស៊ីវិល​យល់ឃើញថា ការហាមឃាត់​ស្ត្រី​ខ្មែរ​មិនឱ្យ​ស្លៀកពាក់​លេច​លើ​លិច​ក្រោម ហើយ​ថត​បង្ហាញ​ខ្លួនឯង​ជា​សាធារណៈ ហើយ​ពេលខ្លះទៀត​ប្រើប្រាស់​ពាក្យ​ជេរប្រទេច​គ្នា អសុរោះ​ទៀតផង​នោះ ជាការ​រំលោភសិទ្ធិ​ទៅវិញ​?

 
​សុធីរ​៖ មើល​អា​សំណាង អ្ហែង​យល់​យ៉ាងម៉េច​ដែរ រឿង​បង្ក្រាប​ស្រីៗ Live លក់​ឡេ​ហ្នឹង​? ប៉ះពាល់​សេចក្តីថ្លៃថ្នូរ​សង្គម ឬ​ជា​សិទ្ធិ​បុគ្គល សិទ្ធិ​ស្ត្រី​?

​សំណាង​៖ អ្ហែង​សួរ​គំនិត​អញ អញ​ឆ្លើយ​គំនិត​អញ​។ អញ​យល់ស្រប​ថា​ស្លៀកពាក់​ជា​សិទ្ធិ​បុគ្គល​។ ហើយ​អញ​ក៏​យល់ស្រប​ដែរ បើ​គេ​ស្លៀក​ឈុត​ប៊ី​គី​នី​ហែល​ទឹក​នៅតាម​ឆ្នេរសមុទ្រ វា​ជា​សិទ្ធិ​របស់គេ​។ ប៉ុន្តែ​ពាក់អាវ​ទ្រនាប់ ខោ​ទ្រនាប់ ស្ទើរ​ចេញ​កេរ​ភេទ ក្នុង​នៅមុខ​កាមេរ៉ា​ដើម្បី​ផ្សព្វផ្សាយ​លក់ដូរ​ផលិតផល វា​ជា​រឿង​ដែល​ត្រូវ​ពិចារណា​អំពី​សីលធម៌​។ ពាក្យ​គន្លឹះ​ក្នុង​រឿងនេះ គឺ​ផ្សព្វផ្សាយ ហើយ​ផ្សព្វផ្សាយ​រាល់ថ្ងៃ​ដោយ​គ្មាន​ការទទួលខុសត្រូវ​ផ្នែក​សីលធម៌​។ នៅពេល​សារព័ត៌មាន​ផ្សាយ​រូប​អាសអាភាស ក្រុម​សង្គម​ស៊ីវិល និង​មហាជន​រិះគន់​សារព័ត៌មាន​នោះ​ថា គ្មាន​សីលធម៌​។ ដល់ពេល​ស្រីៗ​ស្លៀកពាក់​បញ្ចេញ​សាច់​លើ សាច់​ក្រោម ក្រុម​សិទ្ធិមនុស្ស​ថា អានេះ​សិទ្ធិ​បុគ្គល​វិញ​។ នេះ​អញ​មិនទាន់​និយាយ​រឿង សុំច្បាប់​លក់​តាម​អន​ឡាញ ផង​។ ច្បាប់​ទើប​ចេញ​ថ្មីៗ​១​ខែ ២​ខែ​មុននេះ​ទេ​។ កាល​មុន​សម្បូរ​ហាង​កាហ្វេ​បញ្ចាំង​រឿង​អាសអាភាស សម្បូរ​តូប​លក់​ឌី​ស​វីដេអូ​អាសអាភាស​នៅតាម​ផ្សារ ក្រុម​សង្គម​ស៊ីវិល អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បង្ក្រាប ព្រោះ​ការណ៍​ទាំងនោះ​ហើយ ដែល​ជំរុញឱ្យមាន​ករណី​រំលោភ​ផ្លូវភេទ​។ ឥឡូវ ត្រឹម​ស្លៀកពាក់ ស្ទើរ​ស្រាត ជា​សិទ្ធិ​បុគ្គល​ក្នុងការ​ស្លៀកពាក់​។ អញ​មិន​យល់ស្រប​ទេ​។ 
 
