អន្តរជាតិ
Holland America Line លុប​ដំណើរ​កម្សាន្ត​៤​ជើង​នៅ​អាស៊ី ព្រោះ​បារម្ភ​គ្មាន​អ្នក​ព្រម​ឲ្យ​ចត​
21, Feb 2020 , 7:19 pm        
រូបភាព
នាវាទេសចរណ៍ MS Westerdam របស់ក្រុមហ៊ុន Holland America Lind ចតនៅកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា ថ្ងៃ១៣ កុម្ភៈ ២០២០ (AFP)
នាវាទេសចរណ៍ MS Westerdam របស់ក្រុមហ៊ុន Holland America Lind ចតនៅកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា ថ្ងៃ១៣ កុម្ភៈ ២០២០ (AFP)
ដោយ:
​ក្រុមហ៊ុន Holland America Line ប្រកាស​លុបចោល​ដំណើរ​កម្សាន្ត​នៅ​អាស៊ី​ចំនួន​៤​ជើង​។ មូលហេតុ​នៃ​ការសម្រេចចិត្ត​នេះ ធ្វើឡើង​ដោយ​បារម្ភ​ថា ប្រទេស​ក្នុង​តំបន់ ទំនង​មិន​យល់ព្រម​ទទួលយក​នាវា​ទេសចរណ៍​ឲ្យ​ចូល​ចត ខណៈ​តំបន់​អាស៊ី កំពុង​គំរាមកំហែង​ដោយ​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។​

 
«​ព្រោះតែ​ភាពមិនច្បាស់លាស់​ពាក់ព័ន្ធ​កំពង់ផែ​នានា​លើ​ការទទួលយក​នាវា​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី ក្រុមហ៊ុន Holland American Line បានសម្រេច​ចិត្ត​លុបចោល​ដំណើរ​កម្សាន្ត​តាម Westerdam ចំនួន​៤​ជើង ដែល​គ្រោង​ចាប់ផ្តើម​នា​ខែមីនា និង​ខែមេសា ឆ្នាំ​២០២០»​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Holland America Line ចុះផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២១ ខែកុម្ភៈ​។​
 
​ដំណើរ​កម្សាន្ត​ទាំង​៤​ជើង​ដែល​បាន​លុបចោល​នេះ គឺមាន​ដូចជា​៖ ជើង​ទី​១​គឺ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃ​២៨ ខែមីនា ដោយមាន​ទិសដៅ​ប្រទេស ២ គឺ កូរ៉េខាងត្បូង និង​ជប៉ុន​។ ជើង​ទី​២​គឺ​ចាប់​ពីថ្ងៃ​២៨ ខែ​២៨ ខែមីនា​ដល់​ថ្ងៃ​១១ ខែមេសា ដោយមាន​ទិសដៅ​តែមួយគត់​គឺ​ជប៉ុន ដោយ​បើក​កម្សាន្ត​នៅ Yokohama​។ ជើង​ទី​៣ គឺ​ចាប់​ពីថ្ងៃ​១១ ដល់​ថ្ងៃ​២៥ មេសា ដោយមាន​ទិស​ទៅ​ប្រទេស ២​គឺ​ជប៉ុន និង​រុស្ស៊ី​។ ជើង​ទី​៤ គឺ​ចាប់​ពីថ្ងៃ​២៥ ខែមេសា ដល់​ថ្ងៃ​១០ ឧសភា ដោយមាន​ទិសដៅ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងជើង​។​
 
«​យើង​ពុំ​ចង់​ធ្វើ​ឲ្យ​ភ្ញៀវ​របស់​យើង​ខកចិត្ត​ឡើយ​។ យ៉ាងណាក៏ដោយ យើង​គ្មាន​ទំនុកចិត្ត​ទេ​ថា យើង​អាច​ផ្ដល់ជូន​នូវ​បទពិសោធ​ដើរ​កម្សាន្ត​តាម​នាវា​ទេសចរណ៍ ដែល​អ្នក​គ្រប់គ្នា​រំពឹងទុក​ឡើយ​»​។ ក្រុមហ៊ុន Holland America Line បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខ្លួន ដោយ​លើកឡើង​ពី​ការតាមដាន​យ៉ាង​ដិតដល់​ពី​ស្ថានការណ៍​ដែល​កំពុង​វិវត្តន៍​ក្នុង​តំបន់​អាស៊ី ព្រោះតែ​ក្តីកង្វល់​ជុំវិញ​ជំងឺ COVID-19 ។​
 
​យ៉ាងណាមិញ ក្រុមហ៊ុន​ម្ចាស់​នាវា​ទេសណ៍ Westerdam នេះ សង្កត់ធ្ងន់ថា ភ្ញៀវ​ទាំងអស់ នឹង​ទទួលបាន​ប្រាក់​បង់ថ្លៃ​នាវា​ពេញ​វិញ​។ ហើយ​ភ្ញៀវ​នីមួយៗ ក៏​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​នាពេល​អនាគត ចាប់ពី​២៥ ទៅ ៥០​ភាគរយ ផងដែរ ដោយ​អាស្រ័យ​លើ​លក្ខខណ្ឌ​មួយចំនួន​នៅពេល​កក់​សំបុត្រ​។​
 
​សូមបញ្ជាក់ថា នាវា​ទេសចរណ៍​អាមេរិក Westerdam ដែល​ត្រូវបាន​បដិសេធ​ដោយ​ប្រទេស​និង​កោះ​ចំនួន ៥ ចុងក្រោយ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា​យល់ព្រម​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ខ្លួន​។ ការបដិសេធ​របស់​ប្រទេស​និង​តំបន់​ទាំងនេះ រួមមាន ថៃ និង​ជប៉ុន ជាដើម ធ្វើឡើង​ព្រោះ​ហេតុផល​ថា ខ្លាច​អ្នក​នៅលើ​នាវា​នោះ​មាន​ផ្ទុក​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ចំណែក​ការសម្រេច​ឲ្យ​ចូល​ចត​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឡើង​ដោយ​ឈរលើ​បុព្វហេតុ​មនុស្សធម៌​៕

Tag:
 សហរដ្ឋអាមេរិក​
  អាស៊ី​
  Westerdam
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com