អន្តរជាតិ
ចិន នឹង​ជួយ​ប្រទេស​ផ្នែក​ខាងក្រោម​លើ​ការគ្រប់គ្រង​ទន្លេមេគង្គ​
21, Feb 2020 , 12:29 pm        
រូបភាព
ប្រមុខការទូតចិន វ៉ាង យី នាកិច្ចប្រជុំនៅឡាវ។ រូបភាព Xinhua
ប្រមុខការទូតចិន វ៉ាង យី នាកិច្ចប្រជុំនៅឡាវ។ រូបភាព Xinhua
​ខណៈ​ប្រទេស​មេគង្គ​ក្រោម​ជួប​បញ្ហា​ខ្វះខាត​ទឹក ចិន​បាន​ជួយ​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​ការបញ្ចេញ​ទឹកទន្លេ​ឲ្យ​បាន​ច្រើន​ចេញពី​មេគង្គ​ក្នុង​ព្រំដែន​របស់ខ្លួន​។ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ប្រកាស​បែបនេះ​អំឡុង​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (MLC) នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ដែល​ឡាវ​ជា​ម្ចាស់ផ្ទះ​។ លើសពីនោះ ចិន​ក៏​ត្រៀម​ចែករំលែក​ព័ត៌មាន​ពី​ជល​សាស្ត្រ​របស់​ទន្លេមេគង្គ​ទៅកាន់​ប្រទេស​សមាជិក​ឯទៀត​ផងដែ​រ​។​

 
​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នៅ​ថ្ងៃទី​២០ បើក​កិច្ចប្រជុំ​លើក​ទី​៥ របស់ខ្លួន​នៅ​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ​។ ប្រមុខ​ការទូត​មកពី​កម្ពុជា ឡាវ វៀតណាម មី​យ៉ាន់​ម៉ា ចិន និង​ថៃ បាន​ចូលរួម​ក្នុង​ប្រជុំ​លើក​នេះ ដែល​ធ្វើឡើង​ខណៈដែល​ប្រទេស​មេគង្គ​កំពុង​ជួប​បញ្ហា​ខ្វះខាត​ទឹក ដ្បិត​ភាពរាំងស្ងួត​បានអូសបន្លាយ​យូរ និង​វត្តមាន​ទំនប់​វា​រី​អគ្គិសនី​កាន់តែច្រើន​តាម​បណ្ដោយ​ទន្លេ​ដ៏​វែង​មួយ​នេះ​។​
 
​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ដែល​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​ជាមួយ​សម​ភាគី​ឡាវ បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ថា ភ្លៀង​តិចតួច ជា​មូលហេតុ​សំខាន់​ដែល​នាំ​ឲ្យ​កើត​គ្រោះរាំងស្ងួត ហើយ​ចិន​ក៏​រងគ្រោះ​ដូចគ្នា​ដែរ មិនមែន​តែ​ប្រទេស​ខាងក្រោម​ឡើយ​។ ប៉ុន្តែ លោក វ៉ាង យី អះអាងថា ចិន​បាន​ជម្នះ​ការលំបាក​នេះ ហើយ​ត្រៀម​ជួយ​ប្រទេសជិតខាង​តាម​បណ្ដោយ​ទន្លេមេគង្គ​។​
 
«​ចិន​បាន​ពុះពារ​ការលំបាក​ដោយ​ខ្លួនឯង និង​បាន​បង្កើន​ការបញ្ចេញ​ទឹក​ពី​ទន្លេ​ឡាន​ឆាង​ដើម្បី​ជួយ​ប្រទេស​មេគង្គ​ដោះស្រាយ​គ្រោះរាំងស្ងួត​។​» នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​ការទូត​ចិន​ចំពោះមុខ​សម​ភាគី​មកពី​ប្រទេស​៥​ទៀត​។ ឡាន​ឆាង ជា​ឈ្មោះ​ដែល​ចិន​ហៅ​សំដៅ​ទន្លេមេគង្គ​ដែល​ហូរ​កាត់​ទឹកដី​ខ្លួន​។ បើតាម​លោក វ៉ាង ប្រទេស​ទាំងអស់ ក៏​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់ MLC សំដៅ​ធានា​ការប្រើប្រាស់​ធនធានទឹក​ឲ្យ​មាន​ចីរភាព​។​
 
​បើទោះជា​ភ្លៀង​រួមចំណែក​ច្រើន​លើ​ការផ្គត់ផ្គង់​ទឹក​ក្ដី វត្តមាន​ទំនប់​វា​រី​អគ្គិសនី​ជាច្រើន​នៅតាម​បណ្ដោយ​ទន្លេមេគង្គ កំពុង​បង្ក​ការគំរាមកំហែង​ខ្លាំង​ប្រទេស​នៅ​ខាងក្រោម​។ ក្នុងការ​វិភាគ​របស់​ស្ថាប័ន Fitch Solutions Macro Research ការរស់នៅ​របស់​ប្រជាជន​ក្នុងប្រទេស​មេ​ងគ្គ នឹងត្រូវ​ផ្លាស់ប្ដូរ​ស្ទើរ​ទាំងស្រុង​ដោយសារ​ការសាងសង់​វា​រី​អគ្គិសនី​របស់​ឡាវ​នៅ​ប៉ុន្មាន​ទសវត្សរ៍​ទៅមុខ​។ ការបាត់បង់​ត្រី និង​បញ្ហា​កសិកម្ម នឹង​បង្ខំ​ឲ្យ​ប្រទេស​ខ្លះ​នាំចូល​ទំនិញ​បន្ថែម ហើយ​បញ្ហា​សេដ្ឋកិច្ច​នឹងមាន​មិន​ខាន​។​
 
​រយៈពេល​បួន​ខែ​ចុង​ក្រោយនេះ ឡាវ​បាន​បើក​វា​រី​អគ្គិសនី​ចំនួន​បួន​លើ​ផ្ទៃ​ទន្លេមេគង្គ ហើយ​ឆ្នាំនេះ នឹង​បើក​ការដ្ឋាន​សាងសង់​ទំនប់​មួយទៀត​នៅក្បែរ​ទីក្រុង​ហ្លួងព្រះបាង​។ ដ្បិត​ទំនប់​ទាំងនេះ​ជួយ​ឡាវ​លើ​វិស័យ​ថាមពល និង​សេដ្ឋកិច្ច​ក្ដី ផលប៉ះពាល់​ខ្លាំងក្លា​លើ​ប្រព័ន្ធ​ជីវចម្រុះ​ទន្លេមេគង្គ នឹង​ប៉ះពាល់​មិនតិច​ឡើយ​ប្រជាជន​នៅ​ផ្នែក​ខាងក្រោម​ដូចជា​កម្ពុជា និង​វៀតណាម​ជាដើម​៕

Tag:
 ចិន​
  មេគង្គ​
  MLC
© រក្សាសិទ្ធិដោយ thmeythmey.com