​សូ​ធីរ​៖ អញ​គិត​ដូច​អ្ហែង​ដែរ​។ អញ​ក៏​មើល​ដែរ​វើ​យ ហើយ​ពេលខ្លះ ពួកគេ​និយាយ​ពាក្យ​ជេរប្រទេច​គ្នា​ជាមួយ​ពាក្យពេចន៍​អាក្រក់ៗ តាម​វីដេអូ Live ដែលមាន​មនុស្ស​កំពុង​មើល​រាប់ពាន់នាក់​។ ប៉ុន្តែ អញ​គិត​ឆ្ងាយ​ជាង​នេះ​។ អាចមាន​បច្ច័យ​អាក្រក់​២ ដែល​ចេញពីរ​ការលក់ដូរ​អន​ឡាញ​នេះ​។ ទីមួយ គឺ​ការជួញដូរ​ផ្លូវភេទ​។ ទី​ពីរ សព្វថ្ងៃនេះ ស្ត្រី​កាន់តែច្រើន បាន​ចេញមក​លក់ដូរ​បែបនេះ​។ អញ​មិនដឹង​ចំនួន​ប៉ុន្មាន​ទេ តែ​យើង​អាច​ឃើញថា សម្បូរ​។ ដូច្នេះ អញ​បារម្ភ​ថា ក្មេងស្រី​ជំទង់ៗ​នៅតាម​ជនបទ មើលឃើញ​គំរូ​បែបនេះ ព្រោះ​វា​ស្រួល​ធ្វើ​ពេក​។ ទូរ​សព្ទ​មួយគ្រឿង សេវា​អ៊ីនធឺណិត​មាន​គ្រប់កន្លែង បណ្តាញ​យក​ផលិតផល​មក​លក់​ក៏​សម្បូរ ហើយ​មនុស្ស​ស្រី​ដែល​ប្រើប្រាស់​គ្រឿង​បំប៉ន​សម្រស់​ក៏​កាន់តែច្រើន​។ យូរៗ ក្មេងស្រីៗ ឡើងមក​ធ្វើ​អីចឹង​គ្រប់គ្នា​ហើយ​។ អញ​គ្រាន់តែ​យល់ស្រប​ចំពោះ​ការចាត់វិធានការ ប៉ុន្តែ​អាជ្ញាធរ​ក៏ត្រូវ​អនុវត្តតាម​នីតិ​ច្បាប់​ត្រឹមត្រូវ​ដែរ​។​

​សំណាង​៖ អ្ហេ រឿង​ហ្នឹង​ច្បាស់​ណាស់​។ វិធានការ​ដោះស្រាយ​បញ្ហា​ជា​រឿង​មួយ រីឯ​ការអនុវត្ត​នីតិ​វិធី ជា​រឿង​របស់​ប៉ូលិស ត្រូវធ្វើ​តាមច្បាប់​ត្រឹមត្រូវ មិនមែន​ចាប់​ថត​បង្ហោះ​រូបគេ​អ៊ីចឹង​ទេ​។ ប៉ូលិស​យើង​សព្វថ្ងៃនេះ រហ័ស​ណាស់​រឿង​បង្ហោះ​រូបគេ​ហ្នឹង​។ សរុប​មកវិញ បើទោះជា​គ្មាន​ការផ្តល់​និយមន័យ​ច្បាស់លាស់​ថា អ្វី​ទៅជា​ការប៉ះពាល់​សីលធម៌ សេចក្តីថ្លៃថ្នូរ​របស់​ស​ង្គ​ម របស់​ស្ត្រី ដូច​ការលើកឡើង​រប​ស់​ក្រុម​អង្គការ​ក៏ដោយ តែ​អញ​ក៏​មិន​ជឿថា អង្គការ​ទាំងនោះ​យល់ស្រប​ឱ្យមាន​ស្ត្រី​ម្នាក់​ស្លៀក​ប៊ី​គី​នី​ដើរ​តាមផ្លូវ ឬ​ដើរចូល​ផ្សា​រដែរ​។ ថត Live ខ្លួនឯង​ដែលមាន​មនុស្ស​កំពុង​មើល​រាប់ពាន់នាក់ មានអី​ខុសពី​ស្លៀកពាក់​អីចឹង​ដើរ​តាមផ្លូវ​អ្ហា​?
 
​សុធីរ​៖ ហ្នឹង​គំនិត​ពួកយើង​ទេ​។ អ្ហែង​និង​អញ​ជជែក​គ្នា​តែ​ពីរ​នាក់​បាន​។ ហ៊ាន​តែ​យកទៅ​ផ្សាយ អាច​ត្រូវគេ​ចោទប្រកាន់ វិនិច្ឆ័យ កាត់ទោស​អ្ហែង​ពេញ​ហ្វេ​ស​ប៊ុ​កទៀត​។ ស្រុក​យើង​ឥឡូវ សម្បូរ​អ្នកច្បាប់​ណាស់​។ នៅ​ពេញ​តែ​ផ្លូវ​ហ្នឹង​។ មាន​ទូរ​សព្ទ​មួយ បញ្ចូល​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​ហើយ កាត់ទោស​អ្ហែង​បាន​ហើយ​!!! 

© រក្សាសិទ្ធិដោយ thmeythmey.com